ជាតិ
សង្គមជាតិ
លោក ហេង សំរិន បន្ត​លើកឡើងថា គ្មាន ២ ធ្នូ​និង ៧ មករា គ្មាន​សមិទ្ធផល​បច្ចុប្បន្ន
02, Dec 2015 , 10:59 am        
រូបភាព
ដោយ:
ភ្នំពេញ៖ មិន​ខុសគ្នា​ពីឆ្នាំមុនៗឡើយ លោក ហេង  សំរិន នៅ​បន្ត​លើកតម្កើង​ថ្ងៃកំណើត​រណសិរ្ស ២ធ្នូ ឆ្នាំ១៩៧៨ និង​ជ័យជំនះ ៧មករា ឆ្នាំ១៩៧៩ នៅក្នុង​មី​ទ្ទិញ​សាទរ​ខួប​លើក​ទី ៣៧ នៅ​ថ្ងៃទី២ ធ្នូ ឆ្នាំ២០១៥នេះ។



លោក ហេង សំរិន ប្រធានកិត្តិយស គណបក្ស​ប្រជាជន​កម្ពុជា ថ្លែង​លើកតម្កើង​ថ្ងៃ២ធ្នូ និង​ថ្ងៃ៧មករា យ៉ាង​ដូច្នេះ​ថា៖«មហា​ជ័យជំនះ ៧មករា ឆ្នាំ១៩៧៩ បានបញ្ចប់​នូវ​សម័យកាល​ដ៏​ខ្មៅ​ងងឹត​បំផុត។ ប្រជាជន​កម្ពុជា​យើង​ក៏បាន​ទទួល មកវិញ​នូវ​សិទ្ធិសេរីភាព និង​ឱកាស ដើម្បី​ស្តារ និង​កសាង​មាតុភូមិ​របស់ខ្លួន​ឡើងវិញ។ ប្រជាជន​យើង​គ្រប់រូប សុទ្ធតែ​យល់ច្បាស់​ថា បើ​គ្មាន​ថ្ងៃកំណើត​រណសិរ្ស ២ធ្នូ និង​ជ័យជំនះ ៧មករា​ទេនោះ យើង​ក៏គ្មានអ្វីៗដូច​ថ្ងៃ​នេះដែរ។ នេះ​គឺជា​សច្ចធម៌ នៃ​ប្រវត្តិសាស្ត្រ»។

ជាមួយគ្នា​ដែរ លោក ហេង សំរិន បាន​អំពាវនាវ​ដល់​គណៈកម្មាធិកា​រ​គណបក្ស​ប្រជាជន​គ្រប់ ថ្នាក់ មន្ត្រីរាជការ សមាជិក សមាជិកា​សកម្ម បន្ត​លើកកម្ពស់​ថែរក្សាសាមគ្គីភាព ឯកភាព​ផ្ទៃ ក្នុង​ប្រកាន់ខ្ជាប់​ប្រពៃ​ស្នេហា​ជាតិ ផ្សារភ្ជាប់​ជាមួយ​ប្រជាជន ហើយ​ខិតខំ​បញ្ចេញ​អស់កម្លាំង កាយ​ចិត្ត​ក្នុង​ការបម្រើ​ប្រទេសជាតិ តាម​មាគ៌ា​គណបក្ស​ប្រជាជន​កម្ពុជា និង​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល។ លោក​សង្កត់ធ្ងន់ថា៖«ត្រូវ​ចងចាំ​ថា នេះ​ជា​គោលបំណង និង​ឧ​ត្ត​ម​គតិ ឥត​ប្រែប្រួល​របស់​រណសិរ្ស និង​គណបក្ស​ប្រជាជន​កម្ពុជា​យើង»។

ប្រធាន​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​រូបនេះ​បាន​ថ្លែង​ក្នុង​មី​ទ្ទិញ​គណបក្ស CPP នា​វិទ្យាស្ថាន​ជាតិ​អប់រំ​រម្លឹក​ពី​ប្រវត្តិ​ថ្ងៃកំណើត​រណសិរ្ស ២ ធ្នូ ថា ថ្ងៃ២ធ្នូ ឆ្នាំ១៩៧៨ រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា បច្ចុប្បន្ន​ត្រូវបាន ប្តូរ​ឈ្មោះ​ជា រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​កម្ពុជា ជា​អង្គការ​ចាត់តាំង​មហាជន​ឈានមុខ​របស់ គណបក្ស​ប្រជាជន​កម្ពុជា បាន​បដិសន្ធិ​ឡើង​ក្នុង​តំបន់​រំដោះ ស្ថិតនៅ​ភូមិ​ជើង​ឃ្លូ ឃុំ២ធ្នូ ស្រុក ស្នួល ខេត្តក្រចេះ ដោយ​ទទួលបាន​ការជួយឧបត្ថម្ភ​យ៉ាង​ធំធេង​ពី​កងទ័ព​ស័​គ្ម្រ​ចិត្ត ប្រទេស​វៀតណាម និង​ការគាំទ្រ​ពី​មិត្ត​ជិត​ឆ្ងាយ​លើ​សកលលោក​ក្នុង​គោលបំណង​ផ្តួលរំលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ រហូត​ទទួលបាន​ជ័យជំនះ នៅ​ថ្ងៃទី៧ មករា ឆ្នាំ១៩៧៩៕



Tag:
 លោក ហេង សំរិន
  ២ ធ្នូ
© រក្សាសិទ្ធិដោយ thmeythmey.com