ពីនេះ ពីនោះ
ប៉ៅ​ឡូ ហ្វ្រ៊ែ​រ៉េ​៖ គ្រូបង្រៀន​ជា​អ្នកដឹកនាំ​ប្រយុទ្ធប្រឆាំង​ដើម្បី​សេរីភាព និង​ការពារ​យុត្តិធម៌​!
03, Dec 2015 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្នុងសង្គម​ប្រជាធិបតេយ្យ សេរីភាព សន្តិភាព យុត្តិធម៌ សុខ​សុភមង្គល​គឺ​សុទ្ធតែជា​បញ្ញត្តិ​ដែល​មនុស្ស​ទូទៅ​ចង់បាន ចង់​យកមក​គាំពារ​ខ្លួន​នៅក្នុង​សង្គម​ដែល​ខ្លួន​រស់នៅ​។ ដើម្បី​បាន​របស់​ទាំងនេះ​មនុស្ស​ទូទៅ​តែងតែ​ផ្ដោត​សំខាន់​ទៅលើ​ចំណាត់ការ​របស់​រដ្ឋ ក្នុងការ​នាំយកមក​ឲ្យ​ប្រជាជាតិ​។ ទស្សនវិទូ ហើយក៏​ជា​គរុ​វិទូ​ផង​លោក ប៉ៅ​ឡូ ហ្វ្រ៊ែ​រ៉េ យល់ឃើញថា «​គ្រូបង្រៀន​គឺជា​អ្នកដឹកនាំ​ប្រយុទ្ធប្រឆាំង​ដើម្បី​សេរីភាព និង​ការពារ​យុត្តិធម៌​»​។ មូលហេតុ​អ្វី​បានជា​គ្រូបង្រៀន​មាន​ភារ​ក្នុង​កិច្ច​នេះ​ទៅវិញ​?



​ក្នុងនាម​ជា ទស្សនវិទូ និង​គរុ​វិទូ​មួយរូប ហ្វ្រ៊ែ​រ៉េ មើលឃើញថា គ្រូបង្រៀន​គឺជា​ភ្នាក់ងារ​អប់រំ​ដ៏​សំខាន់​មួយ​ដើម្បី​បណ្ដុះ​ពូជ​ន៍​មនុស្ស​ថ្មី​ដែលមាន​គុណភាព​ក្នុងនាម​ជា​មនុស្ស​នៅក្នុង​សង្គម​។ សិស្ស​ម្នាក់​តែង​នាំមក​ជាមួយ​នូវ​បទពិសោធន៍ គំនិត វិចារណញ្ញាណ មនសិការ លទ្ធភាព សមត្ថភាព និង​ចំណេះដឹង​រៀងៗ​ខ្លួន​ដែលជា​សម្បទាន​ធម្មជាតិ​ដែល​ពួកគេ​មាន និង​អ្វីដែល​គេ​មាន​តាមរយៈ​ពិសោធន៍​ជីវិត​របស់គេ​។ ហើយ​សម្បទាន​ធម្មជាតិ​ទាំងនេះ​គឺ​ទាមទារ​ឲ្យ​មាន​ពង្រឹង​និង​ពង្រីក​បន្ថែម​។​

​រីឯ​នៅក្នុង​ទស្សនវិជ្ជា​អប់រំ​របស់លោក​ហ្វ្រ៊ែ​រ៉េ យល់ថា អំណាច​នៃ​ការអប់រំ គឺជា​អំណាច​ដែល​អាច​រំដោះ ឬ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ត្រូវបាន​គេ​គាបសង្កត់​មាន​សេរីភាព​ចេញ​ផុតពី​លក្ខខណ្ឌ​សង្គម សេដ្ឋកិច្ច និង​នយោបាយ ដែល​ធ្វើ​ឲ្យ​ពួកគេ​មិនអាច​ចូលរួមបាន មិនមាន​អំណាច​ប្រើប្រាស់​សិទ្ធិ និង​មាន​ភាពលម្អៀង​ចំពោះ​ពួកគេ​។ ក្នុង​លក្ខខណ្ឌ​ទ្រឹស្ដី​បែបនេះ​លោក​ចង់​រំលេច​ពី​តួនាទី​របស់​គ្រូបង្រៀន​ថា ជា​អ្នកជំរុញ​ឲ្យ​សិស្ស​ប្រើប្រាស់​ខួរក្បាល ឲ្យ​បាន​ច្រើនជាង​មុន រលឹក​សិស្ស​ដោយ​វិធីសាស្ត្រ​នានា ដើម្បី​ឲ្យ​ពួកគេ​ប្រើប្រាស់​សមត្ថភាព​ច្នៃប្រឌិត​និង​សមត្ថភាព​ចងចាំ ក្នុង​ការគិត​វិភាគ​ឲ្យ​បាន​ល្អិតល្អន់​ក្នុងទិសដៅ​លើកកម្ពស់​ការយល់ដឹង​របស់​សិស្ស​។​

​ការលើកឡើង​ខាង​នេះ​មានន័យថា គ្រូបង្រៀន​មិនមែន​គ្រាន់តែ​ជាការ​រំដោះ​ខ្លួនឯង​ក្នុងនាម​ជា​គ្រូ ដែល​បាន​យល់ដឹង បាន​យល់​ពីអ្វី​ដែលមាន និង​ចំណេះដឹង​ផ្សេងៗ​នោះទេ​។ តែ​គ្រូបង្រៀន​គឺជា អ្នកដឹកនាំ​ដ៏​សំខាន់​ក្នុង​បុព្វហេតុ​ដើម្បី​ទៅរក​សេរីភាព និង ការពារ​យុត្តិធម៌​សង្គម​តាមរយះ​ការបង្រៀន​សិស្ស​ឲ្យ​ស្គាល់​ពីអ្វី​ទៅជា​សេរីភាព​សម្រាប់​មនុស្ស និង​យុត្តិធម៌​។ ព្រោះ​គ្រូបង្រៀន​មិនមែន​កើតមាន​ដោយ​ចៃដន្យ​នោះទេ តែ​ជា​បុគ្គល​ដែល​កើតចេញពី​ការប្រកួតប្រជែង ការតាំង​ចិត្ត ការព្យាយាម ការធ្វើអន្តរាគមន៍​ជាមួយ​គំនិត ដើម្បី​មានឱកាស​ទៅ​ផ្លាស់ប្ដូរ​ផ្នត់គំនិត ការគិត សមត្ថភាព របស់​មនុស្ស​។ ហើយ​គ្រូបង្រៀន​មិនមែន​គ្រាន់តែ​ជា​បុគ្គល​ដែល​បង្រៀន​តែ​ទ្រឹស្ដី​ប៉ុណ្ណោះ​ទេ តែ​ជា​អ្នកដឹកនាំ​ធ្វើការ​អនុវត្ត​ផ្ទាល់​ផងដែរ​។​

​ជារួម ក្នុង​គោល​គំនិត​របស់លោក គឺ​ចង់​ផ្ដោត​សំខាន់​ទៅលើ​ភារកិច្ច​ដ៏​សំខាន់​របស់​គ្រូ​ក្នុង​ចលនា​តស៊ូ​ផ្នែក​គំនិត ដែល​គ្រូ​ត្រូវ​បង្រៀន​សិស្ស​ឲ្យ​យល់ ឲ្យ​ស្គា​ល់ពី​តម្លៃ​នៃ​សេរីភាព និង​យុត្តិធម៌​សង្គម ហើយ​ធ្វើការ​ទាមទារ​ក្នុង​បុព្វហេតុ​នៃ បដិវត្តន៍វប្បធម៌​ឆ្វេង របស់លោក​។ ដែល​ប​ដិ​វត្ដ​ន៍​នេះ​ផ្ដោតទៅលើ​ការស្រឡាញ់​ជីវិត ផ្ដើមចេញពី​ការទាមទារ​សេរីភាព​៕



© រក្សាសិទ្ធិដោយ thmeythmey.com