ជាតិ
​​​ន​យោ​បាយ​ជាតិ​
ទូត​ខ្មែរ​ប្រចាំ​UN ពន្យល់​អ្នកស្រី Rhona Smith ពី​រឿង​ក្តីក្តាំ​លោក សម រង្ស៊ី -​កឹម សុខា
03, Dec 2015 , 4:31 pm        
រូបភាព
លោក​ស្រី Rhona Smith  នាជំនួបជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​២១ ខែកញ្ញា
លោក​ស្រី Rhona Smith នាជំនួបជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​២១ ខែកញ្ញា
ដោយ:
 
​ក្រោយពី​អ្នកស្រី Rhona Smith អ្នករាយការណ​ពិសេស​អង្គការសហប្រជាជាតិ​ស្តីពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា រិះគន់​លើ​បញ្ហា​វាយ​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ២ រូប និង​ដីកាចាប់ខ្លួន​លោក សម រង្ស៊ី ព្រមទាំង​ការទម្លាក់​លោក កឹម សុខា ចេញពី​តំណែង​អនុប្រធាន​ទី ១ នៃ​រដ្ឋសភា កាលពីពេល​ថ្មីៗ​ទៅនោះ ឯកអគ្គរាជទូត​កម្ពុ​ជា អចិ​ន្ត្រៃ​របស់​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ បាន​ផ្ញើលិខិត​ទៅ​អ្នកស្រី Rhona Smith ដើម្បី​ពន្យល់​អំពី​បញ្ហា​នេះ​។  


​រឿង​រាវ​អ្នករាយការណ៍​ពិសេស រិះគន់​រដ្ឋាភិបាល​កម្ពុ​ជា ដែល​ធ្វើ​ទៅលើ​លោក សម រង្ស៊ី និង​លោក កឹម សុខា កន្លងមក មិន​ត្រឹមតែ​មន្ត្រី​រដ្ឋាភិបាល​ដែល​នៅក្នុង​ប្រទេស​នោះទេ​ដែល​ចេញមុខ​ប្រតិកម្ម​នឹង​ការរិះគន់​នេះ តែ​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​ឯណោះ​វិញ ក៏​ចេញមុខ​បកស្រាយ​ប្រាប់​អ្នកស្រី Rhona Smith ពី​បញ្ហា​នេះដែរ​។​បញ្ហា​របស់លោក សម រង្ស៊ី ត្រូវ​ឯកអគ្គរាជទូត​របស់​កម្ពុជា​ប្រចាំ​UN ប្រាប់​អ្នកស្រី Smith ដូច​មន្ត្រី​រដ្ឋាភិបាល​នៅក្នុង​ប្រទេស​កន្លងមក​ដែរ​ថា ដីកាចាប់ខ្លួន និង​ការដក​អភ័យឯកសិទ្ធិ​ជា​តំណាងរាស្ត្រ​ពី​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើឡើង​ស្របតាម​ច្បាប់ព្រហ្មទណ្ឌ និង​ច្បាប់រដ្ឋធម្មនុញ្ញ​។ ជាងនេះទៅទៀត​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​UN បន្ត​លើកឡើងថា ព្រះរាជក្រឹត្យ​ព្រះមហាក្សត្រ​លើ​កល​លែង​ទោស​លោក សម រង្ស៊ី កាលពី​ឆ្នាំ ២០១១ បាន​គ្រប់​ដណ្តប់​លើ​បទល្មើស​ផ្សេងគ្នា​ចំនួន​តែ​ពីរ​ដែល លោក សម រង្ស៊ី បាន​ប្រព្រឹត្ត ក្នុងនោះ​មាន ការដក​បង្គោល​ព្រំដែន និង​ការ​ក្លែងបន្លំ​ឯកសារ​សាធារណៈ​ប៉ុណ្ណោះ តែ​មិនមែន​រាប់បញ្ចូល​បទល្មើស​បរិ​ហា​កេរ្តិ៍​ឡើយ​។​
 
​ចំណែក​ករណី លោក កឹម សុខា វិញ ក្នុង​លិខិត​ផ្ញើជូន​អ្នកស្រី Smith ឯកអគ្គរាជទូត​បាន​ពន្យល់ថា មូល​ហេតុដែល​រដ្ឋសភា​ដកតំណែង លោក កឹម សុខា ចេញពី​អនុប្រធាន​ទី​១​រដ្ឋសភា ពីព្រោះ​តែ​លោក កឹម សុខា បន្ត​បរិហាកេរ្តិ៍​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល ហើយ​បន្ត​វាយប្រហារ​ធ្វើ​ឲ្យ​មានការ​រើសអើង ការប្រកាន់​ពូជសាសន៍ ព្រមទាំង​បាន​ញុះញង់​ប្រជាជន​ឲ្យ​ងើប​ប្រឆាំង​រដ្ឋាភិបាល​ស្របច្បាប់​។ រីឯ​ករណី វាយ​តំណាងរាស្ត្រ​កម្ពុជា​ពីររូប គឺ​លោក គង់ សភា និង​លោក ញ៉យ ចំរើន កាលពី​ថ្ងៃទី​២៦ តុលា ឆ្នាំ​២០១៥ រហូតដល់​របួសធ្ងន់​នោះ ត្រូវ​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ​UN ប្រាប់​អ្នកស្រី Rhona Smith ថា ដោយសារ​តំណាងរាស្ត្រ​ទាំងពីរ​នោះ បោះ​ពាក្យសម្តី​ប្រមាថមើលងាយ ចំពោះ​បាតុករ​ដែល​នៅ​សេសសល់ ហើយក៏​ត្រូវ​បាតុករ​ឃាត់​រថយន្ត និង​វាយ​តំណាងរាស្ត្រ​ទាំងនោះ​តែម្តង​។ 
 

Tag:
 Rhona Smith
  ​ទូត​ខ្មែរ​ប្រចាំ​UN
© រក្សាសិទ្ធិដោយ thmeythmey.com