ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ម៉ម សូណងដូ នឹង​រៀបចំ​ក្បាលម៉ាស៊ីន​បក្ស​ឡើងវិញ​នៅក្នុង​សមាជ​បក្ស​ថ្ងៃទី​១២ ធ្នូ​
04, Dec 2015 , 12:45 pm        
រូបភាព
ដោយ: ថ្មីៗ
​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ នឹង​រៀបចំ​សមាជ​វិសាមញ្ញ​នៅ​ថ្ងៃទី ១២ ធ្នូ ខាងមុខនេះ ដើម្បី​រៀបចំ​ក្បាលម៉ាស៊ីន​មន្ត្រី​ក្នុង​បក្ស​ខ្លួន​ឡើងវិញ ក្រោយពី​មាន​ភាព​រង្គោះរង្គើ​ផ្ទៃក្នុង​គណបក្ស​កាលពី​ខែ​មុន​។



​លោក ម៉ម សូណងដូ បាន​បញ្ជាក់ថា ការធ្វើ​សមាជ​បក្ស​នេះ គឺ​ដើម្បី​បោសសម្អាត​មន្ត្រី​ដែលមាន​បញ្ហា​នៅក្នុង​បក្ស និង​រៀបចំ​តួនាទី​ដល់​មន្ត្រី​បក្ស​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​ឡើងវិញ​។ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​រូបនេះ បន្ថែមថា បញ្ហា​ផ្ទៃក្នុង​បក្ស​កន្លងមកនេះ គឺ​ធ្វើ​ឲ្យ​រូបលោក បានដឹង​ច្រើន​ពី​អត្តចរិត​មនុស្ស ហើយក៏​ជួយ​ឲ្យ​លោក​ងាយស្រួល ក្នុង​ការរៀបចំ​ផ្ទៃក្នុង​បក្ស កុំ​ឲ្យ​មាន​បញ្ហា​ដូច​មុន​ទៀត​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក ម៉ម សូណងដូ បានបញ្ជាក់​យ៉ាង​ដូច្នេះ​៖«​យើង​ធ្វើ​សមាជ​ដើម្បី​បោសសំអាត​បញ្ហា​ក្នុង​បក្ស រៀបចំ​បក្ស​ឲ្យ​បានល្អ​។​ហើយ​យើង​នឹង​រៀបចំ​មន្ត្រី​ដែល​យើង​ធ្វើការ​ទុកចិត្ត​គ្នា តាម​តួនាទី​ក្នុង​បក្ស ។ ហើយ​ក្រោយពី​សមាជ​ហើយ​យើង​ដំណើរការ​ស្រួល​»​។​

​លោក ម៉ម សូណងដូ បាន​ឲ្យ​ដឹងថា អនុប្រធាន​គណបក្ស​មាន​តែមួយរូបប៉ុណ្ណោះ គឺ​លោក ហារី សំអាត ដោយ​លោក​មិន​រៀបចំ​ឲ្យ​មាន​អនុប្រធាន​ចំនួន​២​ដូច​មុន​ទៀត​នោះទេ​។​

​កាល​ថ្ងៃទី ៩ ខែ កញ្ញា  គណបក្ស​សំបុ​ក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ បាន​គាំទ្រ​ឲ្យ​លោក ម៉ម សូណង់ដូ ធ្វើជា​ប្រធាន​បក្ស និង​អនុប្រធាន​បក្ស​ពីររូប​ទៀត គឺ​លោក​បណ្ឌិត ហ៊ាង រិទ្ធី អ្នកវិភាគ​ស្ថានការណ៍​នយោបាយ  និង​លោក ហារី សំអាត ។ តែ​ក្រោយមក​ក៏មាន​បញ្ហា​ផ្ទៃក្នុង​បក្ស ដោយ​កាលនោះ​លោក ហ៊ាង ឫទ្ធី អនុប្រធាន​គណបក្ស​នេះ បានដាក់​បណ្តឹង​ទៅ​តុលាការ​ស្នើសុំ​ឲ្យ​ផ្អាក​ដំណើរការ ឬ​រំលាយ​គណបក្ស​នេះ តែ​ត្រូវបាន​តុលាការ​បដិសេធ​សំណើរ​នេះ​៕


© រក្សាសិទ្ធិដោយ thmeythmey.com