អន្តរជាតិ
ដៃគូ​យុទ្ធសាស្ត្រ​អាមេរិក​-​អាស៊ាន​មាន​សារសំខាន់​សម្រាប់​សហគម​ន៍​សេដ្ឋកិច្ច​
04, Dec 2015 , 8:59 pm        
រូបភាព
​មុន​សហគមន៍​អាស៊ាន​ចេញ​ជា​រូបរាង​ឡើង សហរដ្ឋអាមេរិក​និង​អាស៊ាន បានសម្រេច​លើក​កម្រិត​ទំនាក់ទំនង​ទ្វេភាគី​ទៅដល់​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​។ ក្រៅពីនេះ ប្រធានាធិបតី​អាមេរិក​ក៏ អញ្ជើញ​មេដឹកនាំ​អាស៊ាន​ទាំង ១០​ទៅ​ចូលរួម​កិច្ចប្រជុំ​ពិសេស​នៅ​សហរដ្ឋអាមេរិក​នៅ​ឆ្នាំ ក្រោយ​ទៀត​មុន​ផុត​អាណត្តិ​ប្រធានាធិបតី​។ ទាំងនេះ​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​សហរដ្ឋអាមេរិក​ក្នុងការ​ពង្រឹង​ឥទ្ធិពល​របស់ខ្លួន​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​។

 


​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អាមេរិក​កន្លងមក​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួ​នេះ លោក បា​រ៉ា​ក់ អូ​បា​ម៉ា និង​បណ្តា​មេដឹកនាំ​អាស៊ាន​ទាំង​១០ បាន​ឯកភាពគ្នា​តំឡើង​កម្រិត​ទំនាក់ទំនង​ទ្វេភាគី​ឲ្យ​ដល់​កម្រិត​យុទ្ធសាស្ត្រ​។ ការសម្រេច​តំឡើង​កម្រិត​ទំនាក់ទំនង​នេះ កើតឡើង​ត្រឹមតែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​មុនពេល​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​កើតចេញ​ជា​ផ្លូវការ​ដែរ​។​

១.​អាមេរិក​កាន់តែ​ជិតស្និទ្ធ​អាស៊ាន ក្រោម​ក្របខណ្ឌ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​
​ជុំវិញ​បញ្ហា​នេះ ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ពុធ​កន្លងមក លោកស្រី Nina Hachigian អគ្គរដ្ឋទូត​អាមេរិក​នៅ​តំបន់​អាស៊ាន​បាន​អះអាងថា ការបង្កើន​កម្រិត​ចំណង​ភាព​ទៅ ជា​ដៃគូ​យុទ្ធសាស្ត្រ​នេះ​នឹង​ផ្តល់ឱកាស​ឲ្យ​សហរដ្ឋ​មេ​រិ​ក​និង​បណ្តា​រដ្ឋ​អាស៊ាន​ធ្វើការ​រួមគ្នា​ជិតស្និទ្ធ​ច្រើន​វិស័យ​ដើម្បី​សម្រេចប្រយោជន៍​រួមគ្នា​។ ប៉ុន្តែ​​សហរដ្ឋអាមេរិក​មាន​គោលនយោបាយ​អាទិភាពលើវិស័​យ​ជា​ច្រើន​​នៅ​តំបន់​អាស៊ានក្នុង​នោះ​មាន​​ ការលើកកម្ពស់​ប្រជាធិបតេយ្យ ជំរុញ​ការ​អភិបាលកិច្ច នីតិរដ្ឋ រួមទាំង​ជំរុញ​ឲ្យ​មានការ​ការពារ​សិទ្ធិមនុស្ស​និង​សេរីភាព និង​ការការពារ​បរិស្ថាន​ថែមទៀត​។ ដូចដែល​ឃើញស្រាប់ គ្រាន់តែ​ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លងមកនេះ សហរដ្ឋអាមេរិក​បាន​ចំណាយ​ថវិកា​ប្រហែល ៤​ពាន់​លាន​ដុល្លារ​អាមេរិក​ដោយ​ផ្តល់ជំនួយ​សម្រាប់​ការអភិវឌ្ឍ​។

​ក្រោម​ក្របខណ្ឌ​ដៃគូ​យុទ្ធសាស្ត្រ​នេះ សហរដ្ឋអាមេរិក​នឹងចូលរួម​យ៉ាងសកម្ម និង​ជិតស្និទ្ធ​ក្នុងការ​គាំទ្រ​ដំណើរ​ការកសាង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ខាងមុខ  ក្នុងនាម​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​ទី​ពីរ​របស់​អាស៊ាន​និង​ជា​ប្រទេស​ម្ចាស់ជំនួយ​។ បើតាម​ការ​ឲ្យ​ដឹង​របស់​លោកស្រី​ឯកអគ្គរដ្ឋទូត​អាមេរិក Nina Hachigian តាំងពី​ឆ្នាំ ២០០៨ សហរដ្ឋអាមេរិក​បាន​ជួយ​ជំរុញ​ដំណើរ​កសាង​សហគមន៍​សេដ្ឋកិច្ច​នេះដែរ ដោយ​ជួយ​វិនិយោគ​ក្នុងការ​បង្កើត​ច្រកចេញចូល​តែមួយ​របស់​អាស៊ាន ដែល​អាចជួយ​សម្រួល​លំហូរ​ទំនិញ​និង​ផលិតផល​ទូទាំង​តំបន់​អាស៊ាន​ទាំងមូល​។

​ក្រៅពីនេះ ក្រុង​វ៉ាស៊ីនតោន​បាន​យកចិត្តទុកដាក់​ជួយ​បង្កើន​និង​ពង្រឹងសមត្ថភាព​យុវជន​អាស៊ាន​តាមរយៈ​ការផ្តល់​អាហារូបករណ៍​ដល់​និស្សិត​អាស៊ាន ការផ្លាស់ប្តូរ​ការសិក្សា កម្មវិធី​បណ្តុះ​បណ្តា​ភាពជា​អ្នកដឹកនាំ​សម្រាប់​ប្រជាជន​វ័យក្មេង​អាស៊ាន (YSEALI)​ជាដើម​។  ក្រៅពី​ជួយ​ជ្រោមជ្រែង​ក្នុង​វិស័យសេដ្ឋកិច្ច និង​សង្គម ក្រុង​វ៉ាស៊ីនតោន​ក៏​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុងការ​ដោះស្រាយ​បញ្ហា​សន្តិសុខ​តំបន់​ដើម្បី​រក្សា​ស្ថិរភាព និង​សន្តិភាព​តំបន់ ដោយ​បន្ត​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន ដើម្បី​ប្រឆាំង​ភេរវកម្ម បទឧក្រិដ្ឋ​ឆ្លងដែន និង​រក្សា​សេរីភាព​នាវាចរណ៍​តាមផ្លូវ​សមុទ្រ​ជាដើម​។​

២.​កិច្ចប្រជុំ​ពិសេស​អាមេរិក​-​អាស៊ាន​ឆ្នាំក្រោយ ផ្តោតលើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​?
​ក្រៅពី​តំឡើង​កម្រិត​ទៅជា​ដៃគូ​យុទ្ធសាស្ត្រ  ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានសម្រេច​អញ្ជើញ​បណ្តា ប្រមុខរដ្ឋ​ប្រមុខ​រដ្ឋាភិបាល​ប្រទេស​អាស៊ាន​ទាំង ១០ ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ពិសេស​និង​ជា​លើកដំបូង​បំផុត​មួយ​នៅ​សហរដ្ឋអាមេរិក​នៅពេល​ខាងមុខ​។ កិច្ចប្រជុំ​នេះ​នឹងត្រូវ​រៀបចំឡើង​នៅ​ពាក់កណ្តាល​ឆ្នាំ​ក្រោយនេះ  មុនពេល​ដែល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ចាក​ចេញពី​តំណែង​ជា​ប្រធានាធិបតី​ផង​។

​កិច្ចប្រជុំ​កំពូល​ពិសេស​ដែល​លោក អូ​បា​ម៉ា នឹង​ធ្វើជា​ប្រធាន​នេះ ក្លាយជា​ប្រធានបទ​សំខាន់ និង​បង្ហាញ​យ៉ាងច្បាស់​ពី​គោលនយោបាយ​ក្រុង​វ៉ា​ស៊ីន​ក្នុង​ការភ្ជាប់​ទំនាក់ទំនង​ជាមួយ​មេ​ដឹក​នា​អាស៊ាន​ឲ្យ​កាន់តែ​ស្អិតល្មួត​។ ថ្វីបើ​ចិន​ជា​ដៃគូ​សេដ្ឋកិច្ច​ដ៏​ធំ​របស់​អាស៊ាន​ក៏ដោយ ក៏​ចិន​មិនទាន់​មានឱកាស​រៀបចំ​កិច្ចប្រជុំ​ពិសេស​បែប​ដែរ​។ ដូច្នេះ​វា​អាច​បញ្ជាក់​ច្បាស់​ណាស់​ទៅហើយ​ថា​សកម្មភាព​ទាំងនេះ ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ពង្រឹង​ឥទ្ធិពល​របស់​អាមេរិក​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដើម្បី​ទប់ទល់​ជាមួយ​មហា​យក្ស​ចិន​ដែរ​។

​ត្រលប់​មកវិញ ទោះជា​មានការ​អញ្ជើញ​ជា​ផ្លូវការ​ហើយក៏​ដោយ គេ​មិនអាច​ដឹង​នៅឡើយ​ទេ​ថា បញ្ហា​អ្វី​នឹង​ក្លាយជា​ប្រធានបទ​នៃ​កិច្ចប្រជុំ​កំពូល​ខាងមុខ​ឡើយ​។ ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ពុធ លោកស្រី ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អាស៊ាន​ខាង​ក៏បាន​អះអាង​ដែរ​ថា គេ​មិនទាន់​ដឹង​នៅឡើយ​ទេ​ថា តើ​អ្វី នឹង​ក្លាយជា​របៀប​នៃ​កិច្ចប្រជុំ​ឡើយ​។ ប្រធានបទ​ស្នូល​នៃ​កិច្ចប្រជុំ​នៃ​ការពិភាក្សា អាចជា​យន្តការ​ពង្រឹង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​អាស៊ាន​និង​អាមេរិក ក្រោយ​ឆ្នាំ ២០១៥ ។ តែ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ក៏​ប្រហែល​អាច នឹង​ក្លាយជា​ប្រធានបទ​សំខាន់​មួយ​ដែរ​ក្នុង​វេទិកា​មេដឹកនាំ​អាមេរិក​និង​អាស៊ាន​នេះ​៕  


Tag:
 ​អាមេរិក​
  ​អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com