​​​ន​យោ​បាយ​ជាតិ​
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក​ និង​សម្ព័ន្ធមិត្ត​ស្នើ UN បើក​កិច្ចប្រជុំ​លើ​ករណី​រំលោភសិទ្ធិ​មនុស្ស​របស់​កូរ៉េខាងជើង​
05, Dec 2015 , 12:36 pm        
រូបភាព
ដោយ:

​ក្រុម​លោកខាងលិច​បានស្នើ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​កោះប្រជុំ​ដើម្បី​ពិភាក្សា​ករណី​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​របស់​កូរ៉េខាងជើង​។ ប៉ុន្តែ​ចិន​ដែលជា​សម្ព័ន្ធមិត្ត​ចាក់ទឹកមិនលិច​របស់​ទីក្រុង​ព្យុងយ៉ាង​ប្រហែលជា​មិន​ឈរ​អោបដៃ​មើល​ក្រុម​លោកខាងលិច​ព្រលះ​កូរ៉េខាងជើង​នោះទេ​។​



​តាមរយៈ​សេចក្ដីប្រកាស​មួយ​របស់​តំណាង​អាមេរិក​ប្រចាំ UN អាមេរិក​និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​បានស្នើ​ឲ្យ​មាន​កិច្ចប្រជុំ​មួយ​លើ​ករណី​សិទ្ធិមនុស្ស​នៅ​កូរ៉េខាងជើង​។ សេចក្ដីប្រកាស​នោះ​បញ្ជាក់ថា កាលពី​ខែធ្នូ​ឆ្នាំមុន UN បាន​ប្រជុំ​ជា​លើកដំបូង​លើ​របៀបវារៈ​បញ្ហា​សិទ្ធិមនុស្ស​របស់​កូរ៉េខាងជើង​។ ហើយ​ពេលនេះ អាមេរិក​និង​ប្រទេស​៨​ផ្សេងទៀត ស្នើ​កោះប្រជុំ​លើ​ករណីនេះ​ម្ដងទៀត​។​

​អ្នកនាំពាក្យ​តំណាង​អាមេរិក​ប្រចាំ​UN លោកស្រី Hagar Chemali បាន​និយាយថា អាមេរិក​នឹង​ខិតខំ​ព​ន្លឿ​ន​ឲ្យ​មាន​កិច្ចប្រជុំ​នេះ​នៅពេលដែល​ខ្លួន​ទទួល​តំណែង​ជា​ប្រធាន​ប្ដូរ​វេន​របស់​ក្រុមប្រឹក្សាសន្តិសុខ​នៅ​ខែ​នេះ​។​

​យ៉ាងណាក៏ដោយ​សំណើរ​នេះ​ប្រហែលជា​មិនមែនជា​រឿង​ងាយស្រួល​នោះទេ​សម្រាប់​អាមេរិក​និង​គូកន​របស់ខ្លួន​នោះទេ​។ នេះ​ក៏​ដោយសារតែ​ចិន​ដែលជា​សមាជិក​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ​ដែរ ច្បាស់​ជា​មិន​យល់ព្រម​ឡើយ​។ កាលពី​ខែវិច្ឆិកា​មុននេះ ទូត​ចិន​ប្រចាំ​UN បាន​ថ្លែង​ការពារ​កូរ៉េខាងជើង​ថា ក្រុមប្រឹក្សាសន្តិសុខ​មិនគួរ​បើក​កិច្ចប្រជុំ​របៀបនេះ​ទេ​។ លោក​បន្តថា សិទ្ធិមនុស្ស​មិនមែនជា​ការងារ​របស់​ក្រុមប្រឹក្សាសន្តិសុខ​នោះទេ​។ 

​កាលពី​ឆ្នាំមុន UN បាន​បញ្ចេញ​របាយការណ៍​មួយ​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កូរ៉េខាងជើង​។ របាយការណ៍​នេះ​បាន​បង្ហាញថា មានការ​រំលោភ​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ​ដូចជា ជំរំ​ឃុំខ្លួន ការធ្វើ​ទារុណកម្ម​ជា​ប្រព័ន្ធ គ្រោះ​អត់ឃ្លាន​និង​ការសម្លាប់​មនុស្ស​តាមរបៀប​ណា​ស៊ី​ជាដើម​។

​ជាមួយ​របាយការណ៍​ខាងលើនេះ មហាសន្និបាត​UN បានទាមទារ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​សម្រេច​បញ្ជូន​ករណី​រំលោភសិទ្ធិ​របស​កូរ៉េខាងជើង​ទៅកាន់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ចំពោះ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​។ យ៉ាងណាក៏ដោយ ការប៉ុនប៉ង​នេះ​ប្រហែល​តែ​ជាការ​ស្រមើស្រមៃ​មួយ​ប៉ុណ្ណោះ​។ វត្តមាន​ចិន​និង​រុស្សី​ដែលជា​បងធំ​របស់​ទីក្រុង​ព្យុងយ៉ាង​ក្នុង​ក្រុមប្រឹក្សា​គឺជា​រឿង​ពិបាក​មួយ​។ ប្រទេស​ទាំងពីរ​នេះ​នឹង​វ៉េតូ​រាល់​ការសម្រេច​នេះ​ជាមិនខាន​ឡើយ​៕



© រក្សាសិទ្ធិដោយ thmeythmey.com