ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្សប្រឆាំង​រង់ចាំ​អនុញ្ញាត​ពី​ក្រសួង ដើម្បី​ដំណើរការ​ទូរទស្សន៍រ​បស់​ខ្លួន​
05, Dec 2015 , 5:35 pm        
រូបភាព

គណបក្ស​សង្គ្រោះ​ជាតិ បាន​ទិញ​ដី​មួយកន្លែង​ក្នុង​រាជធានី​ភ្នំពេញ​បាន​ហើយ ដើម្បី​ដំណើរការ​ស្ថានីយទូរទស្សន៍​ព្រះអាទិត្យ​។ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លោក យឹម សុវណ្ណ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា គណបក្ស​លោក​នៅ​រង់ចាំ​ការអនុញ្ញាត​ចុងក្រោយ​ពី​ក្រសួង​ព័ត៌មាន និង​ក្រសួង​ដែនដី នគររូបនីយកម្ម ដើម្បី​អាច​ចាប់ផ្តើម​ដំណើរការ​ទូរទស្សន៍​នេះ​តែម្តង​។​


​ទីតាំង​ស្ថានីយទូរទស្សន៍​ព្រះអាទិត្យ ដែល​នឹង​ក្លាយជា​ទូរទស្សន៍​ទីមួយ​គាំទ្រ​គោលនយោបាយ​គណបក្សប្រឆាំង​នៅ​កម្ពុជា​នោះ នឹងមាន​ទីតាំង​នៅក្នុង​រាជធានី​ភ្នំពេញ​។ ពោលគឺ​មិនមែន​នៅក្នុង​ខេត្តកណ្តាល ដូច​មន្ត្រី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្លាប់បាន​បញ្ជាក់ប្រាប់​សារព័ត៌មាន​ក្នុងពេល​កន្លងមក​នោះទេ​។​

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​បដិសេធ​ផ្តល់ព័ត៌មាន​លម្អិត​អំពី​ទីតាំង​ពិតប្រាកដ​នៃ​ស្ថានីយទូរទស្សន៍​ព្រះអាទិត្យ​នេះ​។ លោក យឹម សុវណ្ណ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​យ៉ាង​ដូច្នេះ​ថា​៖ «​ឥឡូវនេះ​យើង​ទិញ​បាន​ហើយ គឺ​នៅ​ភ្នំពេញ​។ ទីតាំង​នោះ​មាន​ទំហំ​ជាង​១០០០​ម៉ែត្រក្រឡា​»​។

មាន​ទីតាំង​ពិតប្រាកដ​ហើយ​មែន ប៉ុន្តែ​បើតាម​អ្នកនាំពាក្យ​ដដែល​នេះ គេ​នៅ​មិនទាន់​អាច​ចាប់ផ្តើម​ដំណើរ​ទូរទស្សន៍​ព្រះអាទិត្យ​បាន​នៅឡើយ​ទេ​។ គណបក្ស​សង្គ្រោះ​ជាតិ​នៅ​រង់ចាំ​សេចក្តីសម្រេច​របស់​ក្រសួង​ព័ត៌មាន​សម្រាប់​អាជ្ញា​បណ្ណ និង​ក្រសួង​ដែនដី នគររូបនីយកម្ម​ទៀ​ត​សម្រាប់​ការសាងសង់​បង្គោល​អង់​តែ​ន​។ «​ឲ្យ​តែ​ក្រសួង​សម្រេច​តាម​សំណើរ​របស់​យើង​ពេលណា យើង​នឹង​ចាបផ្តើម​ដំណើរការ​ទូរទស្សន៍​នៅពេលនោះ​ភ្លាម​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់​មន្ត្រីជាន់ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បដិសេធ​មិន​ព្រម​និយាយ​អំពី​ទំហំ​ទឹកប្រាក់​ដែល​ត្រូវបាន​ចំណាយ​សម្រាប់​ការទិញ​ទីតាំង​ស្ថានីយទូរទស្សន៍​។

សូមបញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ​បានចាប់ផ្តើម​ប្រមូល​ថវិកា​ចាប់តាំងពី​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៥​មកម្ល៉េះ​។ រហូតមកដល់​ពេលនេះ គណបក្ស​ប្រមូល​ថវិកា​បាន​ប្រមាណ​ជា​៧០​ម៉ឺន​ដុល្លារ​ហើយ​។ តាម​គម្រោង គណបក្ស​ត្រូវការ​ថវិកា​ប្រមាណ​ជា ១​លាន​ដុល្លារ​កន្លះ ទៅ​៣​លាន​ដុល្លារ ដើម្បី​ដំណើរការ​ទូរទស្សន៍រ​បស់​ខ្លួន​៕


© រក្សាសិទ្ធិដោយ thmeythmey.com