ជាតិ
ពេជ្រ សោភា ប្រកាស​ឈប់​ពី​ហង្ស​មាស​
06, Dec 2015 , 4:25 pm        
រូបភាព
ដោយ: ថ្មីៗ

​អ្នកនាង​ពេជ្រ សោភា បានប្រកាស​លាឈប់​ពី​ផលិតកម្ម​ហង្ស​មាស និង​រស្មី​ហង្ស​មាស​។ តា​រយៈ​សារ​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​តាំងពីព្រឹក​ព្រលឹម ថ្ងៃទី​៦​ខែធ្នូ របស់​តារាចម្រៀង​មាន​ដើមកំណើត​នៅក្នុង​ខេត្តព្រៃវែង​រូបនេះ   បាន​បញ្ជាក់ថា នាង​នឹង​លាឈប់​បន្ទាប់ពី​កម្មវិធី The Voice Cambodia រដូវ​កាល​ទី​២ បញ្ចប់​។



​អ្នកនាង​ពេជ្រ សោភា បាន​សរសេរ​យ៉ាងនេះ​ថា​៖«​នាង​ខ្ញុំ​ពេជ្រ សោភា នឹង​លាឈប់​ធ្វើ​នៅហង្ស​មាស និង​រស្មី​មាស​ហើយ តែ​នាង​ខ្ញុំ​នឹងធ្វើ​ការងារ​របស់​នាង​ឲ្យ​ចប់​គឺ​ (the voice Cambodia) »​។

​ជាមួយគ្នា​នោះ អ្នកនាង ក៏បាន​អរគុណ​ដល់​ក្រុមហ៊ុន ហង្ស​មាស ដែល​ធ្វើ​ឲ្យ​ជីវិត​គ្រួសារ​របស់​នាង​បានល្អ​រហូតមកដល់​ថ្ងៃនេះ​។ អ្នកនាង ពេជ្រ សោភា​ថា​៖« ខ្ញុំ​មាន​ថ្ងៃនេះ គឺ​បានមកពី​ហង្ស​មាស​ទាំងអស់​»​។

​តែ​យ៉ាងណាក៏ដោយ នៅ​សំណេរ​ដ៏​ខ្លី​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​នេះ អ្នកនាង ពេជ្រ សោ​ភាព មិនបាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការលាឈប់​នេះ​ទេ​។ សារព័ត៌មាន​ថ្មីៗ ក៏​មិនអាច​សុំ​ការបំភ្លឺ ពី​សាមីខ្លួន​បានដែរ​រហូតមកទល់​ពេលនេះ​។

​សូមបញ្ជាក់ថា កម្មវិធី The Voice Cambodia រដូវ​កាល​ទី​២​កំពុងតែធ្វើការ​ប្រឡង​ជម្រុះ​បេក្ខជន​នៅតាម​បណ្តា​ខេត្ត​នានា​ក្នុងប្រទេស​កម្ពុជា ក៏ដូចជា​ក្នុង​រាជធានី​ភ្នំពេញ ដែល​អ្នកនាង និង​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​៣​រូប​ទៀត​គឺ​កញ្ញា ឱក សុគន្ធ​កញ្ញា លោក ណុប បា​យា​រិ​ទ្ធិ និង​លោក ឆន សុ​វណ្ណា​រាជ នឹង​ធ្វើជា​គ្រូបង្វឹក​៕


Tag:
 ពេជ្រ សោភា​
© រក្សាសិទ្ធិដោយ thmeythmey.com