អន្តរជាតិ
ក្រោយ​បក្សប្រឆាំង​ឈ្នះឆ្នោត​សភា ប្រធានាធិបតី​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​ស្នើសុំ​សហការ​
07, Dec 2015 , 3:08 pm        
រូបភាព
​លទ្ធផល​បោះឆ្នោត​បានបង្ហាញ​ច្បាស់​ថា គណបក្សប្រឆាំង​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា ចលនា​រួបរួម​ប្រជាធិបតេយ្យ ( MUD) បានឈ្នះ​ឆ្នោត​ទទួលបាន​អាសនៈ ក្នុង​សភា​ច្រើន ជាង​បក្ស​កាន់អំណាច​រួបរួម​សង្គមនិយម (USP)  ។ នេះ​ជាការ​ឈ្នះឆ្នោត​លើកដំបូង​បំផុត​របស់​បក្សប្រឆាំង​ក្នុង​រយៈពេល​១៧​ឆ្នាំ​ក្នុងសង្គម​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​។ ប្រធានាធិបតី​ត្រៀមខ្លួន​សហការ​ជាមួយ​អ្នកនយោបាយ​បក្សប្រឆាំង​ដែល​នឹង​កាន់កាប់​ស្ថាប័ន​នីតិ​បញ្ញា​តិ​។



​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖



​នៅ​ថ្ងៃ​ចន្ទ​នេះ គណកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា បានប្រកាស​លទ្ធផល​ជាបឋម​ថា គណបក្សប្រឆាំង​ឈ្នះ​ការបោះឆ្នោត​សភា​ហើយ​។ ចំណែក​មេដឹកនាំ​បក្ស​កាន់អំណាច​និង​ជា​ប្រធានាធិបតី​លោក នី​កូ​ឡា ម៉ា​ឌុយ​រ៉ូ (Nicolas Maduro) បានទទួល​ស្គាល់​ការបាត់បង់​អាសនៈ​ក្នុង​សភា​របស់​គណបក្ស​លោក​ផងដែរ​ក្រោយ​មានការ​ប្រកាស​លទ្ធផល​នេះ​។ ទោះជា​យ៉ាងណាក៏ដោយ អាសនៈ​ចំនួន​២២ ទៀត​មិនទាន់​ដឹងថា​បាន​ទៅណា​ខ្លះ​ឡើយ ព្រោះ​ការរាប់​សន្លឹកឆ្នោត​កំពុង​នៅ​បន្ត​ដំណើរការ​នៅឡើយ​។

  បើតាម​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​ខាងលើ គណបក្ស​ចលនា​ឯកភាព​ប្រជាធិបតេយ្យ ដែលជា​គណបក្សប្រឆាំង​ដ៏​ធំ​នៅ​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​នោះបាន​ទទួល​៩៩ កៅអី  ខណៈ​បក្ស​កាន់អំណាច គណបក្ស​រួបរួម​សង្គមនិយម​ដែល​បង្កើតឡើង​ដោយ​អតីត​ប្រធានាធិបតី​លោក ហ៊ូ​កូ ឆា​វេស នោះបាន​កៅអី​ត្រឹម​៤៦​ប៉ុណ្ណោះ​។

-​ប្រធានាធិបតី​ស្នើ​ឲ្យ​បក្សប្រឆាំង​សហការ​ដើម្បី​ដោះស្រាយ​បញ្ហា​សង្គម​រួមគ្នា​
​ការ​ឈ្នះឆ្នោត​ភ្លូកទឹកភ្លូកដី​របស់​ប​ក្ស​ប្រឆាំង​បានក្លាយ​ជា​រឿង​ប្រវត្តិសាស្ត្រ​សម្រាប់​សង្គម​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា ព្រោះ​រយៈពេល​ប្រហែល​១៧​ឆ្នាំ​មកហើយ​គណបក្សប្រឆាំង​មិន​ស្គាល់​ការ​ឈ្នះឆ្នោត​ទាល់តែសោះ ពោលគឺ​តាំងពី​បក្ស​សង្គមនិយម​ឡើងកាន់​កាប់​អំណាច​នោះ​។  មេដឹកនាំ​ជាន់ខ្ពស់​បក្សប្រឆាំង​លោក Henrique Capriles បាន​សាទរ​ជ័យជម្នះ​របស់​បក្ស​ខ្លួន ហើយ​ប្តេជ្ញា​ដោះស្រាយ​បញ្ហា​ប្រឈម​ផងដែរ​។ ក្រោយ​ការប្រកាស​លទ្ធផល​ជា​ផ្លូវការ សភា​ថ្មី​នឹង​បំពេញភារកិច្ច​របស់ខ្លួន​នៅ​ដើមឆ្នាំ ២០១៦ ហើយ​គណបក្ស​ប្រឆាំងនឹង​មាន​សំលេង​លើ​លុប និង​ក្តោប​កា្ត​ប់​បញ្ហានយោបាយ​បាន​ស្រួល​ជាង​មុន​។​

​យ៉ាងណាក៏ដោយ ប្រធានាធិបតី​និង​ជា​ប្រធាន​បក្ស​កាន់អំណាច នី​កូ​ឡា ម៉ា​ឌុយ​រ៉ូ បានទទួល​ស្គាល់​ការបរាជ័យ​របស់​បក្ស​ខ្លួន តែ​លោក​បាន​អំពាវនាវ​ឲ្យ​មាន​គណបក្សប្រឆាំង​ដែល​ឈ្នះឆ្នោត​សហការ​ជាមួយ​រដ្ឋាភិបាល​លោក ដើម្បី​ឈានទៅ​ដោះស្រាយ​បញ្ហា​រួម​ជាពិសេស វិបត្តិ​សេដ្ឋកិច្ច និង​បញ្ហា​សង្គម​ផ្សេងទៀត​។ រដ្ឋាភិបាល​ក្រុង​កា​រ៉ា​កាស​បច្ចុប្បន្នកំពុង​ព្យាយាម​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច និង​ប្រឈមមុខ​នឹង​សម្ពាធ​បរទេស​ជាពិសេស​សហរដ្ឋអាមេរិក ក្រោយ​មាន​ចលនា​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​កើតឡើង​ជា​ហូរហែ​តាំងពីដើម​ឆ្នាំមុន​។​

-​បញ្ហា​ធំ​ដែល​ធ្វើ​ឲ្យ​បក្ស​កាន់អំណាច​ចាញ់ឆ្នោត​
​ត្រលប់​មកវិញ បញ្ហា​ធំ​ដែល​បណ្តាល​ឲ្យ​គណបក្សកាន់អំណាច​ចាញ់ឆ្នោត អាចមកពី​រឿង​ធំៗ​មួយចំនួន​ដែល​ចាក់ស្រេះ​សង្គម​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​។ ទីមួយ​បញ្ហា​វិបត្តិ​សេដ្ឋកិច្ច និង​អតិផរណា ដែលជា​បញ្ហា​ប្រឈម​ធំ​បំផុត​សម្រាប់​ប្រជាជន​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​ទូទៅ​។ ប្រទេស​អាមេរិក​ឡាទីន​និង​ប្រទេស​នាំ​ប្រេង​ចេញ​នេះ រងគ្រោះ​កាន់​ខ្លាំង​ក្រោយពេល​តម្លៃ​ប្រេង​ឆៅ​ធ្លាក់ចុះ​យ៉ាងគំហុក​នៅលើ​ទីផ្សារ​អន្តរជាតិ​តាំងពី​ពាក់កណ្តាល​ឆ្នាំមុន​។ ហើយ​រឿង​សំខាន់បំផុត​គឺ​សេដ្ឋកិច្ច​ប្រទេសមួយ​នេះ​ពឹង​ផ្អែកលើ​ការនាំ​ប្រេង​ចេញ​ស្ទើរតែ​ទាំងស្រុង​។   

​បញ្ហា​ទី​២ គឺ អស្ថិរភាព​នយោបាយ​។ វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​មិនទាន់​ដោះស្រាយ​បញ្ហានយោបាយ​ចប់​នៅឡើយ​ទេ ក្រោយ​ចលនា​បាតុកម្ម​របស់​ក្រុមសិស្ស​និស្សិត​កើតឡើង​ជា​ហូរហែរ​ដើម្បី​ទាមទារ​ទម្លាក់​ប្រធានាធិបតី​ខាងលើ​ផង​។ ចលនា​បាតុកម្ម​បាន​ប្រែក្លាយជា​ហិង្សា​រហូតដល់​មានការ​បង្ក្រាប់​បាតុករ ធ្វើ​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាច្រើន​ផង​។ រដ្ឋាភិបាល​នេះ​បាន​ចោទប្រកាន់​ក្រុង​វ៉ាស៊ីនតោន​ថា ជា​អ្នក​នៅ​ពីក្រោយ​ចលនា​បាតុកម្ម និង​រៀបចំ​ឲ្យ​មាន​សង្គ្រាម​ប្រេង​ប្រឆាំង​របប​ដឹកនាំ​សព្វថ្ងៃ​ថែមទៀត​។​

​បញ្ហា​ទី​៣ គឺ​អសន្តិសុខ​នៅក្នុង​សង្គម​។  ការកើនឡើង​នៃ​អត្រា ឧក្រិដ្ឋកម្ម​មានដូចជា​ការជួញដូរ​គ្រឿងញៀន ជួញដូរ​មនុស្ស ឬ​អំពើ​ប្លន់​ជាដើម​នោះ ដែល​សុទ្ធសឹង​ជា​សញ្ញា​បង្ហាញថា​ប្រទេស​នេះ​កំពុង​ប្រឈម​បញ្ហា​សង្គម​យ៉ាងធ្ងន់ធ្ងរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com