ជាតិ
សង្គមជាតិ
គណៈកម្មការ​ចម្រុះ​មួយ​នឹងត្រូវ​បង្កើត​សម្រាប់​ទប់ស្កាត់​ការកាប់​ព្រៃឈើ​នៅ​ប្រាសាទ​កោះ​កេរ
07, Dec 2015 , 3:48 pm        
រូបភាព
សៀមរាប៖ គណៈកម្មការ​ចម្រុះ​មួយ នឹងត្រូវ​បង្កើតឡើង ដើម្បី​ទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃឈើ​ខុសច្បាប់ នៅក្នុង​បរិវេណ​ប្រាសាទ​កោះ​កេរ។ គណៈកម្មការ​នេះ មានការ​ចូលរួម​ពី​ភាគ​ពាក់ព័ន្ធ​មួយចំនួន មាន​អាជ្ញាធរ​ជាតិ​អ​ប្សា និង​អាជ្ញាធរ​ខេត្តព្រះវិហារ។



ដើម្បី​ទប់ស្កាត់​ការកាប់​ព្រៃឈើ​ខុសច្បាប់​ក្នុង​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ ឲ្យ​កាន់​តែមាន​ប្រសិទ្ធិភាព​ខ្ពស់​ថែមទៀត​នោះ ថ្នាក់​គ្រប់គ្រង​តំបន់​នេះ បានសម្រេច​បង្កើត​គណៈ​កម្ម​ការ​ថ្មី​មួយ ដើម្បី​ទប់ស្កាត់ ការពារ និង​ចុះ​អប់រំ​ដល់​ប្រជាពលរដ្ឋ ឲ្យ​យល់​ពី​តម្លៃ​ព្រៃឈើ ក្នុង​តំបន់។ សមាសភាព​ក្នុង​គណៈកម្មការ​ថ្មី​នេះ រួមមាន អាជ្ញាធរ​ជាតិ​អប្សរា​គឺប្រធាន ដោយមាន​ការចូលរួម​ពី​អភិបាលរង​ខេត្តព្រះវិហារ និង​មន្ទីរ​ពាក់ព័ន្ធ ក៏ដូចជា​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ផង។


ក្នុងជំនួប​នៅ​ព្រឹក​ថ្ងៃទី៧ ធ្នូ នៅ​អាជ្ញាធរ​ជាតិ​អប្សរា លោក ស៊ុំ ម៉ាប់ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា បាន​និយាយថា គណៈកម្មការ​ដែល​គ្រោង​នឹង​បង្កើត​ក្នុងពេល​ខាងមុខនេះ ដើរតួ​យ៉ាង​សំខាន់បំផុត សម្រាប់​ទប់ស្កាត់​បទល្មើស​កាប់​ព្រៃ​ខុសច្បាប់ ក៏ដូចជា​ការ​រុករាន​ដី​ក្នុង​តំបន់​អភិរក្ស​នៅ​ប្រាសាទ​កោះ​កេរ។ លោក​ស្នើ​ឲ្យ​គណៈកម្មការ​ថ្មី​នេះ មើល​គំរូ ការអនុវត្ត​ដូច​នៅក្នុង​រមណីយដ្ឋាន​អង្គរ ដូចជា​ការចុះ​អប់រំ​ពលរដ្ឋ​តាម​មូលដ្ឋាន​ជាដើម ព្រោះ​បទល្មើស​ព្រៃឈើ​ភាគច្រើន កើតឡើង​ដោយសារ​ប្រជាពលរដ្ឋ។

តំបន់​កោះ​កេរ មាន​ផ្ទៃដី​ចំនួន ៨១គីឡូម៉ែត្រ​ក្រឡា ដែល​ស្ថិតនៅក្នុង​ភូមិស្រ​យ៉ង់ ស្រុក​គូ​លេន ខេត្តព្រះវិហារ។ រមណីយដ្ឋាន​នេះ ត្រូវបាន​រដ្ឋាភិបាល សម្រេច​ប្រគល់​ឲ្យ​អាជ្ញាធរ​ជាតិ​អប្សរា ជា​អ្នកគ្រប់គ្រង និង​អភិរក្ស​នៅ​ឆ្នាំ២០០៥ ។ រយៈពេលថ្មីៗនេះ មាន​ករណី​កាប់​ឈើប្រណិត​មួយចំនួន បានកើត​ក្នុង​តំបន់​ប្រាសាទ​កោះ​កេរ ដែល​អាជ្ញាធរ​ដាក់​ការសង្ស័យ​លើ​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នោះ៕
 



© រក្សាសិទ្ធិដោយ thmeythmey.com