អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ដូ​ណា​ល់​ត្រាំ បន្ត​បញ្ឆេះ​គំនិត​រើសអើង​ប្រជាជន​ម៉ូ​ស្លី​ម​នៅ​អាមេរិក
08, Dec 2015 , 12:20 pm        
រូបភាព
 
​ម្សិលមិញ​នេះ​បេក្ខជន​នាំមុខ​បក្ស​សាធារណរដ្ឋ ដូ​ណា​ល់ ត្រាំ (Donald Trump) បន្ត​ថ្លែង​សារ​នយោបាយ​ដែល មាន​លក្ខណៈ​រើសអើង​សាសនា​ជាថ្មី​ក្រោយ​ការវាយប្រហារ​ដោយ​ប្តី​ប្រពន្ធ​មួយគូ​ជា​ជន​ម៉ូ​ស្លី​ម​នៅ​កាលី​ហ្វ​រ​នីញ៉ា ។ អ្នកនយោបាយ​រូបនេះ​លោក​បានស្នើ​ឲ​អាជ្ញាធរ​បញ្ឈប់​ប្រជាជន​ម៉ូ​ស្លី​ម​ចូលមកក្នុង​ទឹកដី​អាមេរិក​ទម្រាំ​អាជ្ញាធរ​អាមេរិក​អាច​ដោះស្រាយ​បញ្ហា​ដែល​កំពុង​កើតឡើង​បច្ចុប្បន្ន​បាន​។​


 
​បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​ដែល​នាំមុខគេ ដូ​ណា​ល់ ត្រាំ ម្សិលមិញ​នេះ​បាន​ចេញមុខ​ថ្លែង​សារ​នយោបាយ​ដែល​បង្ហាញ​ពី​ការរើសអើង និង​បង្ក​ប៉ះពាល់​ដល់​អ្នក​កាន់សាសនា​ឥស្លាម​ជាថ្មីទៀត​ពាក់ព័ន្ធ​នឹង​ការបើកទទួល​ប្រជាជន​ម៉ូ​ស្លី​ម​ដែល​ចង់​ចូលមក​រស់នៅ​សហរដ្ឋអាមេរិក​។ 
 
​អ្នកនយោបាយ​អាមេរិក​ដែលជា​មហាសេដ្ឋី​ដីធ្លី តែ​និយាយស្តី​មិនសូវ​ចេះ​គិត​នោះ បានស្នើ​សុំ​ឲ្យ​អាជ្ញាធរ​អាមេរិក​បញ្ឈប់​អនុ​ញ្ញា​ឲ្យ​ប្រជាជន​ម៉ូ​ស្លី​ម​ចូលមកក្នុង​ទឹកដី​អាមេរិក ទម្រាំ​អាជ្ញាធរ​អាច​ដោះស្រាយ​បញ្ហា​ដែល​កំពុង​កើតមានឡើង​បច្ចុប្បន្ន​បាន​។ លោក​ថា​៖« ចាំ​ដល់​ពេលដែល​យើង​អាច​វិនិច្ឆ័យ​និង​យល់ច្បាស់​ពី​បញ្ហា​នេះ និង​គ្រោះថ្នាក់​ដែល​បង្កឡើង​ដោយ​លំហូរ​ចូល​ក្រុមមនុស្ស​នេះ​។ ប្រទេស​យើង​មិនអាច​ក្លាយជា​ជនរងគ្រោះ​នៃ​ការវាយប្រហារ​គួរ​ឲ្យ​ភ័យខ្លាច​ដែល​រៀបចំឡើង​ដោយ​ក្រុមមនុស្ស​ដែល​ជឿជាក់​លើ​កាតព្វកិច្ច​សាសនា (​ជី​ហាត​) និង​គ្មាន​ការគោរព​ជី​វិម​នុស្ស​ឡើយ​»​។ 
 
​បេក្ខជន​ប្រធានាធិបតី​រូបនេះ ចេញមុខ​លើកឡើង​បែបនេះ ដោយសារ​ការវាយប្រហា​រ​នៅ​កាលី​ហ្វ​រ​នីញ៉ា ដែល​បង្កឡើង​ដោយ​ប្តី​ប្រពន្ធ​ដែល​ត្រូវបាន​គេ​សន្និដ្ឋានថា​រង​ការ​ដុសខាត់​ផ្នត់គំនិត​ក្លាយជា​ជន​ជ្រុលនិយម​និង​ស្រលាញ់​ហិង្សា​នោះ​។ 
 
​យ៉ាងណាក៏ដោយ អ្នកនយោបាយ​រូបនេះ​មិនបាន​បញ្ជាក់​ទេ​ថា តើ​គំនិត​របស់លោក​ក្នុងការ​ហាមឃាត់​ប្រជាជន​ម៉ូ​ស្លី​ម​ចូលមកក្នុង​ទឹកដី​ខ្លួន​នោះ​សម្តៅលើ​អ្នកទេសចរ​ឬ​ក្រុម​ប្រជាជន​អន្តោប្រវេសន៍​ឡើយ​។ ហើយ​គេ​ក៏​មិនដឹង​ច្បាស់​ថា វិធានការ​បែបនេះ​មាន​ឥទ្ធិពល​លើ​ប្រជាជន​អាមេរិក​-​ម៉ូ​ស្លី​ម​ដែល​កំពុងស្នាក់នៅ​ក្រៅប្រទេស​ឬក៏​អត់​ទេ​។ 
 
 ប៉ុន្តែ ពាក្យសម្តី​អ្នកនយោបាយ​ម្នាក់នេះ គ្មាន​ប្រយោជន៍​អ្វី​សោះ​សម្រាប់​ជួយ​ដោះស្រាយ​បញ្ហា​ដែល​កំពុង​កើតឡើង​ក្នុងសង្គម​អាមេរិក​។ ផ្ទុយទៅវិញ ពាក្យសម្តី​បែបនេះ​ត្រឹមតែ​បង្ក​ឲ្យ​គំនិត​ស្អប់ខ្ពើម និង​ការរើសអើង​ប្រឆាំង​អ្នក​កាន់សាសនា​ផ្សេងទៀត​ជាពិសេស​ប្រជាជន​ម៉ូ​ស្លី​ម​តែម្តង​។​
 
​ក្រោយ​ការវាយប្រហារ​សម្លាប់រ​ង្គា​ល​មនុស្ស​នៅ​ទីក្រុង​ប៉ារីស​ថ្ងៃ ១៣ វិច្ឆិកា លោក ដូ​ណា​ល់ ត្រាំ ចាប់ផ្តើម​ព្យាយាម​ទាញ​ប្រយោជន៍​នយោបាយ​តាមរយៈ​ការ​បញ្ឆេះ​គំនិត​ស្អប់ខ្ពើម  វាយប្រហារ​រដ្ឋាភិបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា និង​ប្រជាជន​ម៉ូ​ស្លី​ម​នៅ​អាមេរិក​។ កន្លងមក​លោក បានស្នើ​ឲ្យ​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​ឈប់​ទទួលយក​ជនភៀសខ្លួន​មកពី​ស៊ី​រី ដោយ​លើកឡើង​ពី​បញ្ហា​សន្តិសុខ​ជាដើម​។ ហើយ  រឿង​ដែល​គួរ​ឲ្យ​អស់សំណើច​នោះ លោក​បានប្រកាសថា អាមេរិក​ត្រូវការ​សាងសង់​ជញ្ជាំង​និង​របង​ជាដើម​ដើម្បី​ការពារ​ទឹកដី​អាមេរិក​ពី​ក្រុម​ភេរវជន​និង​ធ្វើ​ឲ្យ​អាមេរិក​ក្លាយជា​ប្រទេស​អស្ចារ្យ​ជាថ្មីទៀត​៕ 
 
 

Tag:
 ដូ​ណា​ល់​ត្រាំ​
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com