អន្តរជាតិ
អ៊ីរ៉ាក់​ចង់​សុំ​អ​ន្តា​គម​ន៍​យោធា​រុស្ស៊ី​ដើម្បី​បណ្តេញ​ទ័ព​តួ​ក​គី​
09, Dec 2015 , 9:39 pm        
រូបភាព
​អ៊ីរ៉ាក់​នៅ​បន្ត​ទាមទារ​ឲ្យ​តួ​ក​គី​ដកទ័ព​ចេញពី​ទឹកដី​របស់ខ្លួន ប៉ុន្តែ​តួ​ក​គី​មិនមាន​ឆន្ទៈ​ដក​កងទ័ព​ចេញពី​ទឹកដី​អ៊ីរ៉ាក់​ទេ​។ គេ​មើលឃើញ​ជំហរ​របស់​រដ្ឋាភិបាល​អ៊ីរ៉ាក់​ដែរ ដោយ​ចង់​សុំ​ជំនួយ​ពី​រុស្ស៊ី​ដើម្បី​បង្ខំ​ឲ្យ​រដ្ឋាភិបាល​តួ​ក​គី​ដកទ័ព​ខ្លួន​ដែល​កំពុង​កាន់កាប់​ទីតាំង​ក្បែរ​ខេត្ត Mosul​។  វា​អាចជា​រឿង​ចម្លែក​ដែរ ព្រោះ​កន្លងមក​រដ្ឋាភិបាល​អ៊ីរ៉ាក់​ជំទាស់​ការពង្រាយ​ទ័ព​បរទេស​ជាពិសេស​អាមេរិក​មកកាន់​ទឹកដី​ខ្លួន តែ​ពេលនេះ​បែរជា​ងាក​ទៅរក​ជំនួយ​កងទ័ព​របស់​រុស្ស៊ី​ទៅវិញ​។



​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖



​ទោះបីជា​មានការ​ស្នើសុំ​ពី​ភាគី​អ៊ីរ៉ាក់​ក៏ដោយ រដ្ឋាភិបាល​តួ​ក​គី​មិនទាន់​ចេញ​បញ្ជា​ដកទ័ព​និង​សព្វាវុធ​ចេញពី​ទឹកដី​អ៊ីរ៉ាក់​ឡើយ​។ កន្លងមក​អ៊ីរ៉ាក់​ដាក់​ឱសានវាទ​រយៈពេល​៤៨​ម៉ោង​ឲ្យ​តួ​ក​គី​ដកទ័ព​ចេញពី​ទឹកដី​ខ្លួន បើ​មិន​ដូច្នេះ​ទេ អ៊ីរ៉ាក់​នឹង​នាំ​សំណុំ​រឿងនេះ​កាន់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។​

​អ៊ីរ៉ាក់​បាន​ចោទប្រកាន់​រដ្ឋាភិបាល​តួ​ក​គី​ថា បាន​ឈ្លានពាន​និង​រំលោភ​អធិបតេយ្យ​របស់ខ្លួន​យ៉ាងធ្ងន់ធ្ងរ ប៉ុន្តែ​តួ​ក​គី​ថា ខ្លួន​កំពុង​ជួយ​កងទ័ព​អ៊ីរ៉ាក់​ដែល​កំពុង​ប្រយុទ្ធ​ជាមួយ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហ​នោះ​។

-​អ៊ីរ៉ាក់​ចង់​សុំ​អន្តរាគមន៍​យោធា​រុស្ស៊ី​បណ្តេញ តួ​ក​គី​ពី​ទឹកដី​ខ្លួន​
​ក្រៅពី​គំរាម​ប្តឹង​តួ​ក​គី​ទៅ​អង្គការសហប្រជាជាតិ មកទល់ពេលនេះ​រដ្ឋាភិបាល​អ៊ីរ៉ាក់​ហាក់​បង្ហាញ​ឆន្ទៈ​សុំ​ការអន្តរាគមន៍​ពី​រដ្ឋាភិបាល​ក្រេ​ម​ឡាំង​វិញ​ម្តង​។ រដ្ឋាភិបាល​អ៊ីរ៉ាក់​ចង់បាន​អន្តរាគមន៍​យោធា ប៉ុន្តែ​គេ​មិន​បានដឹង​ច្បាស់​ថា​មាន ការស្នើសុំ​ជា​ផ្លូវការ​ទៅកាន់​រដ្ឋាភិបាល​រុស្ស៊ី​ជា​ផ្លូវការ​រួចទៅហើយ​ឬក៏​យ៉ាងណា​ឡើយ​។​

​ប្រធាន​គណៈកម្មាធិការ​សភា​ទទួលបន្ទុក​សន្តិ​សុខ​និង​ការពារជាតិ​លោក Hakim al-Zamili បាន​អះអាង​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន Al- Araby Al- Jadeed ថា​រដ្ឋាភិបាល​ក្រុង​បា​ដា​ដ អាច​នឹង​ងាក​ទៅសុំ​ជំនួយ​ឲ្យ​មាន​អន្តរាគមន៍​យោធា​ដោយផ្ទាល់​ពី​ក្រុង​ម៉ូស្គូ ដើម្បី​តបត​ការរំលោភ​អធិបតេយ្យ​អ៊ីរ៉ាក់​យ៉ាងធ្ងន់ធ្ងរ​ពី​សំណាក់​រដ្ឋាភិបាល​តួ​ក​គី​កន្លងមក​នោះ​។ វា​អាចជា​ឱកាស​មួយ​ដែរ​សម្រាប់​រដ្ឋាភិបាល​អ៊ីរ៉ាក់​ព្រោះ​ទ័ព​រុស្ស៊ី​កំពុង​រួម​ដៃ​ជាមួយ​អ៊ីរ៉ង់ និង​ស៊ី​រី ច្បាំង​កម្ចាត់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នៅ​ទីនោះ​ស្រាប់ ហើយ​រដ្ឋាភិបាល​រុស្ស៊ី​កំពុងតែ​ទាស់ទែង​ជាមួយ​តួ​ក​គី​ស្រាប់​ក្រោយ​ការបាញ់​យន្តហោះ​រុស្ស៊ី​ទម្លាក់​។ ប៉ុន្តែ​គេ​មិន​រំពឹងថា រុស្ស៊ី​នឹង​ប្រើប្រាស់​កម្លាំង​ទ័ព​ឡើយ ទោះជា​មានការ​ស្នើសុំ​ជា​ផ្លូវការ​ក៏ដោយ​។  វា​ជា​រឿង​មួយ​ធ្ងន់ធ្ងរ​នៅពេលដែល​រុស្ស៊ី​ប្រើប្រាស់​កម្លាំង​ទ័ព​ចូល​អន្តរាគមន៍​ដើម្បី​បណ្តេញ​ទ័ព​តួ​ក​គី ព្រោះ​វា​នឹង​បណ្តាល​ឲ្យ​មានការ​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ​ទ្រង់ទ្រាយ​ធំ​។​

១.​អ៊ីរ៉ាក់​ជំទាស់​ទ័ព​អាមេរិក តែ​ចង់​សុំ​អន្តរាគមន៍​ពី​រុស្ស៊ី​វាយ​ក្រុម​ដែ​ស្ហ​
​ថ្មីៗ​នេះ​រដ្ឋាភិបាល​អ៊ីរ៉ាក់​បានប្រកាសថា ខ្លួន​មិន​ត្រូវការ​ការពង្រាយ​ក​ង​ទ័ព​បរទេស​នៅលើ​ទឹកដី​ខ្លួន​ទេ ជាពិសេស​កងទ័ព​អាមេរិក​តែម្តង​។ អ៊ីរ៉ាក់​ថា ទ័ព​បរទេស​អាច​បើក​ប្រតិបត្តិការ​នៅលើ​ទឹកដី​ខ្លួន​បាន​ដរាបណា​មានការ​អនុញ្ញាត​ពី រដ្ឋាភិបាល​អ៊ីរ៉ាក់​ជាមុន​។ អាមេរិក​មាន​កងទ័ព​ខ្លួន​រាប់ពាន់នាក់​រួចហើយ​ដែល​កំពុង​ឈរជើង​នៅ​ទឹកដី​អ៊ីរ៉ាក់​ដើម្បី​បង្វឹក​ទ័ព​រដ្ឋាភិបាល ហើយ​ក្រុង​វ៉ាស៊ីនតោន​ក៏​ចង់​ពង្រាយ​ទ័ព​បន្ថែម​ទ័ព​ទៅ​អ៊ីរ៉ាក់​ដើម្បី​ពង្រឹង​យុទ្ធសាស្ត្រ​កម្ចាត់​ក្រុម​ភេរវជន​ដែ​ស្ហ​ដែរ​។

​កន្លងមក​រដ្ឋាភិបាល​ក្រុង​បា​ដា​ដ ហាក់បីដូចជា​ទោរទន់​ទៅរក​រុស្ស៊ី ហើយក៏​ធ្លាប់​បង្ហាញ​គម្រោង​សុំ​ឲ្យ​រុស្ស៊ី​ពង្រីក​ការអន្តរាគមន៍​វាយប្រហារ​ក្រុម​រដ្ឋ​ឥស្លាម​ពី​ស៊ី​រី​មកកាន់​ទឹកដី​អ៊ីរ៉ាក់​ផងដែរ​។ នេះ​ក៏​ដោយសារតែ​សម្ព័ន្ធ​អន្តរជាតិ​ដឹកនាំ​ដោយ​ក្រុង​វ៉ាស៊ីនតោន​បាន​អន្តរាគមន៍​កម្ចាត់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហ​អស់​ជាង​មួយឆ្នាំ​មកហើយ ប៉ុន្តែ​មិនឃើញ​មាន​លទ្ធផល​ជា​ដុំកំភួន​ឡើយ​។ ក្រុម​ភេរវជន​នៅតែ​អាច​ពង្រីក​ការកាន់កាប់​របស់ខ្លួន​បាន ហើយ​ក្រុម​នេះ​នៅ​បន្ត​រកចំណូលបាន​ជាប​ន្ត​បន្ទាប់​ដើម្បី​ពង្រឹងកម្លាំង​របស់ខ្លួន​បាន​ងាយ​។

​ក្រោយ​ពេលដែល រដ្ឋាភិបាល​រុស្ស៊ី​ចាប់ផ្តើម​អន្តរាគមន៍​នៅលើ​ទឹកដី​ស៊ី​រី ដើម្បី​ជួយ​រដ្ឋាភិបាល​លោក អាសាដ ពង្រឹងកម្លាំង​របស់ខ្លួន​ឡើងវិញ អ៊ីរ៉ាក់​មើលឃើញ​ពី​ចំណុច​វិជ្ជមាន និង​ប្រសិទ្ធភាព​នៃ​អន្តរាគមន៍​របស់​រុស្ស៊ី​ថែមទៀត​។ ខាង​ភាគី​រុស្ស៊ី​បាន​អះអាង​ដែរ​ថា ខ្លួន​ពិចារណា​សម្រាប់​ការជួយ​អន្តរាគមន៍​កម្ចាត់​ភេរវជន​នៅ​អ៊ីរ៉ាក់ បើសិនជា​មានការ​ស្នើសុំ​ពី​រដ្ឋាភិបាល​អ៊ីរ៉ាក់​៕



© រក្សាសិទ្ធិដោយ thmeythmey.com