ជាតិ
សេដ្ឋកិច្ច
លោក ហ៊ុន សែន ប្រកាស​ពី​បរាជ័យ​នៃ​ផែន​ការនាំ​អង្ករ​ចេញ​ឲ្យ​បាន​១​លាន​តោន​នៅ​ឆ្នាំ​២០១៥
10, Dec 2015 , 8:39 pm        
រូបភាព
​នៅក្នុង​ឆ្នាំ​២០១៥​នេះ កម្ពុជា​មិនអាច​សម្រេចបាន​នូវ​ផែនការ​ជំរុញ​ការនាំចេញ​ការនាំចេញ​អង្ករ​ឲ្យ​បាន​១​លាន​តោន​ក្នុង​១​ឆ្នាំ​បាន​នោះទេ​។ ក្នុង​រយៈពេល ១០​ខែ ក្នុង​ឆ្នាំ​២០១៥ នេះ កម្ពុជា​ទើបតែ​សម្រេចបាន​ការនាំចេញ​តែ​ជាង​៤០​ម៉ឺន​តោន​ប៉ុណ្ណោះ​។​



​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ទទួលស្គាល់ថា កម្ពុជា​មិនអាច​សម្រេចបាន​នូវ​ផែនការ​នេះដែរ​។ នៅក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​ជាតិ នៃ​លទ្ធផល​ចុងក្រោយ​ជំរឿន​កសិកម្ម​កម្ពុជា នៅ​វិមាន​សន្តិភាព នៅ​ថ្ងៃទី​១០​ខែធ្នូ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ពន្យល់​ពី​មូលហេតុ ដែល​កម្ពុជា​បរាជ័យ​ក្នុង​គោលដៅ​នាំចេញ​អង្ករ​១​លាន​តោន​នេះ​។

​សម្រាប់​ប្រមុខ​រដ្ឋាភិបាល មាន​មូលហេតុ​ចំនួន​២​ដែល​កម្ពុជា​បរាជ័យ​ក្នុងការ​ជំរុញ​ការនាំចេញ​អង្ករ​។ មូលហេតុ​ទី​១  ដោយសារ​ប្រទេស​កម្ពុជា​ធ្លាប់ជា​ប្រទេស​ខ្វះ​ស្បៀង ជា​ប្រទេស​នាំចូល​ស្បៀង ហើយ​កម្ពុជា​មិនបាន​ត្រៀមខ្លួន​សម្រាប់​ត​ម្រូ​វ​ការនាំចេញ​អង្ករ ដែលជា​ហេតុ​ធ្វើ​ឲ្យ​វិនិយោគិន មិនបាន​មើលឃើញ​ពី​ការកើនឡើង​យ៉ាង​ឆាប់រហ័ស​នៃ​ផលិតកម្ម​ស្រូវ អង្ករ​របស់​កម្ពុជា​។ បើតាម​លោក ហ៊ុន សែន កម្ពុជា​ក៏​ខ្វះ​ម៉ាស៊ីនកិនស្រូវ​ដែល​អាច​នាំចេញ​បាន ព្រមទាំង​ខ្វះខាត​ថវិកា​សម្រាប់​ប្រមូល​ទិញស្រូវ​របស់​ប្រជាពលរដ្ឋ​ផងដែរ​។   មូលហេតុ​ទី​២ គឺ​ការប្រកួតប្រជែង​ជាមួយ​ប្រទេសជិតខាង​ដែលជា​ប្រទេស​នាំចេញ​អង្ករ ដូចជា​ប្រទេស​ថៃ វៀតណាម ឡាវ និង​មី​យ៉ាន់​ម៉ា​ជាដើម​។

​តែ​យ៉ាងណាក៏ដោយ លោកនាយ​រដ្ឋមន្ត្រី ក៏បាន​សាទរ​អំពី​ជោគជ័យ​របស់​កម្ពុជា ដែល​ប្រែក្លាយ​ពី​ប្រទេសមួយ​ដែល​ខ្វះខាត​ស្បៀង ទៅជា​ប្រទេស​ដែលមាន​អតិរេក​ស្បៀង​តិចតួច ពោល​គឺមាន​អតិរេក​ស្រូវ​ជាង​៥​លាន​តោន ដែល​គិត​ជា​អង្ករ​គឺ​ជាង​៣​លាន​តោន​។​

​សូមបញ្ជាក់ថា​ក្នុង​រយៈពេល​១០​ខែ ក្នុង​ឆ្នាំ​២០១៥​នេះ កម្ពុជា​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​បាន​ចំនួន​៤០៨,១៦៩​តោន កើនឡើង​៣៣.៩​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី ឆ្នាំ​២០១៤ ៕


Tag:
 អង្ករ
© រក្សាសិទ្ធិដោយ thmeythmey.com