កីឡាជាតិ
​បច្ចេកវិទ្យា
កម្ពុជា​៖ អ្នកប្រើប្រាស់​អ៊ីនធឺណិត​មាន​ជាង​៦​លាន​នាក់ ភាគច្រើន​ប្រើ​ក្នុង​ទូរ​សព្ទ​ចល័ត​
11, Dec 2015 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ មកទល់​ខែកញ្ញា​ឆ្នាំ​២០១៥​នេះ ទិន្នន័យ​អ្នកប្រើប្រាស់​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​នៅ​កម្ពុ​ជាមាន​ចំនួន​៦​លាន​២​សែន​នាក់ ដែល​ក្នុងនោះ​ភាគច្រើន​ប្រើប្រាស់​ក្នុង​ទូរ​សព្ទ​ចល័ត​។ នេះ​បើតាម​អត្ថបទ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​សា​ព័ត៌មាន AKP​។ តាម AKP កម្ពុជា​មានការ​ប្រើប្រាស់​ស៊ីម​ទូរ​សព្ទ​ជាង​២១​លាន​ស៊ីម ជាប់​ចំណាត់ថ្នាក់​ទី​២​នៅ​តំបន់​អាស៊ាន​។​

 
​តាម​ការអះអាង​របស់​លោក កាន ច័ន្ទ​មេ​តា្ត រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ មកដល់​ខែកញ្ញា​ឆ្នាំ​២០១៥​នេះ កម្ពុ​ជាមាន​អ្នកប្រើប្រាស់​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​ចំនួន​៦​លាន​២​សែន​នាក់ ដែល​ក្នុងនោះ​អ្នកប្រើប្រាស់​អ៊ីនធឺណិត​តាម​ប្រព័ន្ធ​ទូរ​សព្ទ​ចល័ត​ស្ទើរតែ​៩៨​ភាគរយ​ទៅហើយ​។​
 
​ទាក់ទិន​នឹង​ការប្រើប្រាស់​ប្រព័ន្ធ​ទូរ​សព្ទ​ចល័ត​នេះដែរ លោក កាន ច័ន្ទ​មេ​តា្ត បន្ត​អះអាង​ទៀតថា មកដល់​ខែកញ្ញា​ឆ្នាំ​២០១៥​នេះ មានការ​ជាវ​ស៊ីម​ទូរស័ព្ទ​ចំនួន​ជាង​២១​លាន​ស៊ីម ស្មើនឹង​១៥០​ភាគរយ​ទៅ​១៥៥​ភាគរយ​នៃ​ចំនួន​ប្រជាពលរដ្ឋ​កម្ពុជា​សរុប​។ 
 
​មន្ត្រី​រូបនេះ​ដដែល​បាន​ព្យាករណ៍​ថា ក្នុង​ឆ្នាំ​២០២០ ប្រជាជន​កម្ពុជា​នៅ​ទូទាំងប្រទេស គ្រប់​ទីកន្លែង​ទាំង​ទីប្រជុំជន និង​តំបន់​ដាច់ស្រយាល​នឹង​ទទួលបាន​សេវា​ទូរ​សព្ទ និង​សេវា​អ៊ីនធឺណិត​ប្រើប្រាស់​គ្រប់ៗ​គ្នា​ទាំងអស់​។​
 
​លោក ម៉ូ​វ ចរិយា ប្រធាន​បញ្ញត្តិ​ករ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ មានប្រសាសន៍ថា ក្នុងប្រទេស​កម្ពុជា​បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​ដែល​កំពុង​បម្រើសេវា​កម្ម​ទូរ​សព្ទ មាន​ចំនួន​៨​ក្រុមហ៊ុន ក្នុងនោះ​ក្រុមហ៊ុន​ទូរ​សព្ទ​ខ្នាត​ធំជាងគេ​មាន​៣​ក្រុមហ៊ុន​។ មន្ត្រី​រូបនេះ​បញ្ជាក់ថា ប្រទេស​កម្ពុ​ជាមាន​ចំណាត់ថ្នាក់​ទី​២ បន្ទាប់ពី​ប្រទេស​សិង្ហ​បុរី ដែល​ប្រើប្រាស់​ទូរ​សព្ទ​ចល័ត​ច្រើនជាងគេ​នៅក្នុង​បណ្តា​ប្រទេស​អាស៊ាន​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com