កីឡាជាតិ
ជាតិ
ជំនួប​ដណ្តើម​លេខ​បី MCL៖ បឹងកេត​មាន​ទុន​នាំមុខ​ថា​យ​ហ្គឺ​រ ៤-៣
11, Dec 2015 , 11:18 am        
រូបភាព
ដោយ: រួបរួម
​បឹងកេត​អង្គរ និង​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ត្រូវ​តទល់​គ្នា​ដណ្តើម​ចំណាត់ថ្នាក់​លេខ​បី​នៃ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក នា​វេលា​ម៉ោង​៦​ល្ងាច​នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ បឹងកេត​អង្គរ​កំពុង​មានប្រៀប​ជាមួយនឹង​ជ័យជម្នះ ៤-៣ កាលពី​ជើង​ទីមួយ​។



​កាលពី​ជំនួប​ជើង​ទី​មួយនា​ថ្ងៃទី​២២ ខែវិច្ឆិកា បឹងកេត​អង្គរ បានទទួល​ជ័យជម្នះ ៣-២ លើ​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ដូច្នេះ​ក្រុម​ដែលមាន​មូលដ្ឋាន​នៅ​ខេត្តកំពង់ចាម មានឱកាស​ខ្ពស់​ក្នុងការ​កាន់កាប់​តំណែង​លេខ​៣ សម្រាប់​យុទ្ធនាការ​ដណ្តើមពានរ​ង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ​២០១៥ នេះ​។​

​បើ​គិត​ចាប់តាំងពី​ចាញ់​ណាហ្គា​វើ​ល ៣-១ នា​ជំនួប​វគ្គ​ខ្វែង​កាលពី​ថ្ងៃទី​២៥ ខែតុលា បឹងកេត​អង្គរ​បាន​យកឈ្នះ​៥​ប្រកួត​ជាប់ៗ​គ្នា ដោយ​រាប់បញ្ចូល​ទី​ទាំង​ជ័យជម្នះ​លើ Lao Toyota, Yangon United និង Becamex Binh Duong ក្នុង​ព្រឹត្តិការណ៍ Toyota Mekong Club Championships​។​

​បឹងកេត​ដែល​កំពុង​ត្រៀមខ្លួន​សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ Toyota Mekong Club ជាមួយ​ជើងឯក​ថៃ Buriram United នោះ បាន​បង់​ឱកាស​ដណ្តើម​ជើងឯក​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក ជា​លើក​ទី​ពីរ​។ កាលពី​ឆ្នាំ​២០១២ ពួកគេ​បាន​ជើងឯក​លើកដំបូង ហើយ​បញ្ចប់​ចំណាត់ថ្នាក់​លេខ​២ ពីរ​រដូវ​កាល​ជាប់ៗ​គ្នា​។​

​សម្រាប់​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ពួកគេ​នៅតែមាន​សន្ទុះ​ចិត្ត​ប្រឹងប្រែង​ដើម្បី​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣​នៅ​ឆ្នាំ​២០១៥​នេះ បន្ទាប់ពី​ពួកគេ​ទទួលបាន​ចំណាត់ថ្នាក់​នេះ​រួចទៅហើយ​ក្នុង​ព្រឹត្តិការណ៍​ដណ្តើមពាន​រង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំ​២០១៥ ។​

​កាលពី​រដូវ​កាល ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ដែល​ប្រើ​ឈ្មោះថា ត្រាយ​អាស៊ី​ភ្នំពេញ បានបញ្ចប់​ចំណាត់ថ្នាក់​លេខ​៤ នៅក្នុង​ព្រឹត្តិការណ៍​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​។​

​ចាន់ វឌ្ឍនាកា ដែល​រក​គ្រាប់​បាល់​បញ្ចូល​ទី​សរុប​៣៧​គ្រាប់​សម្រាប់​បឹងកេត កំពុង​ត្រៀមខ្លួន​ទទួល​ពានរង្វាន់​ស្បែកជើង​មាស​ប្រចាំ​រដូវ​កាល​។ ទោះបីជា​យ៉ាងណាក៏ដោយ បឹងកេត​មិនអាច​លេង​ដោយ​ធ្វេសប្រហែស​នោះឡើយ ពីព្រោះ​ខ្សែប្រយុទ្ធ​កា​ម៉េ​រូ​ន Privat Mbarga ដែល​រកបាន​១៩​គ្រាប់​ឲ្យ​ថា​យ​ហ្គឺ​រ គឺ​កម្លាំង​មួយ​ដ៏​គ្រោះថ្នាក់​៕


Tag:
 MCL2015
  បាល់ទាត់​
© រក្សាសិទ្ធិដោយ thmeythmey.com