កីឡាជាតិ
ជាតិ
អត្ត​ព​លិ​ក​ប៉ា​រ៉ា​ហ្គេម​កម្ពុជា​ទទួលបាន​ការ​ស្វាគមន៍​ពី​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច
11, Dec 2015 , 7:19 pm        
រូបភាព
ដោយ:
​កីឡាករ​-​កីឡាការិនី​ជនពិការ​កម្ពុជា​បាន​មកដល់​កម្ពុជា​វិញ​ហើយ​កាលពី​យប់​ថ្ងៃទី​១០ ខែធ្នូ ដោយ​នាំមក​ជាមួយ​នូវ​មេដាយ​ចំនួន​៩ ពី​ព្រឹត្តិការណ៍​អាស៊ី​កីឡា​ប៉ា​រ៉ា​ហ្គេម​លើក​ទី​៨ រយៈពេល​៧​ថ្ងៃ នៅ​ប្រទេស​សិង្ហ​បុរី​។ ការមកដល់​កម្ពុជា​នេះដែរ ដោយ​ទទួលបាន​ការស្វាគមន៍​ពី​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីត​យុវជន និង​យុវ​និតិ​សម្បទា​។



​កីឡាករ​កីឡាការិនី​ជនពិការ​កម្ពុជា​អម​មកជា​មួយ​នូវ​មេដាយ​ចំនួន​៩​គ្រឿង​បានមក​ដល់​កម្ពុជា​វិញ​ហើយ​កាលពី​យប់​ថ្ងៃទី​១០ ខែធ្នូ ដោយ​ទទួល​បានការ​ស្វា​គម​ពី​សំណាក់​គណៈប្រតិភូ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ជាពិសេស​ទទួល​បានកា​រ​ដង្ហែ​ក្បួន​អម​ជាមួយ​វង់ភ្លេង​ឆៃយ៉ាំ មកកាន់​ក្រសួង​សង្គមកិច្ច អតីត​យុវជន និង​យុវ​និតិ​សម្បទា ដើម្បី​ចូលជួប លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីត​យុវជន និង​យុវ​និតិ​សម្បទា​។ 

​ឆ្លៀត​ក្នុងឱកាស​នោះដែរ លោក វង សូត បាន​មានប្រសាសន៍​កោតសរសើ​រ​ដល់​អត្ត​ព​លិ​ក​ពិការ​ទាំងនោះ ដែល​បាន​លះបង់​ពេលវេលា​ដ៏​មានតម្លៃ និង​កម្លាំងកាយ​របស់​ខ្លួន ដើម្បី​កិត្តិយស​ជាតិ​។ លោក​រដ្ឋមន្ត្រី​ទទួលស្គាល់ថា​កាលពីពេល​កន្លងមក​លោក​មិនដែល​បានរៀបចំ​ទទួល​អត្ត​ព​លិ​ក​ពិការ​សមរម្យ​នោះទេ នេះ​ជា​លើកទីមួយ​ហើយ​ដែល​រៀបចំ​ទទួល​ដូច្នេះ​។

​គួរ​បញ្ជាក់ថា សម្រាប់​ការប្រកួត​កីឡា​ប៉ា​រ៉ា​ហ្គេម​ជើងឯក​អាស៊ី​លើក​ទី​៨​នៅ​ប្រទេស​សិង្ហ​បុរី អត្ត​ព​លិ​ក​កម្ពុជា​ទទួលបាន​មេដាយ​ចំនួន​៩​គ្រឿង​(​មាស​១ ប្រាក់​២ និង​សំរឹទ្ធ​៦ )​ដោយ​មេដាយ​ទាំងនេះ​រកបាន​ដោយ​អត្ត​ព​លិ​ក​៧​នាក់ ក្នុងនោះ​មាន​កីឡាករ ប៊ុង ហុង កីឡាករ ឈុន ពន់ កីឡាករ ហេង សាវឿន កីឡាករ សាន ម៉ៅ កីឡាករ វ៉ាន់ វុន កីឡាករ ង៉ែត បូ និង​កីឡា​ការ​នី ធិ​ន សេង​ហុន ក្នុងនោះ កីឡាករ ប៊ុង ហុង និង ឈុន ពន់ បានទទួល​មេដាយ​រហូតដល់​ទៅ​ពីរ​។​

​អត្ត​ព​លិ​ក​ជនពិការ​ដែល​ទទួល​បាន​មេដាយ​ទាំងនោះ នឹង​ទទួលបាន​ប្រាក់​លើកទឹកចិត្ត​ពី​សំណាក់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​ផងដែរ ដោយ​មេដាយមាស​ទទួលបាន​ថវិកា ៤០​លាន​រៀល ចំណែក​មេដាយប្រាក់​ទទួល​បាន​ថវិកា​ចំនួន ៣២​លាន​រៀល និង​មេដាយ​សំរឹទ្ធ​ទទួលបាន​ថវិកា ២៤​លាន​រៀល​។​

​ក្នុង​ព្រឹត្តិការណ៍​ដែល​រៀបចំ​ពីថ្ងៃ​ទី​៣ ដល់​ថ្ងៃទី​៩ ខែធ្នូ ថៃ​ទទួលបាន​មេដាយ​ច្រើនជាងគេ​លើ​គ្រប់​ប្រភេទ​មេដាយ ដោយ​រកបាន​សរុប​២៥០​គ្រឿង ខណៈ​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង​វៀតណាម សុទ្ធ​តែមាន​ចំនួន​លើស​១០០​គ្រឿង​។ ម្ចាស់ផ្ទះ​សឹង្ហ​បុរី មី​យ៉ាន់​ម៉ា និង​ហ្វីលីពីន ឈ្នះ​មេដាយ​លើស​១០​គ្រឿង ខណៈ​ប្រ៊ុយណេ​ឈរ​ពីលើ​កម្ពុជា ដោយ​រកបាន​សរុប​១២​គ្រឿង រីឯ​ឡាវ​រកបាន​ប្រាក់​២​គ្រឿង និង​សំរឹទ្ធ​៣​គ្រឿង ស្ថិតនៅ​បាត​តារាង​៕
 

Tag:
 ប៉ា​រ៉ា​ហ្គេម​
  វង សូត
© រក្សាសិទ្ធិដោយ thmeythmey.com