ជាតិ
កម្ពុជា​មិន​ជួប​វិបត្តិ​មនុស្ស​វ័យ​ចំណាស់​ព្រោះ​អត្រា​មនុស្ស​ចាស់​លើស​៦៥​ឆ្នាំមាន​តិច​
12, Dec 2015 , 3:41 pm        
រូបភាព
ដោយ:

​ភ្នំពេញ​៖ ប្រទេស​កម្ពុជា​នឹងមិន​ជួប​វិ​ប​តិ្ត​នៃ​កំណើន​មនុស្ស​វ័យ​ចំណាស់​ទេ​ក្នុង​រយៈពេល​២០​ឬ​៣០​ឆ្នាំ​ខាងមុខនេះ ពីព្រោះ​មានតែ​៤%​ប៉ុណ្ណោះ​នៃ​ប្រជាជន​ប្រទេស​ក្រីក្រ​នេះ មាន​សុខ​ភាពល្អ​គួរសម អាចរ​ស់បាន​អាយុ​លើសពី​៦៥​ឆ្នាំ​។ ប៉ុន្តែ​អ្នក​សេដ្ឋវិទូ​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវ​ពិនិត្យមើល​ឡើងវិញ​ចំពោះ​ការអនុវត្ត​គោលនយោបាយ​សាធារណៈ ដូចជា​ប្រព័ន្ធ​សោធន​និវត្តន៍ ដែល​នៅ​មិនទាន់​ដំណើរការ​បានល្អ​។​



​សេដ្ឋវិទូ​នៃ​ធនាគារពិភពលោក​ថ្លែងថា ប្រទេស​កម្ពុជា​មិនទាន់​ប្រឈមមុខ​នឹង​ហានិភ័យ​នៃ​ការប៉ះពាល់​សេដ្ឋកិច្ច ដោយ​ការឈាន​ចូល​វ័យ​ចំណាស់​របស់​ពលរដ្ឋ​ខ្លួន​នៅក្នុង​រយៈពេល​២០​ឆ្នាំ​ទៅមុខទៀត​នោះទេ បើ​ធៀប​ទៅនឹង​ប្រទេស​ដទៃទៀត​នៅ​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក តែ​ប្រទេស​ក្រីក្រ​នេះ​ត្រូវ​ត្រៀម​ផែនការ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការកើនឡើង​នៃ​ប្រជាជន​វ័យ​ចំណាស់​ទៅ​ថ្ងៃ​ខាងមុខ​។​

​ការ​ថ្លែង​យ៉ាង​ដូច្នេះ​កើតមាន​នៅក្នុង​ការចេញ​ផ្សាយ​របាយការណ៍​រប​ស់​ធនាគារពិភពលោក ដែលមាន​ចំណងជើង​ថា «​រស់នៅ​បាន​អាយុ​វែង និង​បាន​ថ្កុំថ្កើង​៖ ការឈាន​ចូល​វ័យ​ចំណាស់​នៅក្នុង​តំបន់​អាស៊ី​បូព៌ា​និង​ប៉ា​ស៊ី​ហ្វិ​ក‍​»​។ ការចេញផ្សាយ​របាយការណ៍​នេះ​ធ្វើឡើង​នៅក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន និង​ផ្សាយ​ផ្ទាល់​មកកាន់​ការិយាល័យ​ធនាគារពិភពលោក​នៅ​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃ​ពុធ​នេះ​។​

​លោក Philp O'Keefe ប្រធាន​ក្រុម​អ្នកនិពន្ធ​របាយការណ៍​នេះ ថ្លែងថា កម្ពុជា​ត្រូវ​ផ្តោតទៅលើ​ការកែសម្រួល​គោលនយោបាយ​សាធារណៈ​មួយចំនួន​ដែល​មិនទាន់​ដំណើរការ​បានល្អ ដូចជា​គោលនយោបាយ​ប្រាក់​សោធន​និវត្តន៍ ឬ​ប្រាក់​ចូលនិវត្តន៍​។  លោក​ថា កម្ពុជា​ត្រូវ​រក​លទ្ធភាព​នៃ​ការធ្វើ​ឲ្យ​គោលនយោបាយ​នេះ​ដំណើរការ​ទៅមុខ​បាន ហើយ​ថា រដ្ឋាភិបាល​ក៏ត្រូវ​ផ្តល់​ការអប់រំ​ដល់​ប្រជាពលរដ្ឋ​វ័យក្មេង​ប្រកបដោយ​គុណភាព យ៉ាងហោចណាស់​ត្រឹម​កម្រិត​អនុវិទ្យាល័យ ដើម្បី​រក្សាបាន​នូវ​ភាព​ប្រកួតប្រជែង​នៅក្នុងពេល​២០​ឆ្នាំ​ខាងមុខ​ទៀត​។​
«​អ្នក​ពិតជា​ត្រូវ​បង្កើន​ការអប់រំ​ភ្លាមៗ ពី​ពេល​ឥឡូវនេះ​ទៅ បើសិនជា​អ្នក​អាចធ្វើ​បាន ពីព្រោះ​នៅមុន​ពេលដែល​អ្នក​បាន​ឈានទៅដល់​សង្គម​មួយ​ដែលជា​សង្គម​មាន​មនុស្ស​ចាស់​ច្រើន និង​ប្រសិនបើ​មនុស្ស​វ័យក្មេង​ជា​មធ្យម​មិនទាន់​ទទួលបាន យ៉ាងហោចណាស់​ការអប់រំ​កម្រិត​អនុវិទ្យាល័យ អ្នក​មិនអាច​មាន​ភាព​ប្រកួតប្រជែង​នៅពេល​អ្នក​ឈានដល់​ពេលនោះ​ឡើយ​»​។​

​លោក​បាន​ពន្យល់​បន្ថែម​ថា កម្ពុជា​គួរ​គិតគូ​ទៅដល់​គោលនយោបាយ​មួយចំនួន​ដែល​ត្រូវដាក់​ឲ្យ​អនុវត្ត​នៅក្នុង​ទីផ្សារការងារ និង​វិស័យ​ផ្សេងទៀត សម្រាប់​ត្រៀម​ឆ្លើយតប​ទៅនឹង​ចំនួន​ប្រជាជន​ដែល​នឹង​ចម្រើន​វ័យ ហើយ​អាចមាន​ជីវភាព​ធូរធា ដោយ​លោក​បាន​លើក​ជា​ឧទាហរណ៍​ថា កម្ពុជា​អាច​បំបាត់​ឧបសគ្គ​នានា​ដើម្បី​បើកផ្លូវ​ឲ្យ​មានការ​ចូលរួម​របស់​ស្ត្រី​នៅក្នុង​ទីផ្សារពលកម្ម​ឲ្យ​កាន់តែ​ច្រើនឡើង​។​

«​ឧទាហរណ៍ ដូចជា​ការបំបាត់​ឧបសគ្គ​ទាំងឡាយ ដើម្បី​ឲ្យ​មានការ​ចូលរួម​របស់​ស្ត្រី​នៅក្នុង កម្លាំង​ពលកម្ម ដោយ​មិនមាន​គោលនយោបាយ​កំណត់​អាយុ​បង្ខំ​ឲ្យ​ពួកគេ​ចូលនិវត្តន៍​ទេ នៅពេលដែល​ពួកគេ​មិន​ចង់​ចូលនិវត្តន៍​»​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ធនាគារ​ពិភពលោក ដែល​និយាយ​អំពី​របាយការណ៍​ដែលមាន​ចំណងជើង​ថា «​រស់នៅ​បាន​អាយុ​វែង និង​បាន​ថ្កុំថ្កើង​»​នេះ បានសរសេរថា ល្បឿន​នៃ​ភាព​ឈានចូល​វ័យ​ចំណាស់​មាន​ភាពខុសគ្នា​ទៅតាម​ប្រទេស​នីមួយៗ​។​

​ប្រទេស​អ្នកមាន ដូចជា ជប៉ុន សិង្ហ​បុរី និង​កូរ៉េខាងត្បូង​ដែលមាន «​មនុស្ស​ចាស់​ច្រើនជាងគេ​» នោះ គឺមាន​ប្រជាជន​១៤% ឬ​ច្រើនជាង​នេះ បាន​ឈាន​ចូលដល់​អាយុ​តិចជាង​៦៥​ឆ្នាំ​រួចទៅហើយ​។ នៅក្នុង​ប្រទេស​ដែល​ប្រជាជន​ប្រជាជន​វ័យក្មេង​ច្រើនជាងគេ និង​ក្រីក្រ​ជាងគេ ដូចជា​កម្ពុជា ឡាវ និង​ប៉ា​ពូ​ញូ​ហ្គី​នី មានតែ​ប្រជាជន​៤%​ប៉ុណ្ណោះ មាន​អាយុ​ចាស់​ជាង​៦៥​ឆ្នាំ ក៏ប៉ុន្តែ​ប្រជាជន​នៃ​ប្រទេស​ទាំងនេះ​នឹង​ចាប់ផ្តើម​ឈានចូល​វ័យ​ចំណាស់​យ៉ាង​ឆាប់រហ័ស​នៅក្នុង​រយៈពេល​ពី​២០​ទៅ​៣០​ឆ្នាំ​ខាងមុខ​។ បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍​ដែលមាន​ប្រាក់ចំណូល​មធ្យម ដូចជា ចិន ថៃ និង​វៀតណាម កំពុង​ឈានចូល​វ័យ​ចំណាស់​យ៉ាង​លឿន និង​ជួប​នូវ​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​បំផុត​មួយចំនួន​ក្នុងការ​គ្រប់គ្រង​មនុស្ស​ឈានចូល​វ័យ​ចំណាស់​។​

​របាយការណ៍​នេះ​បានផ្តល់​អនុសាសន៍​ថា បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍​នៅក្នុង​តំបន់​អាស៊ី​បូព៌ា បាន​ចាត់វិធានការ​ដើម្បី​ធ្វើកំណែទម្រង់​ផែនការ​ប្រាក់​សោធន​និវត្តន៍​បច្ចុប្បន្ន​របស់ខ្លួន រួមទាំង​ការពិចារណា​ក្នុងការ​បង្កើន​អាយុ​ចូលនិវត្តន៍​បន្តិច​ម្តងៗ​។ សម្រាប់​ប្រទេស​នានា ដែលមាន​ប្រជាជន​វ័យក្មេង​ច្រើន  របាយការណ៍​នេះ​បានផ្តល់​ជា​យោបល់​ថា រដ្ឋាភិបាល​ត្រូវ​គិតគូរ​ពិចារណា​លើ​ការឈាន​ចូល​វ័យ​ចំណាស់​ដ៏​ឆាប់រហ័ស​ក្នុងពេល​អនាគត និង​បង្កើត​ប្រព័ន្ធ​ប្រាក់​សោធន​និវត្តន៍​ដែលមាន​ចីរភាព​។​

​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​ថ្លែងប្រាប់ VOA ថា រាជរដ្ឋាភិបាល​កម្ពុជា កំពុងធ្វើការ​កែទម្រង់​លើ​ប្រព័ន្ធ​សោធន​និវត្តន៍ ដោយ​ផ្អែកលើ​គោលការណ៍​សមធម៌​។​
«​យើង​មាន​ពង្រឹង​ថែមទៀត ដូចជា​ការប្រាក់​សោធន​និវត្តន៍​។ មិនមែន​យើង​បោះបង់ចោល​គាត់​ទេ គឺ​យើង​ដំឡើង ក៏ប៉ុន្តែ​ឲ្យ​មាន​អ្វី​ទៅ ឲ្យ​មាន​សមធម៌​ជាមួយ​អ្នក​សកម្ម​នេះឯង​។ ជំនាន់​នេះ យើង​យល់ឃើញថា វា​អាច​ទទួលបាន​ផល​តិចតួច​អំពី​អ្វី​ទៅ​ដែលថា ផែនការ​សុវត្ថិភាព នៅក្នុង​សង្គម​របស់​យើង​នោះ ផ្នែក​សុខភាព​ក៏ដូចជា​ផ្នែក​សោធន​និវត្តន៍​។ ក៏ប៉ុន្តែ​នៅក្នុង ប្រហែល​១០​ទៅ​២០​ឆ្នាំ​ទៀត យើង​បានល្អ យុវជន​នោះ​ក្លាយទៅជា​អ្វី​ទៅ​ដែល​គេ​ហៅថា សកម្ម​នៅក្នុង​ចលនា​សេដ្ឋកិច្ច​ទីផ្សារសេរី​»​។​

​លទ្ធផល​នៃ​ការស្ទង់មតិ ដែល​ចេញផ្សាយ​ដោយ​អង្គការ​ខុមហ្វ្រែល​កាលពីដើមឆ្នាំ​២០១៥​នេះ បាន​រកឃើញថា មាន​ប្រជាពលរដ្ឋ​ប្រមាណ​៥៦,៦%​មិន​ពេញ​ចិត្តនឹង​គោលនយោបាយ​រដ្ឋាភិបាល​អាណត្តិ​ទី​៥​រយៈពេល​មួយឆ្នាំ​កន្លងទៅនេះ​ទេ ហើយ​មានតែ​ប្រជាពលរដ្ឋ​ប្រមាណ​៤៤,៤%​តែប៉ុណ្ណោះ​ដែល​បាន​និយាយថា បាន​ពេញចិត្ត​ខ្លះ និង​មិន​ពេញចិត្ត​ខ្លះ​។
រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​បានសម្រេច​ពេញលេញ​នូវ​ការបំពេញ និង​ការអនុវត្ត​គោលនយោបាយ​ចំនួន​៦​ក្នុងចំណោម​គោលនយោបាយ​ទាំង​១៦​នៃ​គោ​លន​យោ​បាល​ដែលមាន​សូចនាករ​ច្បាស់លាស់​។  គោលនយោបាយ​ដែល​អនុវត្តបាន​ពេញលេញ​នោះ​គឺ​កំណើនសេដ្ឋកិច្ច​៧%​ក្នុង​មួយឆ្នាំ ការកាត់បន្ថយ​ភាពក្រីក្រ​អត្រា​១%​ក្នុង​មួយឆ្នាំ ការបញ្ឈប់​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ជាដើម​។​

​គោលនយោបាយ​ចំនួន​៣ គឺ​គោលនយោបាយ​នាំ​អង្ករ​ចេញ ការរក្សា​ផ្ទៃដី​ដែល​គ្របដណ្តប់​ដោយ​ព្រៃឈើ និង​ការដាក់​ឲ្យ​ដំណើរការ​របប​ប្រាក់​សោធន​និវត្តន៍​សម្រាប់​កម្មករនិយោជិត​ក្នុង​វិស័យ​ឯកជន​នោះ រដ្ឋាភិបាល​អនុវត្ត​មិនបាន​សម្រេច​តាម​ការសន្យា​របស់ខ្លួន​នោះទេ​។​

​លោក Sudhir Shetty ប្រធាន​សេដ្ឋកិច្ចវិទូ​របស់​ធនា​គារ​ពិភពលោក​ប្រចាំ​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ថ្លែងថា ភាគច្រើន​នៃ​ប្រជាពលរដ្ឋ​រស់នៅក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍​ក្នុង​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក​នឹងត្រូវ​ចម្រើន​វ័យ​កាន់តែ​ចាស់ នៅមុន​ពេល​ពួកគេ​ក្លាយជា​អ្នកមាន​ទ្រព្យ បើ​មើល​ទៅលើ​ប្រព័ន្ធ​ប្រាក់​ចូល​និវត្ត៍ និង​ការចំណាយ​ទៅលើ​ការថែទាំ​សុខភាព​។  លោក​បញ្ជាក់ថា នេះ​ជា​ក្តីបារម្ភ​មួយ​របស់​ប្រជាពលរដ្ឋ​រស់នៅក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍​នៅក្នុង​តំបន់​ទាំងពីរ​នេះ​។​

«​កី្ត​បារម្ភ​ច្បាស់​មួយ​នៅក្នុង​រឿងនេះ​គឺថា ភាគច្រើន​នៃ​ប្រជាជន​រស់នៅ​ប្រទេស​កំពុងអភិវឌ្ឍន៍​ក្នុង​តំបន់​នេះ​នឹង​កាន់​តែមាន​វ័យចាស់​ទៅៗ នៅមុន​ពេល​ពួកគេ​ក្លាយជា​អ្នកមាន  ឬក៏​អាច​និយាយ​ម្យ៉ាងទៀត ដូចជា​អ្នកសេដ្ឋកិច្ច​ចូលចិត្ត​ហៅ​នោះ​គឺថា ប្រទេស​ទាំងនោះ​នឹងមាន​កម្រិត​ប្រជាជន​ចាស់ជរា​ដែល​ត្រូវការ​ការពឹងផ្អែក​ខ្ពស់ជាង​ប្រជាជន​ចាស់ជរា​នៅក្នុង​ប្រទេស​អ្នកមាន​សព្វថ្ងៃនេះ​»​។​

​របាយការណ៍​របស់​ធ​នាគារ​ពិភពលោក​ដដែល​នេះ​សរសេរថា ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម និង​ប្រទេស​អ្នកមាន​អាច​នឹង​បាត់បង់​មនុស្ស​ចំនួន​១៥%​ដែលមាន​អាយុ​អាចធ្វើ​ការ​បាន នៅត្រឹម​ឆ្នាំ​២០៤០​។ របាយការណ៍​នេះ​រកឃើញថា ៣៦%​នៃ​ប្រជាជន​នៅលើ​ពិភពលោក ដែលមាន​អាយុ​៦៥​ឆ្នាំ និង​លើស​នេះ ឬ​ប្រជាជន​ចំនួន​២១១​លាន​នាក់ កំពុង​រស់នៅក្នុង​តំបន់​អាស៊ី​បូព៌ា គឺជា​ចំនួន​មួយ​ច្រើនជាងគេ​បំផុត​ធៀប​ទៅក្នុង​តំបន់​ទាំងអស់​។ នៅត្រឹម​ឆ្នាំ ២០៤០ កំណើន​មនុស្ស​ឈានចូល​វ័យ​ចំណាស់ អាច​នឹងធ្វើ​ឲ្យ​ចំនួន​មនុស្សពេញវ័យ​ដែល​អាចធ្វើ​ការ​បាន ថយចុះ​ច្រើនជាង​១៥%​នៅក្នុង​ប្រទេស​កូរ៉េ និង​ច្រើនជាង​១០%​នៅក្នុង​ប្រទេស​ចិន ថៃ និង​ជប៉ុន​។ ពលករ​ចំនួន​៩០​លាន​នាក់​អាច​នឹង​បាត់បង់​បើ​គិតតែ​ប្រទេស​ចិន​មួយ​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com