កីឡាជាតិ
ជាតិ
កែ ឡេង ចាត់ទុក ថៃ វៀតណាម និង​ឡាវ ជា​គូប្រជែង​ដ៏​ខ្លាំង​ក្នុង​ព្រឹត្តិការណ៍​ជើងឯក​អាស៊ី​
13, Dec 2015 , 1:12 pm        
រូបភាព
ដោយ:

កីឡាការិនី កែ ឡេង ម្ចាស់​ជើងឯក​លំដាប់​ពិភពលោក បានចាត់ទុក​ប្រទេស​ចំនួន​៣ ជា​ឧបសគ្គ​ធំ​របស់​កម្ពុជា​ក្នុងការ​ដណ្តើមយក​ម្ចាស់​ជើងឯក​អាស៊ី​កីឡា​ប៉េតង់​ប្រចាំឆ្នាំ​២០១៥ ដែល​កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​នេះ ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​១៩ ខែធ្នូ​។ ការប្រកួត​នឹងធ្វើ​ឡើង​នៅ​អគារ​ដំបូលទូក​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។​


​កីឡា​ការ​នី កែ ឡេង បានចាត់ទុក​ប្រទេស ថៃ វៀតណាម និង​ឡាវ ជា​ឧបសគ្គ​ធំ​សម្រាប់​ការប្រកួត​កីឡា​ប៉េតង់​ជើងឯក​អាស៊ី​ប្រចាំឆ្នាំ​២០១៥ ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​១៩ ខែធ្នូ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។ ទោះបីជា​យ៉ាងនេះ​ក្តី​អ្នកស្រី​បានចាត់ទុក​ការភ័យខ្លាច​គ្រាន់តែ​ជា​អារម្មណ៍​ម្នាក់ៗ​ប៉ុណ្ណោះ ចំពោះ​ខ្លួន​អ្នកស្រី​ផ្ទាល់​មិនមាន​ការភ័យខ្លាច​នោះទេ​ជួប​ជាមួយ​អ្នកណា​ប្រកួត​ជាមួយ​អ្នកនោះ ធ្វើយ៉ាងណា​ប្រកួត​ឱ្យ​អស់ពី​សមត្ថភាព​ក្នុងនាម​ខ្លួន​ជា​ម្ចាស់ផ្ទះ ជាពិសេស​ត្រូវ​ដណ្តើមយក​មេដាយ​ជូន​ជាតិ​ឱ្យបាន​។​

​កែ ឡេង បាន​បញ្ជាក់ថា​៖«​សម្រាប់​ប្រទេស​ទាំងអស់នេះ ខ្ញុំ​គិតថា​មានតែ​ប្រទេស​វៀតណាម ឡាវ និង​ថៃ​ប៉ុណ្ណោះ ដែល​យើង​ធ្វើការ​ប្រកួតប្រជែង​គ្នា​យ៉ាង​ស្វិតស្វាញ និង​តានតឹង​ដាក់គ្នា​ទៅវិញទៅមក​។ ប្រទេស​ដទៃ​នៅ​លឺ​ឈ្មោះថា​កម្ពុជា ថៃ តែងតែ​មានការ​ភ័យ តែ​សម្រាប់​កម្ពុជា​មិន​ខ្លាច​នោះទេ ទោះបី​ខ្លាំង​ប៉ុនណា​ក៏ដោយ ធ្វើយ៉ាងណា​ប្រកួត​ឱ្យ​អស់ពី​សមត្ថភាព​»​។​

​លោក អ៊ឹម ផាត គ្រូបង្វឹក​ផ្នែក​បុរស និង​ជា​ប្រធាន​គ្រូបង្វឹក​កីឡា​ប៉េតង់​ជម្រើសជាតិ​កម្ពុជា​បាន​យល់ឃើញ ដូច​ការគិត​របស់​កីឡាការិនី កែ ឡេង ផងដែរ​។ ដោយ​លោក​លើកឡើងថា​៖«​មានតែ​៤​ប្រទេស​ប៉ុណ្ណោះ ថៃ ឡាវ ម៉ាឡេស៊ី និង​វៀតណាម ដែល​ខ្ញុំ​បារម្ភ​ក្រៅពីនេះ​ខ្ញុំ​មិនមាន​ការបារម្ភ​នោះទេ តែ​អ្វីដែល​យើង​បារម្ភ​បំផុត​គឺ​ថៃ​»​។

​ទោះបីជា​យ៉ាងណាក៏ដោយ កីឡាការិនី​ម្ចាស់​ជើងឯក​ពិភពលោក​ម្នាក់នេះ​បាន​កត់សម្គាល់ថា សម្រាប់​ការប្រកួត​មួយរយៈ​ចុងក្រោយ​នេះ​ឃើញថា​សមត្ថភាព​ប្រទេស​ដែល​ចូលរួម​ប្រកួត​មានការ​កើនឡើង ជាពិសេស​ប្រទេស​ម៉ាឡេស៊ី មាន​សមត្ថភាព រីកចម្រើន​ប្រហាក់ប្រហែល​នឹង​ប្រទេស​ថៃ វៀតណាម និង​ឡាវ​ដែរ​។ ហើយ​អ្នកស្រី​បាន​ទទួលស្គាល់ថា នៅពេល​ជួប​ប្រកួត​ជាមួយនឹង​ម៉ាឡេស៊ី វា​មានការ​លំបាក​បន្តិច​ក្នុង​ការយក​ពិន្ទុ ដោយសារ​ប្រទេសមួយ​នេះ​លេង​លក្ខណៈ​ចូល​ប៊ូល​អប់រំ មានន័យថា​លេង​បែប​ចូល​បាំង​មិនឱ្យ​យើង​បាន​ពិន្ទុ​ច្រើន ប៉ុន្តែ​បើ​លេង​វាយ​ដូចគ្នា​យើង​មានប្រៀប​ជាង និង​ងាយស្រួល​ក្នុង​ការយក​ពិន្ទុ​។​

​គួរ​បញ្ជាក់ថា សម្រាប់​ការប្រកួត​នៅ​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​១៩ ខែធ្នូ ខាងមុខនេះ កីឡា​ការ​នី កែ ឡេង ម្ចាស់​ជើងឯក​លំដាប់​ពិភពលោក នឹង​ប្រកួត​ក្នុង​វិញ្ញាសា​វាយ​ជា​ក្រុម​សន្សំ​ពិន្ទុ និង​ប្រកួត​យក​ពិន្ទុ​។ ហើយ​នៅថ្ងៃនោះ​ដែរ កីឡាការិនី កែ ឡេង បាន​ប្តេជ្ញា​នឹង​ដណ្តើមយក​មេដាយ​ជូន​ជាតិ​ឱ្យបាន​៕ 


Tag:
 ប៉េតង់
© រក្សាសិទ្ធិដោយ thmeythmey.com