កីឡាជាតិ
ជាតិ
​ការប្រកួត SCG Muangthong United នៅ​កម្ពុជា​ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​
14, Dec 2015 , 11:35 am        
រូបភាព
ដោយ:
​បាងកក​៖ ក្រុមហ៊ុន SCG របស់​ប្រទេស​ថៃ​បានធ្វើ​សន្និសីទកាសែត​មួយ នៅ​ថ្ងៃទី​១៣ ខែធ្នូ ដើម្បី​ផ្ដល់ព័ត៌មាន​ពី​ការប្រកួត​មិត្តភាព SCG MUANGTHONG UNITED ASEAN TOUR 2016 រវាង​ក្រុម​មកពី​ប្រទេស កម្ពុជា ថៃ និង វៀតណាម នាពេលខាងមុខ​។ លោក រិទ្ធី សំណាង ម្ចាស់​ក្លិប​ភ្នំពេញ​ក្រោ​ន ដែល​ទទួលបន្ទុក​ជា​អ្នកចាត់ការ​ក្រុម K-Cement All Star របស់​កម្ពុជា ក៏មាន​វត្តមាន​ចូលរួម​សន្និសីទ​នេះដែរ​។



​នៅ​ថ្ងៃទី​១៣ ខែធ្នូ ក្រុមហ៊ុន​ថៃ SCG ដែលជា​អ្នក​ឧបត្ថម្ភ​ធំ​របស់​ក្រុមកីឡា​បាលទាត់ SCG Muangthong United ក្នុង​លី​ក​កំពូល​របស់​ថៃ បានធ្វើ​ស​ន្នី​សិទ​កាសែត​ស្ដីពី​ការប្រកួត  SCG MUANGTHONG UNITED ASEAN TOUR 2016 ដែលជា​ការប្រកួត​លើក​ទី​១ ។ ថ្លែង​ទៅ កាន់​អ្នកយកព័ត៌មាន​នៅឯ​កីឡដ្ឋាន SCG លោក Yuttana Jiamtragan អនុប្រធាន​ផ្នែក Corporate Administration របស់​ក្រុមហ៊ុន SCG បានបញ្ជាក់​ពី​គោលបំណង​នៃ​ការបង្កើត​កម្មវិធី​ប្រកួត​នេះ​ដោយ​លោក​លើកឡើងថា ការប្រកួត​នេះ​នឹង​ជួយ​ពង្រឹង​មិត្តភាព​រវាង​ប្រជាជន​ក្នុង​តំបន់​អាស៊ាន និង​ដើម្បី​ជាការ​ស្វាគមន៍​សមាហរណកម្ម​អាស៊ាន​នៅ​ចុងឆ្នាំ​២០១៥ ។​

​ជាមួយគ្នានេះដែរ លោក Ronnarit Seuwaja អ្នកចាត់ការ​ក្រុមបាលទាត់ SCG Muangthong United បានលើកឡើង​ប្រហាក់ប្រហែល​នឹង​លោក Yuttana ដែរ ដោយ​លោក​បាន​និយាយថា ការប្រកួត​នេះ​នឹង​ជួយ​ជំរុញ​មិត្តភាព​រវាង​ប្រទេស​និង​ប្រទេស​ក្នុង​អាស៊ាន​។ មួយវិញទៀត ការប្រកួត​នេះ​នឹង​ផ្ដល់ឱកាស​សម្រាប់​ក្រុម​លោក ក្នុង​រៀបចំខ្លួន​ដើម្បី​ប្រកួត​ក្នុង​ក្របខណ្ឌ AFC ផងដែរ​។ ហើយ​ទាក់ទង​នឹង​កីឡាករ​វិញ លោក Seuwaja បញ្ជាក់ថា ក្រុម​របស់លោក​នឹង​យក​កីឡាករ​ទាំងអស់​ទៅ​ប្រកួត​ជាមួយ​ក្រុម​កម្ពុជា​និង​ក្រុម​វៀតណាម​។ 

​ចំណែកឯ​លោក រិទ្ធី សំណាង ប្រធាន​ក្លឹប​ភ្នំពេញ​ក្រោ​ន និង​ជា​អ្នកចាត់ការ​ក្រុម K-Cement All Star ដែលមាន​កីឡាករ​មកពី​លី​ក​កំពូល​របស់​កម្ពុជា​ក៏បាន​បង្ហាញ​ពី​អារម្មណ៍​របស់លោក​ចំពោះ​ការប្រកួត​នេះដែរ​។ លោក​ថា នេះ​មិន​ត្រឹមតែ​ជាការ​ប្រកួត​កីឡា​នោះទេ តែ​ជាការ​ផ្លាស់ប្ដូរ​វប្បធម៌​រវាង​ប្រទេស​នឹង​ប្រទេស ហើយ​ចំណូល​ដែល​បានមកពី​ការលក់​សំបុត្រ​នឹងត្រូវ​ប្រគល់ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​ទៀតផង​។ លោក រិទ្ធី សំណាង បន្តទៀតថា លោក​មាន​មោទនភាព​ដែល​បាន​លេង​ជាមួយ​ក្រុម​យក្ស​របស់​ថៃ ព្រោះ SCG Muangthong United ជា​ក្រុម​កំពូល​ប្រចាំ​ប្រទេស​ថៃ​។

​សូមបញ្ជាក់ថា ក្រុម SCG Muangthong United នឹង​មក​ប្រកួត​ជាមួយ​ក្រុម​កីឡាករ​កម្ពុ​ជា នៅ​ពហុ​កីឡដ្ឋាន​អូឡាំពិក នៅ​ថ្ងៃទី ១៦ ខែមករា ឆ្នាំ​២០១៦ មុននឹង​ទៅ​ប្រកួត​នៅ​វៀតណាម ដែលជា​ផ្នែក​នៃ​ការប្រកួត SCG MUANGTHONG UNITED ASEAN TOUR 2016 លើក​ទី​១​។



Tag:
 SCG Muangthong United
  K-Cement All Star
© រក្សាសិទ្ធិដោយ thmeythmey.com