ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ជា ចំរើន ដាក់​លិខិត​សុំ​បង្កើត​បក្ស​ថ្ងៃស្អែក ហើយ​មាន​អនុប្រធាន​បក្ស​ជា​សែ​រាជវង្ស​
14, Dec 2015 , 2:24 pm        
រូបភាព
លោក ជា ចំរើន នៅខាងឆ្វេង ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ចក្រី​នុពល​ នៅខាងស្តាំ​
លោក ជា ចំរើន នៅខាងឆ្វេង ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ចក្រី​នុពល​ នៅខាងស្តាំ​
​អតីតមន្ត្រី​ជាន់ខ្ពស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា លោក ជា ចំរើន នឹងដាក់​លិខិត​ទៅកាន់​ក្រសួងមហាផ្ទៃ ដើម្បី​សុំ​បង្កើត​គណបក្ស នៅ​ម៉ោង​៣ រសៀល ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៥ ។ ថ្នាក់ដឹកនាំ​សំខាន់ៗ​នៅក្នុង​បក្ស​នេះ ក៏មាន​សែ​រាជវង្ស​មួយអង្គ​ផងដែរ​។​



​នៅ​ថ្ងៃ​ស្អែ​នេះ គឺជា​ពេលវេលា​ជាក់លាក់​ហើយ ដែល​លោក ជា ចំរើន នឹងដាក់​លិខិត​ទៅកាន់​ក្រសួងមហាផ្ទៃ ដើម្បី​សុំ​បង្កើត​គណបក្សនយោបាយ​របស់ខ្លួន ដែលមាន​ឈ្មោះថា «​គណបក្ស​កម្ពុជា​សេរីភាព​»​។ លោក​បញ្ជាក់​ដូច្នេះ​ថា​៖«​ថ្ងៃស្អែក​នេះ គឺជា​ការកំណត់​ច្បាស់លាស់​មែនទែន​ហើយ ដែល​យើង​សម្រេច​ថា​នឹងដាក់​លិខិត​ទៅកាន់​ក្រសួងមហាផ្ទៃ​»​។​

​ទាក់ទង​នឹង​រចនាសម្ព័ន្ធ និង​ថ្នាក់ដឹកនាំ​គណបក្ស លោក ជា ចំរើន បានបង្ហាញ​ខ្លះៗ​ថា រូបលោក គឺជា​ប្រធាន​គណបក្ស ព្រះអង្គម្ចាស់​ស៊ី​សុ​វ​ត្តិ ចក្រី​នុព​ល ជា​អនុប្រធាន លោក ញ៉ែម ប៊ុនថន ជា​អគ្គលេខាធិការ និង​លោក ហោ គ​ន្ធា ជា​អគ្គ​ហេរញ្ញិក​។

​ព្រះអង្គម្ចាស់ ស៊ី​សុ​វ​ត្តិ ចក្រី​នុព​ល ជា​អតីត​មនុស្សស្និទ្ធិជាមួយ​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ និង​ធ្លាប់​ចូលរួម​​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ព្រមទាំង​គណបក្ស​សម្បុ​ក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​របស់លោក ម៉ម សូណង់ដូ​។ នៅក្នុង​គណបក្ស​លោក ម៉ម សូណង់ដូ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ចក្រី​នុព​ល ទទួល​តួនាទី​ជា​អគ្គលេខាធិការរង​ទទួលបន្ទុក​អគ្គនាយក​ដ្ឋា​ន​កិច្ចការរដ្ឋបាល និង​ទំនាក់ទំនង​អន្តរជាតិ​។​

​លោក ជា ចំរើន លើកឡើងថា នៅ​ចុងឆ្នាំ​២០១៥ ពោលគឺ ចាប់ពី​ថ្ងៃទី​២៦ ខែធ្នូ​នេះ លោកនឹង​ចាប់ផ្តើម​រៀបចំ​រចនាសម្ព័ន្ធ​គណៈកម្មាធិការ​ប្រតិបត្តិ​តាម​រាជធានី​ខេត្ត​នានា ហើយក៏​ជា​ពេលដែល​រូបលោក ត្រូវ​ចុះ​ប្រមូល​ស្នាមមេ​ដៃ​ពី​ប្រជាពលរដ្ឋ ឲ្យ​គ្រប់​ចំនួន​៤០០០​នាក់ ផងដែរ​។​

​បើតាម​លោក ជា ចំរើន គោលការណ៍​សំខាន់ៗ​មួយចំនួន ត្រូវបាន​គណៈកម្មាធិកា​រ​បណ្តោះអាសន្ន​របស់​គ​ណ​បក្ស​ព្រាងទុក​រួចរាល់​ហើយ ដើម្បី​បញ្ចូល​ក្នុង​គោលនយោបាយ​ជា​អាទិភាព​។ គោលនយោបាយ​ទាំងនោះ មានដូចជា ការបណ្តុះបណ្តាល​ប្រជាពលរដ្ឋ ជាពិសេស​យុវជន​ឲ្យ​យល់​ពី​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិសេរីភាព​, កែប្រែ​ប្រព័ន្ធយុត្តិធម៌​, ពង្រឹង​វិស័យ​កសិកម្ម និង​ដោះស្រាយ​បញ្ហា​ប្រាក់ខែ​កម្មករ ជាដើម​៕



Tag:
 ជា ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com