ពីនេះ ពីនោះ
ហ្ស​ង់​សាក់ រូ​ស្សូ ៖ មនុស្ស​មាន​សិទ្ធិសេរីភាព ប៉ុន្តែ​វា​ជា​សិទ្ធិ​​សេរីភាព​ដែល​ជាប់ច្រវាក់​!
15, Dec 2015 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សេរីភាព គឺជា​ការចង្អុលបង្ហាញ​អំពី​ចរិត​លក្ខ​ណៈ​នៃ​ភាពសុខសាន្ដ ដែល​មនុស្ស​មាន​សេរីភាព​ពេញលេញ​ក្នុងការ​អនុវត្តតាម​សិ​ទ្ធិ​ដែល​បាន​កំណត់ដោយ​ច្បាប់ ។ មនុស្ស​ត្រូវបាន​វិនិច្ឆ័យ​ថា មាន​សេរីភាព​នៅពេលដែល មនុស្ស​ខ្លួនឯង​គឺជា​សេរីភាព ហើយ​វា​មិនមាន​ព្រះអាទិទេព ជា​អ្នកកំណត់​នោះទេ​។ តែ​មនុស្ស​គ្រប់រូប​មាន​សេរីភាព​ផ្សេងៗ​គ្នា ដោយ​មិន​គិតពី វណ្ណៈ​ឬ​មុខងារ​ខ្ពស់​ទាប​ឡើយ ហើយ​សិទ្ធិសេរីភាព​ដែល​អ្នក​បានជ្រើសរើស​ស​ម្រា​ប់​ខ្លួន​ឯង ព្រោះ​សេរីភាព​គឺជា​សេរី​ក្នុងការ​ធ្វើ​អ្វី​ដោយ​គ្មាន​លក្ខ​ខ័​ណ្ឌ​។



​លោក ហ្ស​ង់​ហ្សា​ក់ រូ​ស្សូ​(Jean Jacques Rousseau) ដែលជា​ទស្សនវិទូ​ជន​ជាតិ​បារាំង យល់ឃើញថា​«​មនុស្ស​មាន​សិទ្ធ​សេរីភាព ប៉ុន្តែ​វា​ជា​សិទ្ធិ​សេរីភាព​ដែល​ជាប់ច្រវាក់​»​។ ព្រោះ​មនុស្ស​រស់នៅ​ជា​សង្គម ក្រោយមក​បាន​ប្រែខ្លួន​ទៅជា​រដ្ឋ​។ រដ្ឋ​មាន​ឆន្ទៈ​រួម​របស់ខ្លួន ហើយ​សមាជិក​ម្នាក់ៗ​នៃ​រដ្ឋ នឹង​ក្លាយជា​ផ្នែក​យ៉ាងសំខាន់​មិនអាច​កាត់ផ្តាច់​បាន​ពីរ​ដ្ឋ​។ ចំណែក​រដ្ឋ​ដែលមាន​លក្ខណៈ​ល្អប្រសើរ ចាំបាច់​ត្រូវតែមាន ច្បាប់​សម្រាប់​មនុស្ស​ក្នុងការ​អនុវត្ត​។ មនុស្ស​ម្នាក់ៗ​ត្រូវ​ស្គា​ល់ពី​កាតព្វកិច្ច​សង្គម និង​ស្មារតី​ទទួលខុសត្រូវ​ផ្នែក​សីលធម៌​ក្នុងនាម​ជា​សមាជិក​សង្គម​។​

​ហេតុផល​នេះហើយ​ដែល រូ​ស្សូ យល់ឃើញថា ជា​ធម្មជាតិ​មនុស្ស​កើតមក​មាន​សិទ្ធិ មាន​សេរី​គ្រប់គ្រាន់​ក្នុងនាម​ជាម​នុស្ស ដើម្បី​ធ្វើ​អ្វីដែល​ខ្លួន​ចង់​ធ្វើ​។ ក៏ប៉ុន្តែ​ដោយសារ​មនុស្ស​រស់នៅក្នុង​សង្គម មាន​ទំនាក់ទំនង​គ្នា ស្ថិតក្រោម​ការគ្រប់គ្រង​របស់​រដ្ឋ ហេតុនេះ​សេរីភាព​ទាំងឡាយ​របស់​មនុស្ស មិនអាច​ត្រូវបាន​សម្ដែងឡើង​តាមតែ​ការចង់បាន​របស់​មនុស្ស​បានទេ​។ សិទ្ធិសេរីភាព​ទាំងនោះ​ត្រូវបាន​ជាប់ច្រវាក់​ដោយ​សំណាញ់​ច្បាប់សង្គម​។ ទោះបី​មនុស្ស​ចង់​ធ្វើ​អ្វី​ទៅតាម​គំនិត និង​ចិត្ត​របស់ខ្លួន ក៏ត្រូវ​គិត​អំពី​ច្បាប់សង្គម ផងដែរ​។ ព្រោះនេះ​គឺ​កិច្ចសន្យា​មួយ​ដែល​មនុស្ស​បាន​ព្រមព្រៀងគ្នា ក្នុង​កិច្ចសន្យា​សង្គម​ដើម្បី​បង្កើត​រដ្ឋ​។

​ជារួម​មក សម្រាប់​រូ​ស្សូ មនុស្ស​មាន​សិទ្ធិសេរីភាព ក៏ប៉ុន្តែ​សេរីភាព​ទាំងអស់នោះ​គឺ​មិនអាច​អនុវត្តន៍ ឬ​ប្រើប្រាស់​បាន​គ្រប់ពេល​នោះទេ​។ សិទ្ធិ​និង​សេរីភាព​របស់​មនុស្ស​ត្រូវ​បាន​ជាប់ច្រវាក់​នៃ​សំណាញ់​ច្បាប់​។​



© រក្សាសិទ្ធិដោយ thmeythmey.com