អង្គការសង្គមស៊ីវិលបានលើកឡើងថា អំពើចោរកម្ម ការប្លន់ហើយសម្លាប់ គឺបណ្តាលមកពី ភាពទន់ខ្សោយរបស់សមត្ថកិច្ច និងការខ្វះខាតនៃការអនុវត្តច្បាប់របស់រដ្ឋាភិបាល គួបផ្សំនឹងការធ្លាក់ចុះនៃសីលធម៌សង្គម។ យ៉ាងណាក៏ដោយ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបដិសេធការលើកឡើងរបស់ក្រុមសង្គមស៊ីវិលទាំងនោះ ដោយលោកអះអាងថា សមត្ថកិច្ចខិតខំខ្លាំងណាស់ ដើម្បីគ្រប់គ្រងនិងបង្ក្រាបអំពើទាំងនេះ។
អង្គការក្រៅរដ្ឋាភិបាលសង្កេតឃើញថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ពោលគឺ ចាប់ពីដើមខែធ្នូ ឆ្នាំ២០១៥ អំពើចោរកម្ម ការប្លន់និងសម្លាប់ មានការកើនឡើងជាបន្តបន្ទាប់ ដែលបង្កក្តីបារម្ភយ៉ាងខ្លាំងដល់សុវត្តិភាពរបស់ប្រជាពលរដ្ឋ រួមទាំងអ្នករកស៊ី ជាពិសេសអ្នកជំនួញធំៗ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗនៅថ្ងៃនេះ លោក អំ សំអាត ប្រធានបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សរបស់អង្គការលីកាដូ មានប្រសាសន៍ថា ការកើនឡើងនូវអំពើចោរកម្មក្នុងរយៈកាលចុងក្រោយនេះ បានបង្កការព្រួយបារម្ភ ផ្នែកសន្តិសុខ សុវត្ថិភាព របស់ប្រជាពលរដ្ឋ អាជីវករ អ្នករកស៊ីធំៗ។ លោកបន្ថែថា រដ្ឋាភិបាលគប្បីពង្រឹងនិងបង្កើនកម្លាំងសមត្ថកិច្ច ដើម្បីទប់ស្តាត់អំពើទាំងនេះឲ្យបានទាន់ពេលវេលា។
លោកបញ្ជាក់ដូច្នេះថា៖«អាជ្ញាធរគួរតែបង្កើតកិច្ចការពារ និងបង្រាបឲ្យបានការលេងល្បែងខុសច្បាប់ ការលក់និងសេពគ្រឿងញៀន ព្រោះអំពើទាំងនេះហើយ ដែលជាមូលហេតុចម្បង បណ្តាលឲ្យមានអំពើលួចឆក់ និងប្លន់ រហូតដល់សម្លាប់ទៀត។ រដ្ឋាភិបាលគួរតែពង្រឹងគោលនយោបាយនៅតាមភូមិ-ឃុំ ដោយបន្ថែមកម្លាំងសមត្ថកិច្ច ដើម្បីធានាពីសុវត្ថិភាពនៃការរស់នៅរបស់ប្រជាជន»។
ទាក់ទងនឹងបញ្ហនេះផងដែរ លោកស្រី រស់ សុភាព នាយិកាអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC) បានមើលឃើញបញ្ហាធំៗពីរ ដែលបណ្តាលឲ្យសង្គមខ្មែរកើតអំពើចោរកម្មនិងអំពើឃោរឃៅផ្សេងៗ គឺការធ្លាក់ចុះនៃសីលធម៌សង្គម បូកផ្សំនឹងភាពទន់ខ្សោយនៃការអនុវត្តច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ច។ លោកស្រីបន្ថែមថា ចំណុចអវិជ្ជមានមួយចំនួនរបស់អាជ្ញាធរ ដូចជាការអនុវត្តច្បាប់មិនតឹងរឹង ភាពទន់ខ្សោយនៃការស៊ើបអង្កេតរកជនល្មើស និងការយឺតយ៉ាវក្នុងការចាប់ជនល្មើសមកផ្តន្ទាទោស សុទ្ធតែជាហេតុបណ្តាលឲ្យជនល្មើសបានចិត្ត និងមានឱកាសក្នុងប្រព្រឹត្តអំពើចោរកម្ម។
នាយិការូបនេះបានបញ្ជាក់ដូច្នេះថា៖« ខ្ញុំយល់ថា ឲ្យតែសមត្ថិកិច្ចពង្រឹងការអនុវត្តច្បាប់និងយកចិត្តទុកដាក់ក្នុងការបង្ក្រាបជនល្មើស នោះអំពើលួចប្លន់ កាប់សម្លាប់ ប្រាកដជាមានការថយចុះ»។
យ៉ាងណាក៏ដោយ ការលើកឡើងរបស់មន្ត្រីសង្គមស៊ីវិលបែបនេះ ត្រូវបានអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ច្រានចោល ដោយលោកអះអាងថា ជាការប្រាសចាកពីអ្វីដែលសមត្ថកិច្ចបានខិតខំកន្លងមក។ លោកបន្ថែមថា ការលើកឡើងរបស់សង្គមស៊ីវិលទាំងនេះ គឺគ្រាន់តែជាសិទ្ធិបញ្ចេញមតិប៉ុណ្ណោះ តែមិនមែនជាការពិតនោះទេ ។
លោកបញ្ជាក់បែបនេះថា៖«ទោះបីជាអំពើចោរកម្ម ការប្លន់ ការសម្លាប់ នៅតែកើតមាន ហើយបង្កការព្រួយបារម្ភដល់ប្រជាពលរដ្ឋក៏ពិតមែន តែមិនមែនរហូតដល់សមត្ថកិច្ចគ្រប់គ្រងមិនបាននោះទេ។ សមត្ថកិច្ចខិតខំខ្លាំងណាស់ដើម្បីគ្រប់គ្រងស្ថានភាពនេះ រហូតចាប់បានជនល្មើសជាបន្តបន្ទាប់ ហើយជនសង្ស័យផ្សេងទៀត កំពុងតែស្ថិតក្នុងការស៊ើបអង្កេតរបស់សមត្ថកិច្ច»។
អ្នកនាំពាក្យរូបនេះ បានបន្តថា កម្លាំងសមត្ថកិច្ចតែងតែពង្រឹងសមត្ថភាពរបស់ខ្លួន និងមានការយកចិត្តទុកដាក់ក្នុងការការពារសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ ជាងនេះទៅទៀត រូបលោក ក៏បានស្នើដល់ប្រជាពលរដ្ឋគ្រប់រូប ឲ្យមានការប្រុងប្រយ័ត្នខ្ពស់និងចេះការពារសុវត្ថិភាពផ្ទាល់ខ្លួន ផងដែរ៕