អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក អូ​បា​ម៉ា​នឹង​ទៅ​គុយបា បើ​លោក​អាច​ជួប​សកម្មជន​ប្រជាធិបតេយ្យ​
16, Dec 2015 , 7:39 am        
រូបភាព
 
​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន Yahoo ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានប្រកាសថា លោក ចង់ទៅ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​គុយបា​។ គម្រោង​របស់លោក​ត្រូវធ្វើឡើង​មុនពេល​ដែល​អាណត្តិ​លោក​ចប់ ហើយ​ទស្សនកិច្ច​នេះ​អាចទៅរួច​បើ​លោក អាចមាន​ឱកាស​ជួប​ជាមួយ​បណ្តា​សកម្មជន​គាំទ្រ​ប្រជាធិបតេយ្យ​នៅ​ទីនោះ​។




​មួយឆ្នាំ​ក្រោយ​មេដឹកនាំ​ក្រុង​វ៉ាស៊ីនតោន​និង​មេដឹកនាំ​រដ្ឋាភិបាល​ក្រុង​ហា​វ៉ា​ណា​ឯកភាពគ្នា​ភ្ជាប់​ទំនាក់ទំនង​ការទូត​ឡើងវិញ កាលពីថ្ងៃទី ១៤ ខែធ្នូ​ លោក បា​រ៉ា​ក់ អូ​បា​ម៉ា ស្រាប់តែ​ប្រកាសថា លោក​ចង់ទៅ​ទស្សនកិច្ច​នៅ​គុយបា​នៅពេល​ខាងមុខ ពោលគឺ​ឲ្យ​បាន​មុនពេល​អាណត្តិ​របស់លោក​ចប់​ទៅ​។ ការសម្រេចចិត្ត​បែបនេះ​នោះ នឹងត្រូវ​រៀបចំឡើង​នៅពេល​ខាងមុខ ហើយ​មន្ត្រី​ក្រុង​វ៉ាស៊ីនតោន​អះអាងថា​ដំណើរ​ទស្សនកិច្ច​ត្រូវ​រៀបចំ​នៅពេល ដែល​កាលៈទេសៈ​សមស្រប​មកដល់​។  
 
​ប្រមុខរដ្ឋ​អាមេរិក បាន​លើកឡើងថា លោក​ប៉ង​ទៅ​ជួប​ជជែក​ពិភាក្សា​តទល់​គ្នា​ជាមួយ​លោក រ៉ា​អ៊ូ​ល កា​ស្ត្រូ ( Raul Castro) និង​បណ្តា​ក្រុម​សកម្មជន​សិទ្ធិមនុស្ស​នៅ​ទីនោះ​ផង​។ ប៉ុន្តែ លោក​អូ​បា​ម៉ា បាន​សង្កត់ធ្ងន់ថា បើ​មាន​លក្ខខណ្ឌ​ដែល​អនុញ្ញាត​ឲ្យ​លោក​ជួប​ជាមួយ​សកម្មជន​គាំទ្រ​ប្រជាធិបតេយ្យ ទើប​លោក​ទៅ​គុយបា​។  
 
​លោក​ថា ៖« ប្រសិនបើ​ខ្ញុំ​ទៅ​ទស្សនកិច្ច​នៅ​គុយបា ផ្នែក​មួយ​នៃ​ការព្រមព្រៀង​គឺថា​ខ្ញុំ​អាច​ជជែក​ជាមួយ​មនុស្ស​គ្រប់គ្នា​នៅ​ទីនោះ​។ ខ្ញុំ​បាន​ប្រា​ប់លោក រ៉ា​អ៊ូ​ល កា​ស្ត្រូ ច្បាស់​ហើយ​ក្នុង​កិច្ចសន្ទនា​ដោយផ្ទាល់​កន្លងមក​ង​ថា យើង​នឹង​បន្ត​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ្នក​ដែល​ចង់​លើកស្ទួយ​សេរីភាព​បញ្ចេញមតិ​នៅ​គុយបា​»​។​
 
 លោក បា​រ៉ា​ក់ អូ​បា​ម៉ា ចង់ឃើញ​ការរីកចម្រើន​នៃ​សេរីភាព​ភាព​បញ្ចេញមតិ​និង​ដំណើរ​លូតលាស់​ទៅមុខ​នៃ​ប្រជាធិបតេយ្យ​នៅលើ​កោះ​គុយបា​ដែលជា​សត្រូវ​ចាស់​របស់​អាមេរិក​នោះ​។ 
 
​ការផ្សាភ្ជាប់​ទំនាក់ទំនង​និង​រហូតដល់​ប្រកាស​បើក​ស្ថានទូត​កន្លងមកនេះ ជា​សញ្ញា​វិជ្ជមាន​មួយ​សម្រាប់​ការអភិវឌ្ឍ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​។ ហើយ​រដ្ឋ​អាមេរិក​ឡាទីន​គុយ​បាន​នេះ​នឹង​បន្ត​ទទួល​ប្រយោជន៍​ច្រើន​ពី​ការភ្ជាប់​ទំនាក់​ទំនងជា​មួយ​អាមេរិក ព្រោះ​ទណ្ឌកម្ម​ដែល​រាំងខ្ទប់​ការលូតលាស់​នៃ​សេដ្ឋកិច្ច​គុយបា នឹងត្រូវ​ក្រុង​វ៉ាស៊ីនតោន​ដកចេញ​។ ក្រោយ​ភ្ជាប់​ទំនាក់ទំនង​ការទូត ក្រុង​វ៉ាស៊ីនតោន ក៏​សម្រេច​ដក​ឈ្មោះ​គុយបា ចេញពី​បញ្ជី​រដ្ឋ​គាំទ្រ​ភេរវកម្ម​ដែរ ហើយ​ភាគី​ទាំងពីរ​ក៏​ឯកភាពគ្នា​សម្រួល​ដល់​ការធ្វើដំណើរ​ទៅវិញទៅមក និង​ការវិនិយោគ​ជាដើម​។  តែ​ការដក​ទណ្ឌកម្ម​និង​ការហ៊ុំព័ទ្ធ​សេដ្ឋកិច្ច​គុយបា ចាំបាច់​ត្រូវមាន​ការសម្រេច​ពី​សភា​ជាមុនសិន មិនមែន​ពឹង​តែ​លើ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា​ម្នាក់​ទេ​៕
 

Tag:
 គុយបា​
 ​ អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com