ពីនេះ ពីនោះ
សូ​ក្រា​ត​៖ ខ្ញុំ​ដឹង​តែមួយ​មុខ​គត់ គឺ​ខ្ញុំ​គ្មាន​ចេះ​អ្វី​ទាំងអស់​!
22, Apr 2017 , 1:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សូ​ក្រា​ត​ត្រូវបាន​ជនជាតិ​ក្រិច​ទាំងអស់​ប្រសិទ្ធិ​នាម​ថា​ជា​បិតា​ទស្សនវិជ្ជា និង​ជា បិតា​វិទ្យាសាស្ត្រ​នយោបាយ​ផង​។ លោក​គឺជា​បុគ្គល​អស្ចារ្យ​មួយរូប ដែលមាន​មូលដ្ឋាន​សច្ចភាព​ខ្ពស់ ដើម្បី​ដឹកនាំ​និង​គ្រប់គ្រង​ជីវិត​របស់ខ្លួន​។ សូ​ក្រា​ត ក៏​ជា​គ្រូ​បណ្ដុះ​គំនិត បង្កើត​គំនិត យ៉ាង​ជំនាញ​មួយរូប​តាមរយៈ​វិធីសាស្ត្រ​សួរ​ឆ្លើយ​។ ទីបំផុត​សូ​ក្រា​ត លេចចេញ​ជា​ទស្សនៈ​មួយ​ឃ្លា​ចំពោះ​ខ្លួនឯង​ថា​«​ខ្ញុំ​ដឹង​តែមួយ​មុខ​គត់​គឺ​ខ្ញុំ​មិនចេះ​អ្វី​ទាំងអស់​»​។



​វា​ពិតជា​ចម្លែក នៅពេលដែល​កំពូល​ទស្ស​ន​វិទូ​មួយ​រួប ដែលមាន​ភាពល្បីល្បាញ ទាំង​គំនិត ទាំង​ប្រាជ្ញា ទាំង​កិត្តិសព្ទ កិត្តិនាម ថា​ជា​កំពូល​មនុស្ស ដែលមាន​សមត្ថភាព​ផ្នែក​បញ្ញាញាណ​។ ប៉ុន្តែ សម្រាប់​សូ​ក្រា​ត បែរជា​ទម្លាក់​ខ្លួនឯង​ជាមួយ​ទ្រឹស្ដី​ថា​«​ខ្ញុំ​ដឹង​តែមួយ​មុខ​គត់ គឺ​ខ្ញុំ​មិនចេះ​អ្វី​ទាំងអស់​»​ទៅវិញ​។

​ជាការ​ពិតណាស់ សម្ដី​មួយ​ឃ្លា​របស់​សូ​ក្រា​ត​នេះ អាចមាន​ការមិនយល់​ស្រប​ផ្នែក​ការយល់ឃើញ លើ​សមត្ថភាព​របស់លោក​។ ប៉ុន្តែ​នៅ​សម័យ​របស់​សូ​ក្រា​ត មនុស្ស​សិក្សា​ពីអ្វី​ដែលមាន​នៅក្នុង​ចក្រ​វា​ឡ​។ មានន័យថា នៅក្នុង​ចក្រ​វា​ឡ​គឺមាន​រឿងរ៉ាវ​រាប់លាន​ជំពូក​ដែល​ត្រូវ​សិក្សា ស្រាវជ្រាវ វែកញែក និង​ស្វែងរក​ជា​របកគំហើញ​ថ្មីៗ ការបកស្រាយ​ថ្មី បង្កើត​ទ្រឹស្ដី​ថ្មី​។ វា​ជា​សម័យកាល​មួយ ដែលជា​បេសកកម្ម​របស់​អ្នកមាន​សមត្ថភាព​ខ្ពស់​ផ្នែក​ខួរក្បាល​ដើម្បី​ទៅ​រុករក​។​

​នៅពេលដែល​ទស្សនវិទូ​រូបនេះ លើកឡើង​បែបនេះ​មានន័យថា នៅពេលដែល​លោក​កាន់តែ​ព្យាយាម​មើល​ពី​ពិភពលោក ចក្រ​វា​ឡ និង​សិក្សា​ដើម្បី​បង្កើត​ទ្រឹស្ដី​នានា ធ្វើ​ឲ្យ​លោក​មាន​ចម្ងល់​កាន់តែច្រើន ដែល​មិនទាន់បាន​បកស្រាយ​។ ដែល​អាចជា​បុព្វហេតុ​នាំ​ឲ្យ​លោក​ហ៊ាន​លើកឡើង​បែបនេះ​។​

​ក៏ប៉ុន្តែ មិនមែន​មានន័យថា លោក​មិន​យល់​មិនដឹង​អ្វី​សោះ​នោះទេ​។ ហើយ​នេះ​ក៏​មិនមែនជា​សម្ដី​ទម្លាក់​តម្លៃ​របស់លោក​នោះដែរ​។  ព្រោះថា ការដែល​លើកឡើង​បែបនេះ ក៏​ព្រោះតែ​ពេលខ្លះ​រាល់​អ្វីដែល​លោក​បានដឹង បាន​យល់ បានគិត​ឃើញ មិន​ប្រាកដថា អ្នកដទៃ​យល់​ស្រប់តាម​គំនិត​របស់លោក​នោះទេ​។ អ្វីដែល​លោក​ចេះ អ្វីដែល​លោក​ចាំ អាច​និង​មានការ​បកស្រាយ​ថ្មី​ផ្សេង​ពី​គំនិត​របស់លោក​។ ហើយ​រាល់​ចំណេះដឹង​របស់លោក និង​ក្លាយទៅជា​ប្រធានបទ​សម្រាប់​អ្នកប្រាជ្ញ​ជំនាន​ក្រោយ​យកទៅ​បកស្រាយ​ទៅតាម​បរិបទ​នៃ​សង្គម​របស់​បុគ្គល​ទាំងនោះ​។

​ជាការ​ពិតណាស់ សូ​ក្រា​ត គឺ​តែងតែ​ស្វែងរក​ការពិត មាន​សុភ​វិនិច្ឆ័យ សម​ហេតុផល មាន​តំលៃ​មាន​សុជីវធម៌ សីលធម៌ ដែល​កត្តា​ទាំងនេះ​ជា​លក្ខណៈ​បញ្ជាក់​ពី​តម្លៃ​ខ្លួន​របស់លោក​។ លោក​មាន​វិធី​បង្រៀន យ៉ាង​ល្អ ដែលជា​សិល្បៈ​បង្កើត​គំនិត និង​ការ​ចំអក ឲ្យ​បុគ្គល​ណាមួយ ដែល​តាំងខ្លួន​ថា​ជា​អ្នកចេះ ឬ​ជា​គតិ​វិញ្ញូ ឆ្ពោះទៅរក​ការទទួលស្គាល់​ភាព​ពិត នៃ​ចំណេះដឹង​របស់ខ្លួន ដែលជា​សច្ចភាព​ជាក់ស្ដែង​នៃ​សមត្ថភាព​របស់​បុគ្គល​នោះ​។

​សូ​ក្រា​ត ប្រើ​វិធី​បង្កើត​គំនិត  ដែល​មិនចេះ​អួតអាង ហើយ​ដឹងថា​ខ្លួន​គ្មាន​ចេះ​អ្វី​សោះ​។ លោក​តែង​ចេញមុខ​ប្រឆាំង នឹង​ពួក​សូ​ហ្វី​ស ជា​ពួក​ពូកែ​អួត ដែល​ចូលចិត្ត​យកពាក្យ​សំដី​ទៅប្រើ​ផ្លូវខុស ហើយ​ធ្វើ​អាកប្បកិរិយា ដូចជា​អ្នកចេះដឹង​ច្រើន​៕


© រក្សាសិទ្ធិដោយ thmeythmey.com