អន្តរជាតិ
ចិន​គ្រហឹម​ដាក់​អាមេរិក ដែល​ចចេស​លក់​នាវាចម្បាំង​ឲ្យ​តៃវ៉ាន់​
17, Dec 2015 , 7:59 pm        
រូបភាព
ដោយ:
​ចិន​បាន​កោះហៅ​មន្ត្រី​ទូត​អាមេរិក​ប្រចាំ​ទីក្រុង​ប៉េកាំង​មក​សាកសួរ និង​តវ៉ា​រឿង​ក្រុង​វ៉ា​ស៊ី​ង​តោន​បានអនុញ្ញាត​ឲ្យ​មាន​ការលក់​អាវុធ​ទៅ​តៃវ៉ាន់​ដែលមាន​តម្លៃ​១.៨៣​ពាន់​លាន​ដុល្លារ ក្នុងនោះ​មាន​នាវាចម្បាំង​ពីរ​គ្រឿង​។  ចិន​ព្រមាន​ខ្លាំងៗ​ថា បើ​អាមេរិក​នៅតែ​រឹងរូស​លក់​សព្វាវុធ​ឲ្យ​តៃវ៉ាន់ ចិន​នឹងដាក់​ទណ្ឌកម្ម​ប្រឆាំង​ក្រុមហ៊ុន​ផលិត​អាវុធ​ដែល​ពាក់ព័ន្ធ​។



សូមស្តាប់ព័ត៌មានលម្អិត៖



​ក្រសួងការបរទេស​ចិន​បាន​កោះហៅ​ភារធារី​នៃ​ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​ប៉េកាំង​មក​សួរនាំ​រឿង​លក់​អាវុធ​តម្លៃ​១.៨៣ ពាន់​លាន​ដុល្លារ​អាមេរិក​ទៅ​ឲ្យ​កោះ​តៃវ៉ាន់​។ ហើយ​រដ្ឋាភិបាល​ចិន​បាន​ព្រមាន​ថា ចិន​មិន​រារែក​ក្នុងការ​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​អាមេរិក​ដែល​លក់​អាវុធ​ទាំងនោះ​ឲ្យ​តៃវ៉ាន់​នោះឡើយ​។

​ទីភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua បាន​ស្រង់​សម្ដី​អនុរដ្ឋមន្ត្រី​ការ​បរ​ទស​ចិន​លោក Zheng Zeguang ក្នុងជំនួប​ជាមួយ​មន្ត្រី​ទូត​អាមេរិក​នោះ​ថា កោះ​តៃវ៉ាន់​គឺជា​ទឹកដី​ដែល​មិនអាច​បំបែក​ពី​ចិន​បាន ហើយ​ចិន​ប្រឆាំង​ការលក់​អាវុធ​ទៅ​ឲ្យ​តៃវ៉ាន់​ដាច់ខាត​។ អាមេរិក​កំពុង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ខឹង​ខ្លាំង​ព្រោះ រដ្ឋាភិបាល​លួច​សង្ឃឹម​ជាស្រេច​ថា ការផ្សះផ្សា​រវាង​ចិនដីគោក​និង​តៃវ៉ាន់ អាច​នឹង​កើតឡើង​នៅពេល​ខាងមុខ​ផង​។ ជំនួប​ដ៏​កម្រ​រវាង   ប្រធានាធិបតី​ចិន និង​ប្រធានាធិបតី​តៃវ៉ាន់​កន្លងមក បង្ហាញ​ពី​ការផ្លាស់ប្តូរ​ប្រកបដោយ​ភាព​វិជ្ជមាន​រវាង​ទឹកដី​តៃវ៉ាន់ និង​ចិន​ដែរ​។  

​លើសពីនេះទៅទៀត លោក Zheng Zeguang បានចាត់ទុក​ការលក់​អាវុធ​នេះ គឺ​វា​ជា​ទង្វើរ​ផ្ទុយ​នឹង​ច្បាប់ និង​បទដ្ឋាន​អន្តរជាតិ ជាពិសេស​បាន​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​អធិបតេយ្យ​របស់​ចិន​។ លោក Zheng បន្តថា ចិន​នឹង​ដាក់ចេញ​រាល់​វិធានការ​ចាំបាច់​នានា​ដើម្បី​ការពារ​ផលប្រយោជន៍​របស់ខ្លួន ដែល​រួមទាំង​ការដាក់ទណ្ឌកម្ម​ប្រឆាំង​ក្រុមហ៊ុន​អាមេរិក​ដែល​ពាក់ព័ន្ធ​នឹង​ការលក់​នេះ​។ យ៉ាងណាក៏ដោយ គេ​មិនទាន់​ដឹងថា អ្វី​នឹង​កើតឡើង​បើសិន​អាមេរិក​នៅ​បន្ត​បញ្ជូន​អាវុធ​ទៅ​ឲ្យ​តៃវ៉ាន់​ទៀត​នោះ​។

​តាមពិតទៅ បញ្ហា​តៃវ៉ាន់​ជា​រឿង​រសើប​បំផុត​មួយ​សម្រាប់​ចិន​។ ចិន​តែងតែ​អះអាងថា ខ្លួន​មិន​រារែក​នឹង​ប្រើ​កម្លាំងយោធា​ដើម្បី​វាយ​ដ​ណើ្ត​ម​យក​តៃវ៉ាន់​មក​ដាក់​ក្រោម​ឧបសម្ព័ន្ធ​របស់ខ្លួន​ទេ បើសិនជា​ទឹកដី​នេះ​ហ៊ាន​ប្រកាស​ឯករាជ្យ​។​

​ត្រលប់​មកវិញ ថ្ងៃទី​១៦ ខែធ្នូ ម្សិលមិញ រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានសម្រេច​ចុងក្រោយ ជុំវិញ​ផែន​ការលក់​សព្វាវុធ​រួមទាំង​នាវាចម្បាំង​ពីរ​គ្រឿង​ផង​ទៅ​ឲ្យ​តៃវ៉ាន់​។ រដ្ឋបាល​អាមេរិក​អះអាងថា ការលក់​សព្វាវុធ​ឲ្យ​តៃវ៉ាន់​ធ្វើឡើង​ក្រោម​ក្របខណ្ឌ​នៃ​កិច្ចព្រមព្រៀង​ស្តីពី​ទំនាក់ទំនង​ទ្វេភាគី​តៃវ៉ាន់​-​អាមេរិក ។ ចំណែកឯ​ក្រសួងការបរទេស​អាមេរិក​បាន​បញ្ជាក់ថា ក្រុមហ៊ុន​ធំ​ចំនួន​ពីរ​គឺ Raytheon RTN.N និង Lockheed Martin បានទទួល​សិទ្ធិ​ក្នុង​ការលក់​អាវុធ​នេះ​។

​តាមពិតទៅ ច្បាប់​បើកផ្លូវ​ឲ្យ​អាមេរិក​លក់​សព្វាវុធ​រួមទាំង​នាវាចម្បាំង អាវុធ​ប្រឆាំង​រថក្រោះ និង​អាវុធ​ផ្សេងទៀត​ជាច្រើន​មុខ​ទៅ​ឲ្យ​តៃវ៉ាន់​ត្រូវ​សភា​អនុម័ត​តាំងពី​ខែធ្នូ​ឆ្នាំមុន​ម្ល៉េះ ហើយ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ចុះហត្ថលេខា​រួចរាល់​ហើយ​។ ប៉ុន្តែ​រដ្ឋបាល​លោក ត្រូវ​ផ្តល់ដំណឹង​ដល់​សភា​ទាំងពីរ​ជាន់ ជុំវិញ​ការសម្រេច​ចុងក្រោយ​នេះដែរ​។ ហើយ​បើតាម ក្រសួងការបរទេស​អា​មេ​រិ​ក រដ្ឋា​បាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ជូនដំណឹង​ផ្លូវការ​ដល់​សភា​ទាំងពីរ​រួចរាល់​អស់ហើយ​៕


Tag:
 ចិន​
  អាមេរិក​
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com