កីឡាអន្តរជាតិ
អន្តរជាតិ
លោក ផ្លា​ទី​នី មិន​ចូលរួម​សវន​ការ​របស់លោក​នោះឡើយ​
18, Dec 2015 , 7:39 am        
រូបភាព
​លោក មី​ឆែ​ល ផ្លា​ទី​នី (Michel Platini) នឹងមិន​ចូលរួម​សវនាការ​របស់លោក​នៅ​ចំពោះមុខ​គណៈកម្មាធិការ​សីលធម៌​របស់ FIFA ដែល​នឹងធ្វើ​នៅក្នុង​ទីក្រុង Zurich ថ្ងៃទី​១៨ ខែធ្នូ​នេះ​ទេ​។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់​មេធាវី​របស់លោក​នៅ​ថ្ងៃទី​១៦​។ លោក មី​ឆែ​ល ផ្លា​ទី​នី ត្រូវបាន​ព្យួរ​តំណែង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប (UEFA) ដោយសារតែ​លោក​មាន​ជាប់​ពាក់ព័ន្ធ​រឿង​ទទួល​សំណូក​ពី​លោក Sepp Blatter នាពេល​កន្លងមក​។

 
​យោងតាម​លិខិត​មួយ​ដែល​ចេញ​ដោយ​តំណាង​របស់លោក មី​ឆែ​ល ផ្លា​ទី​នី បានបញ្ជាក់​ជំហ​ថា លោក​បានជ្រើសរើស​មិន​ចូលរួម​ក្នុង​សវនាការ​របស់លោក​នៅ​ចំពោះមុខ​គណៈកម្មាធិការ​របស់ FIFA នោះទេ​។ ឯ​មូលហេតុ​នោះ​គឺ​ដោយសារតែ​សាលក្រម​ត្រូវបាន​ប្រកាស​ដល់​អ្នកកា​សែត​ជាមុន​ដោយ​អ្នកនាំពាក្យ​ម្នាក់ ហើយ​ធ្វើឡើង​ប្រឆាំងនឹង​អ្នក​គ្មាន​កំហុស​។ 
 
​លោក ផ្លា​ទី​នី និង លោក Blatter កំពុងតែ​ស្ថិតក្រោម​ការហាមឃាត់​មិន​ឲ្យ​ពាក់ព័ន្ធ​សកម្មភាព​កីឡាបាល់ទាត់​រយៈពេល​៩០​ថ្ងៃ​។ រឿង​ព្យួរ​នេះ​បាន​កើតឡើង ក្រោយពេល​រដ្ឋអាជ្ញា​ស្វ៊ី​សបាន​បើក​ការស៊ើបអង្កេត​មួយ​ទៅលើ​ករណី​ដែល​លោក Blatter បានផ្ដល់​លុយ​ចំនួន​២​លាន​ដុល្លារ​ដល​លោក ផ្លា​ទី​នី កាលពី​ឆ្នាំ​២០១១ សម្រាប់​ការងារ​ដែល​បានធ្វើ​តាំងពី​មួយ​ទសវត្សរ៍​មុន​មក​ម្លេះ​។ 
 
​ការព្យួរ​នេះ​នឹង​បញ្ចប់​នៅ​ថ្ងៃទី​៥ ខែមករា ខាងមុខ តែ​អ្នក​ទាំងពីរ​ប្រឈមមុខ​នឹង​ការព្យួរ​អស់​មួយជីវិត​ប្រសិនបើ​រកឃើញ​កំហុស​។ ខណៈ​សាលក្រម​នឹង​ប្រកាស​នៅ​សប្ដាហ៍​ក្រោយ មេធាវី​លោក ផ្លា​ទី​នី បាន​បង្ហើប​ថា រដ្ឋអាជ្ញា​ចង់​ពិន័យ​កូនក្ដី​របស់លោក​មិន​ឲ្យ​ពាក់ព័ន្ធ​កីឡា​មួយជីវិត​តែម្ដង​។ មេធាវី​រូបនេះ​បន្តថា លោក​កូនក្ដី​របស់លោក​ចាត់ទុក​នេះ​ជា​អំពើ​នយោបាយ​និង​ព្យាយាម​រារាំង​លោក ផ្លា​ទី​នី មិន​ឲ្យ​ចូលរួម​ក្នុងការ​បោះឆ្នោត​រើស​ប្រធាន FIFA​។ 
 
​ចំណែកឯ​គណៈកម្មាធិកា​រ FIFA ដែល​ទទួល​កាត់ក្ដី​រឿងនេះ​បញ្ជាក់​ពី​សុច្ចរិត​ភាព​របស់ខ្លួន​តាមរយៈ​សេចក្ដីប្រកាស​មួយ ក្រោយពេល​មាន​ព័ត៌មាន​ថា លោក​មិនទាន់​សម្រេចចិត្ត​យ៉ាងណា​នោះទេ​។ សេចក្ដីប្រកាស​នោះ​សរសេរថា គណៈកម្មាធិការ​សីលធម៌​របស់ FIFA នឹង​ដោះស្រាយ​រឿងក្ដី​នេះ​ដោយ​យុត្តិធម៌​និង​មិន​លំអៀង​។ ហើយ​ការប្រកាស​នេះ​បន្តថា ការមិន​ចូលរួម​សវនាការ​របស់លោក ផ្លា​ទី​នី មានន័យថា លោក​នឹង​ខក​ឱកាស​ដើម្បី​បង្ហាញ​ពី​មតិ​របស់លោក​៕
 
 

Tag:
 Platini
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com