អន្តរជាតិ
​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ទៅ​អ៊ីរ៉ាក់​ដោយ​ឥត​ព្រាងទុក
17, Dec 2015 , 8:39 pm        
រូបភាព
ដោយ:
​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ ប្រមុខ​ការពារជាតិ​អាមេរិក លោក​Ashton Carter បាន​ចុះទៅ​ទស្សនកិច្ច​ក្រុង​បា​ដា​ត និង​ជួប​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​អ៊ីរ៉ាក់ ដើម្បី​រក​មធ្យោបាយ​ពង្រីក​បេសកកម្ម​កំចាត់​ក្រុម​ជី​ហាត​រដ្ឋ​ឥស្លាម ឬ​ក្រុម​ដែ​ស្ហ ដណ្តើមយក​ដែនដី​អ៊ីរ៉ាក់​មកវិញ​។ កងទ័ព​អ៊ីរ៉ាក់​កំពុង​ចង់​វាយយក​ក្រុង​ម៉ូ​ស៊ូ​ល​មកវិញ​។



​ក្រុង​ម៉ូ​ស៊ូ​ល​ជា​ក្រុង​សំខាន់​ទី​២ ស្ថិតនៅ​ភាគ​ខាងជើង​អ៊ីរ៉ាក់​។ ក្រុម​ដែ​ស្ហ​ដណ្តើមយក​ក្រុង​នេះ ពី​រដ្ឋាភិបាល​អ៊ីរ៉ាក់ តាំងពី​ខែមិថុនា ឆ្នាំ​២០១៤​ម្ល៉េះ​។ លោក Ashton Carter បាន​លើកឡើងថា អាមេរិក​អាច​ពង្រាយ​ឧទ្ធម្ភាគចក្រ​និង​ផ្តល់​ទីប្រឹក្សាយោធា​ដល់​អ៊ីរ៉ាក់​បាន លុះត្រាតែ​មានការ​អនុញ្ញាត​ពី​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ លោក ហៃ​ដា អាល់ អា​បា​ឌី ជាមុនសិន ដើម្បី​កុំអោយ​រំលោភ​បូរណភាព​ទឹកដី​អ៊ីរ៉ាក់​។ យោងតាម​លោក Carter លោក​ហៃ​ដា អា​បា​ឌី និង​រូបលោក​បាន​ជជែក​គ្នា​ពី​លទ្ធភាព​នៃ​ការចូលរួម​របស់​អាមេរិក​ក្នុងការ ជួយ​កងទ័ព​អ៊ីរ៉ាក់​អោយ​វាយ​ឈ្នះ​ក្រុម​ដែ​ស្ហ​ក្នុង​សមរភូមិ ពិសេស​ពេល​កងទ័ព​អ៊ីរ៉ាក់​សម្រុក​ឆ្ពោះទៅ​ក្រុង​ម៉ូ​ស៊ូ​ល​។​

​រហូត​ពេលនេះ នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​មិនបាន​ទាមទារ​ជំនួយ​ឧទ្ធម្ភាគចក្រ​Apache​ទេ​។ តែ​យោងតាម​ប្រមុខ​ការពារជាតិ​អាមេរិក រដ្ឋាភិបាល​ក្រុង​បា​ក់ដាត​និង​មេបញ្ជាការ​យោធា​អាមេរិក លោក Ramadi Sean B. MacFarland គិតថា ឧទ្ធម្ភាគចក្រ​ទាំងនេះ​គ្មាន​ភាពចាំបាច់​ដើម្បី​យកទៅ​ប្រើ​ប្រឆាំង​ក្រុម​ភេរវជន វាយយក​ក្រុង​នេះ​មកវិញ​ទេ​។ ទោះ​យ៉ាងនេះ​ក្តី ប្រមុខ​ការពារជាតិ​អាមេរិក សង្ឃឹមថា​ថ្ងៃ​ណាមួយ អ៊ីរ៉ាក់​អាច​នឹង​ត្រូវការ​ឧទ្ធម្ភាគចក្រ​នេះ​។

​ក្នុង​សមរភូមិ​ពេលនេះ កងកម្លាំង​អ៊ីរ៉ាក់​១០០០០​នាក់ កំពុង​ឡោមព័ទ្ធ​ក្រុង​រ៉ា​ម៉ា​ឌី នៅ​ភាគ​កណ្តាល​ប្រទេស​។ ស្ថានភាព​ប្រយុទ្ធ​ហាក់​អំណោយផល​ដល់​ពួកគេ តែ​គេ​ពុំទាន់​ដឹងថា តើ​ត្រូវ​ចំណាយពេល​ប៉ុន្មាន​ទើប​អាច​យក​ក្រុង​នោះ​ពី​ក្រុម​ដែ​ស្ហ​មកវិញ​។ អាមេរិក​ហាក់​ចង់​បង្កើន​សកម្មភាព​យោធា​នៅ​បា​ដា​ត ក្រោយ​មាន​ភេរវកម្ម​នៅ​ប៉ារីស កាលពី​ថ្ងៃ​១៣​វិច្ឆិកា​។
​កាលពីដើម​ខែធ្នូ ក្រុង​វ៉ាស៊ីនតោន​បានប្រកាស​ពង្រាយ​កងទ័ព​ពិសេស​របស់ខ្លួន ដើម្បី​ជួយ​កងទ័ព​អ៊ីរ៉ាក់​ក្នុង​សមរភូមិ និង ចុះ​ប្រតិបត្តិការ​ពហុភាគី​នៅ​ស៊ី​រី​៕



Tag:
 អ៊ីរ៉ាក់​
  ​អាមេរិក​
  ​ក្រុម​ដែ​ស្ហ
© រក្សាសិទ្ធិដោយ thmeythmey.com