កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករ​ក្រុម SCG MTUTD ចង់ឃើញ​កម្លាំង​គាំទ្រ​នា​អំឡុង​នៃ​ជំនួប​សប្បុរសធម៌​នៅ​កម្ពុជា​
19, Dec 2015 , 6:59 pm        
រូបភាព
 
 ​កីឡាករ​សំខាន់ៗ​របស់​ក្រុម SCG Muangthong United សុំ​ឲ្យ​អ្នកគាំទ្រ​នៅ​កម្ពុជា​ចូលរួម​ទស្សនា​ឲ្យ​បាន​ច្រើន ក្នុងការ​ប្រកួត​រវាង​ក្រុម K-Cement All Stars និង​ក្រុម SCG Muangthong United នៅ​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៦ ខាងមុខនេះ​នៅ​ពហុ​កីឡដ្ឋាន​អូឡាំពិក​។

 
​កីឡាករ Kawin Thamasatchanan អ្នកចាំទី​ដៃ​ទីមួយ​របស់​ក្លិប បានបញ្ជាក់​ពី​ទឹកចិត្ត​រីករាយ​ចំពោះ​ការប្រកួត​ខាងមុខនេះ​និង​សុំ​ឲ្យ​អ្នកគាំទ្រ​កម្ពុជា​មក​ទស្សនា​ឲ្យ​បាន​កុះករ​។ កីឡាករ Kawin និយាយថា ប្រសិនបើ​អ្នកគាំទ្រ​កម្ពុជា​មក​ផ្ដល់​កម្លាំងចិត្ត​ដល់​ក្រុម​លោក លោក​នឹង​អរគុណ​អ្នកគាំទ្រ​។ Kawin និយាយ​ដូច្នេះ​ពេល​ផ្ដល់​បទ​សម្ភាស​ដោយឡែក​ដល់​អ្នកសារព័ត៌មាន​កម្ពុជា ដែល​បាន​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ថៃ​តាម​ការអញ្ជើញ​របស់​ក្រុមហ៊ុន SCG​។ ឆ្លៀត​ពេលនោះ កីឡាករ​ដែល​ជម្រើសជាតិ​ថៃ​រូបនេះ ក៏បាន​និយាយ​សរសើរ​ដល់​កីឡាករ​កម្ពុជា​ផងដែរ​។ លោក​ថា កីឡាករ​កម្ពុជា​មានកា​រ​រីកចម្រើន​ទាំង​បច្ចេកទេស​និង​ទម្រង់​លេង​។ 
 
​ក្រៅពី​អ្នកចាំទី​ដៃ​ស្អិត​ខាងលើ កីឡាករ​ម្នាក់​របស់​ក្លិប SCG Muangthong United គឺ​ខ្សែបម្រើ Sarach Yooyen ក៏បាន​បង្ហាញ​ទឹកចិត្ត​ស្រដៀង​គ្នា​ដែល​រូបគេ​បានមក​កម្ពុជា​។ ហើយ​កីឡាករ​ខ្សែបម្រើ​កណ្ដាល​វ័យក្មេង​រូបនេះ​លើកឡើងថា​៖«​ខ្ញុំ​ចង់​ឲ្យ​អ្នកគាំទ្រ ចូលមក​ទស្សនា​ការប្រកួត​នេះ​ឲ្យ​បាន​ច្រើន​»​។  លើសពីនេះទៅទៀត នៅពេល​សួរ​សំណួរ​ពី​វិស័យ​បាល់ទាត់​កម្ពុជា ខ្សែបម្រើ​វ័យក្មេង​រូបនេះ​យល់ឃើញថា មានការ​រីកចម្រើន​ទៅ​មុខជា​លំដាប់​ជាមួយ​ប្រទេស​ក្នុង​តំបន់​ផងដែរ​។ មួយវិញទៀត កីឡាករ​រូបនេះ​ក៏បាន​បញ្ជាក់ដែរថា ការប្រកួត SCG Muangthong United ASEAN Tour 2016 នឹង​ក្លាយជា​ឱកាសល្អ​សម្រាប់​ការផ្លាស់ប្ដូរ​បទពិសោធ​រវាង​គ្នា​ទៅវិញទៅមក​។ 
 
​ចំណែកឯ កីឡាករ Teerasil Dangda ខ្សែប្រយុទ្ធ​មុត​ស្រួច​របស់​ក្លឹប​ជើងឯក​រង​លី​ក​ថៃ​នេះ បាន​បញ្ជាក់ថា​ការរៀបចំ​ប្រកួត​ខាងមុខនេះ នឹង​ជួយ​ដាស់​អារម្មណ៍​ក្នុងការ​ជំរុញ​វិស័យ​កីឡាបាល់ទាត់​ក្នុង​តំបន់​ទាំងមូល​។ ខ្សែប្រយុទ្ធ​ជួរមុខ​ដែល​ធ្លាប់​លេង​នៅ​លី​ក​កំពូល​អេ​ស្ប៉ា​ញ​ជាមួយ​ក្លិប Almeria នេះ​បន្តថា កីឡាករ​ក្រុម SCG Muangthong United នឹង​ប្រឹងប្រែង​លេង​ក្នុង​ការប្រកួត​នេះ ដើម្បី​ជាការ​ជំរុញ​ទំនាក់ទំនង​ប្រទេស​នឹង​ប្រទេស​។ ហើយ កីឡាករ​ប្រយុទ្ធ​ជម្រើសជាតិ​ថៃ​រូបនេះ​គិតថា នឹង​យក​កីឡា​ដើម្បី​ឲ្យ​មានការ​សប្បាយរីករាយ​។ ទាក់ទង​នឹង​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​វិញ កីឡាករ​រូបនេះ​ឆ្លើយថា កម្ពុជា​មានការ​រីកចម្រើន​ថ្នែ​ក​កីឡាបាល់ទាត់ ហើយ​នៅពេល​ដល់​ចំណុច​ណាមួយ​នោះ គេ​ត្រូវតែ​ខិតខំ​អភិវឌ្ឍ​ត​ទៅមុខទៀត​។  
 
​គួរ​បញ្ជាក់ថា ក្រុម SCG Muangthong United នឹង​ប្រកួត​ជាមួយ​ក្រុម K-Cement All Stars ក្នុងការ​ប្រកួត SCG Muangthong United ASEAN Tour 2016 លើក​ទី​១ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក នៅ​ថ្ងៃទី ១៦ ខែមករា ខាងមុខ មុននឹង​បន្តដំណើរ​ទៅ​ប្រកួត​នៅ​វៀតណាម​។ ចំណែក​ប្រាក់ចំណូល​ពី​ការលក់​សំបុត្រ​នឹង​ប្រគល់​ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com