ជាតិ
បទវិភាគ
តើ​កម្ពុជា​ជា​ប្រទេស​ផ្តាច់ការ ឬ​ប្រជាធិបតេយ្យ​?
19, Dec 2015 , 8:39 pm        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ រដ្ឋធម្មនុញ្ញ​កម្ពុជា​មាត្រា​៥១ បាន​ចែងថា ព្រះរាជាណាចក្រ​កម្ពុជា អនុវត្តន៍ នយោបាយ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស … ប៉ុន្តែ​មតិ​មហាជន សង្គម​ស៊ីវិល និង​សមាជិក គណបក្សប្រឆាំង​មួយចំនួន តែងតែ​អះអាងថា កម្ពុជា​ជា​ប្រទេស​ផ្តាច់ការ ឬ​ជា​ប្រទេស​កុម្មុយនីស្ត ឬ​ជា​ប្រទេស​ពាក់​ស្រោម​ប្រជាធិបតេយ្យ តែ​សារជាតិ ជា​ប្រទេស​កុម្មុយនីស្ត​ជាដើម​។ តើ​មាន​អ្វី​អាច​វាស់​បាន​ថា កម្ពុ​ជាមាន​ប្រជាធិបតេយ្យ ឬ កុម្មុយនីស្ត​?


 
​ឆ្លងកាត់​ការផ្លាស់ប្តូរ​របប​ជាច្រើន​មក កម្ពុជា​បាន​ប្រែ​មុខមាត់​ថ្មី គឺ​ចាប់តាំងពី​រដ្ឋធម្មនុញ្ញ បានកើត​ឡើង​គឺ​នៅ​ថ្ងៃទី​២៤ កញ្ញា ១៩៩៣ ដោយ​ប្រកាន់​របបរាជានិយម ហើយ​ចាប់ផ្តើម​អនុវត្តន៍​ប្រព័ន្ធ​នយោបាយ​បែប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។ ការបោះឆ្នោត​បានប្រសូត​ឡើង​នៅ​ឆ្នាំ​១៩៩៣ ដែល​រៀបចំ​ដោយ​អាជ្ញាធរ​បណ្តោះអាសន្ន របស់​អង្គការសហប្រជាជាតិ​(UNTAC)​។ នេះ​ជាការ​ទទួលស្គាល់ថា កម្ពុជា​កំពុង​ដើរ​តាម​លំនាំ​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ តាមបែប​ប្រជាធិបតេយ្យ​។​
 
​ប៉ុន្តែ​នៅក្នុង​ក្រសែភ្នែក​អ្នកវិភាគ សង្គម​ស៊ីវិល និង​សមាជិក​គណបក្សប្រឆាំង​មួយចំនួន តែងតែ​លើកឡើងថា កម្ពុជា​កំពុង​ដើរ​ផ្ទុយ​ពី​ប្រជា​ធិ​តេ​យ្យ ដោយ​ពួកគេ​លើក​ហេតុផល​ថា តុលាការ​កម្ពុជា​មិនមាន​ភាព​ឯករាជ្យ ប្រព័ន្ធ​បោះឆ្នោត​នៅ​មិនទាន់មាន​ភាព​ទុកចិត្ត​ពី​អ្នកបោះឆ្នោត នាយករដ្ឋមន្ត្រី​កាន់អំណាច​យូរ​(​គ្មាន​ការផ្លាស់ប្តូរ​មេដឹកនាំ​) ឬ ការបិទ​សិទ្ធិសេរីភាព​ប្រជាជន​ជាដើម​។​
 
​តើ​ការយល់​ឃើញបែបនេះ ត្រឹមត្រូវ​ដែរ​ឬ​? 
​ជាការ​ពិត បើ​គេ​ក្រឡេកមើល​មួយ​ជ្រុង គេ​ប្រាកដជា​អាច​វាយតម្លៃ​បាន​ថា កម្ពុជា​ពិតជា មិនមែន​ប្រជាធិបតេយ្យ​ពិតប្រាកដ​មែន​។ មាន​ហេតុផល​មួយចំនួន​ដែល​អាច​ពន្យល់បាន ដូចជា​៖ ទី​១៖ វប្បធម៌​និ​ទណ្ឌ​ភាព​នៅតែ​តាម​លង​ប្រជាជន​កម្ពុជា​គ្រប់ពេលវេលា​។ ករណី លោក ឈូក បណ្ឌិត បាញ់​កម្មករ​កាត់ដេរ​នៅ​ខេត្តស្វាយរៀង ករណី​បាញ់សម្លាប់​ប្រធាន​សហជីព លោក ជា វិជ្ជា ករណី​បាញ់សម្លាប់​កម្មករ​នៅ​ផ្លូវ​វេ​ង​ស្រេង ហើយ​ករណី​ទាំង​អំបាល​មាណ​នេះ ឃាតករ នៅ​មិនទាន់​ស្ថិតនៅក្នុង​ពន្ធនាគារ​នៅឡើយ​ទេ​។ នេះ​អាច​បញ្ជាក់បាន​ថា អ្នកមានអំណាច និង​មាន​លុយ នៅតែ​ស្ថិត​នៅក្រៅ​សំណាញ់​ច្បាប់​កម្ពុជា​ដដែល​។ ការរំលោភ​យក​ដីធ្លីរ​បស់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស របស់​ក្រុម​ឈ្មួញ​ទុចរិត បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាជន​កម្ពុជា​ទាំង​ផ្ទាល់ និង​ប្រយោល​ប្រមាណ​៧០​ម៉ឺន​នាក់​។ នេះ​បើតាម​របាយ​ណ៍​អង្គការ​លីកាដូរ​កន្លង​មក​។ ទី​២៖ ការធ្វើ​ទុក​បុក​ម្នេញ​សមាជិក​គណបក្សប្រឆាំង តាមរយៈ​ផ្លូវ​តុលាការ​។ ក្នុងនោះ​មាន​ករណី លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី និង​សកម្មជន​គណបក្សប្រឆាំង​ជាច្រើន​នាក់​ទៀត​។ ទី​៣៖ ប្រព័ន្ធ​បោះឆ្នោត នៅ​មិនទាន់​អាច​ទុកចិត្តបាន​សម្រាប់​គ្រប់​គណបក្ស​។ ក្រោយ​ការបោះឆ្នោត​តែងតែមាន​ជម្លោះ​។ 
 
​កាលពី​ការបោះឆ្នោត​១៩៩៣ ដែល​រៀបចំ​ឲ្យ​ដោយ​អង្គការសហប្រជាជាតិ ក្រោយ​ការបោះឆ្នោត​កម្ពុជា​បង្កើត​បាន​នាយករដ្ឋមន្ត្រី​ពីររូប ដែល​មិន​ធ្លាប់មាន​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​និង​ពិភពលោក​។ ការបោះឆ្នោត​ជា​បន្តបន្ទាប់​ក៏​ដូចគ្នា គណបក្ស​ដែល​ចាញ់ឆ្នោត គឺ​តែងតែ​មិន​ទទួលស្គាល់​ការ​ចាញ់ឆ្នោត​របស់ខ្លួន ហើយ​អះអាងថា គ​.​ជ​.​ប មិន​ឯករាជ្យ​។ ទី​៤៖ ការចូលរួម​របស់​ប្រជាពលរដ្ឋ​នៅមានកម្រិត ពោលគឺ​ពលរដ្ឋ​នៅមាន​ការភ័យខ្លាច​នៅឡើយ​ក្នុងការ​ចូលរួម​ក្នុង​ជីវភាព​នយោបាយ​។ ទី​៥៖ ប្រព័ន្ធ​ផ្សាយ​ភាគច្រើន លំអៀង​ទៅរក​គណបក្សកាន់អំណាច ទាំង​ទូរទស្សន៍ វិទ្យុ និង​សារព័ត៌មាន​ក្នុងស្រុក និង​ទី​៦៖ សេរីភាព​បញ្ចេញមតិ នៅ​មិនទាន់​បានផ្តល់​គ្រប់គ្រាន់​នៅឡើយ សម្រាប់​ប្រជាជន​ទូទៅ ព្រោះ​អ្នក​រិះគន់​រដ្ឋាភិបាល តែងតែ​ត្រូវបាន​រង​បណ្តឹង​ទៅ​តុលាការ ឬ​តែងតែ​ភ័យខ្លាច​។​
 
​មូលហេតុ​ទាំងនេះហើយ ទើប​បណ្តាល​ឲ្យ​សមាជិក​បក្សប្រឆាំង​មួយចំនួន សង្គម​ស៊ីវិល អ្នកវិភាគ និង​ពលរដ្ឋ​ទូទៅ​មួយចំនួន បាន​រិះគន់​ចំៗ​ថា «​កម្ពុ​ជាមាន​ប្រជា​ធិ​តេ​យ្យ​តែ​លើ​ក្រដាស​»​។ 
​តើ​គេ​អាច​វាស់​ប្រជាធិបតេយ្យ​តាមរយៈ​ឧបករណ៍​អ្វី​?
 
​ប្រព័ន្ធ​ប្រជាធិបតេយ្យ គឺជា​របៀប​ដឹកនាំ​រដ្ឋ​មួយ​ប្រភេទ​ដែល​ល្អ​ជាងគេ ពីព្រោះ​សិទ្ធិ និង​អំណាច​ស្ថិតក្នុង​ដៃ​របស់​ពលរដ្ឋ​។ ក្នុងនោះ​មាន​គោលការណ៍​មួយចំនួន ដែលជា​ម៉ែត្រ​វាស់ ថា​តើ​ប្រទេស​ណា​ប្រជាធិបតេយ្យ​ឬ មិនមាន​ប្រជាធិបតេយ្យ​?
 
​គោលការណ៍​ទី​១៖ មានការ​បោះឆ្នោត​ត្រឹមត្រូវ សេរី និង​យុត្តិធម៌ ពោលគឺ ពលរដ្ឋ​មាន​សេរីភាព​គ្រប់គ្រាន់​ក្នុងការ​ជ្រើសរើស​គណបក្ស​ដែល​ពួកគេ ពេញចិត្ត​ដោយ​សេរី និង​គ្មាន​ការភ័យខ្លាច​។ លើសពីនេះ ការបោះឆ្នោត​ត្រូវ​ធានាថា ពលរដ្ឋ និង​គណបក្ស​ចាញ់ឆ្នោត​ទទួលយកបាន​និង​មាន​ភាព​ទុកចិត្ត​បំផុត​។ ទី​២៖ មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ពេញលេញ ដោយ​គ្មាន​ការបំភិតបំភ័យ គ្មាន​ការហាមឃាត់​ពលរដ្ឋ​មិន​ឲ្យ​ចូលរួម​ក្នុង​ជីវភាព​នយោបាយ និង​មាន​បរិយាកាស​សន្តិភាព មិន​ស្ថិតក្នុង​ការគំរាមកំហែង​។ ទី​៣៖ ប្រទេស​ត្រូវមាន​នីតិរដ្ឋ គឺ​រដ្ឋ​ត្រូវមាន​ច្បាប់​សម្រាប់​គ្រង​គ្រង​ដឹកនាំ​។ 
 
​លើសពីនេះ មនុស្ស​ទាំងអស់​ត្រូវមាន​សិទ្ធិ​ស្មើគ្នា​ចំពោះមុខ​ច្បាប់ ហើយ​មនុស្ស​ទាំងអស់​ត្រូវ​ស្ថិតក្រោម​ដំបូល​តែមួយ គឺ​ច្បាប់​។ ទី​៤៖ ជា​ប្រទេស​ដែលមាន​សេរីភាព​នៃ​ការបញ្ចេញមតិ​ពេញលេញ ដែល​គ្មាន​ការគំរាមកំហែង ឬ​ធ្វើ​ទុក​បុក​ម្នេញ​អ្នកសារព័ត៌មាន ឬ​ប្រើ​អំណាច​ដើម្បី​បិទមាត់​មនុស្ស​នោះទេ ពីព្រោះ សេរីភាព​ស្ថិតក្រោម​ការ​សម្លុត គំរាមកំហែង គឺជា​សេរីភាព​ក្លែងក្លាយ​។ ទី​៥៖ ជា​ប្រទេស​ដែលមាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​ភាព​ឯករាជ្យ​មិន​ស្ថិតក្រោម  ឥទ្ធិពល​អ្នកនយោបាយ និង​មាន​តុល្យភាព​រវាង​អ្នកមានអំណាច និង​អ្នក​មិនទាន់​កាន់អំណាច​។ ទី​៦៖ ប្រទេស​ដែលមាន​ពហុបក្ស​ចូលរួម​ការបោះឆ្នោត មិនមែន​បក្ស​តែមួយ​ទេ​។ ពហុបក្ស​គឺជា​គោលការណ៍​ដ៏​សំខាន់​សម្រាប់​ជម្រើស​របស់​ពលរដ្ឋ​។ ទី​៧៖ ជា​ប្រទេស​ដែលមាន​ប្រព័ន្ធតុលាការ​ឯករាជ្យ ពោលគឺ បើ​មានតែ​ច្បាប់ តែ​មិនបាន​អនុវត្តន៍​តាម​ស្មារតី​នៃ​ច្បាប់​នោះ​ក៏​ធ្វើ​ឲ្យ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​មិន​ដំណើរ​ដែរ​។ ទី​៨៖ ជា​ប្រទេស​ដែលមានភាព​ឯករាជ្យ​នៃ​មន្ត្រីរាជការ នគរបាល និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​។ ទី​៩៖ តុល្យភាព​នៃ​អំណាច​រដ្ឋ មាន​អង្គនីតិបញ្ញត្តិ នីតិប្រតិបត្តិ និង​តុលាការ ត្រូវ​បែងចែក​ដាច់ពីគ្នា និង​ទី​១០៖ ជា​ប្រទេស​ដែលមាន​ការគោរព​សិទ្ធិមនុស្ស ព្រោះ​ប្រជាធិបតេយ្យ នឹងមិន​អាច​ដំណើរការ​បានទេ ប្រសិនបើ​គ្មាន​ការគោរព​សិទ្ធិមនុស្ស​។ សិទ្ធិមនុស្ស គឺជា បេះដូង​នៃ​ប្រជាធិបតេយ្យ​។​
 
​សរុបមក គោលការណ៍​ទាំង​១០​នេះ គឺជា​គោលការណ៍​ប្រជាធិបតេយ្យ ដែល​ពិភពលោក យក​ប្រើ ដើម្បី​វាស់​មើលថា តើ​ប្រទេស​ណាខ្លះ​ជា​ប្រទេស​ប្រជាធិបតេយ្យ​ឬ​មិនមែន​ប្រជា ធិបតេយ្យ​។ គេ​អាច​វាស់​ដឹង តាមរយៈ​គោលការណ៍​នេះ ដោយ​ពិនិត្យ និង​តាមដាន ដោយមាន​យន្តការ​ទៅតាម​ផ្នែក​នីមួយៗ​។ តួយ៉ាង បើ​គេ​ឲ្យ​ពិន្ទុ​លើ​គោលការណ៍​ទាំង​១០ ចំនួន​១០០​ពិន្ទុ ដោយ​ដាក់ពិន្ទុ​លើ​តុលាការ​១០​ពិន្ទុ ការចូលរួម​របស់​ព​ល​រដ្ឋ​១០​ពិន្ទុ នីតិរដ្ឋ​១០ ការបោះឆ្នោត​១០​ពិន្ទុ សេរីភាព​នៃ​ការបញ្ចេញមតិ​១០​ពិន្ទុ ប្រព័ន្ធ​ផ្សព្វផ្សាយ​១០​ពិន្ទុ ពហុបក្ស​១០​ពិន្ទុ ភាព​ឯករាជ្យ​នៃ​មន្ត្រីរាជការ​ស៊ីវិល​១០​ពិន្ទុ គោរព​សិទ្ធិមនុស្ស​១០​ពិន្ទុ និង​តុល្យភាព​អំណាច​១០​ពិន្ទុ នោះគេ​ត្រូវ​មើល​ទាំង ១០​ផ្នែក​។ ប្រសិនបើ​គ្រប់ផ្នែក​ទទួលបាន​ពិន្ទុ​១០​ទាំងអស់ មានន័យថា គោលការណ៍​ប្រជា​ធិ​តេ​យ្យ​ដំណើរ​បាន​១០០​ភាគរយ នោះគេ​ចាត់​ចំណាត់ថ្នាក់​ប្រទេស​នោះ​ថា ជា​ប្រទេស​ដែលមាន​ប្រជាធិបតេយ្យ​ពេញលេញ​។ ប៉ុន្តែ​ប្រសិនបើ​ទាំង​១០​ផ្នែក ទទួលបាន​ពិន្ទុ​ទាប​ឬ​ខ្ពស់ គឺ​គេ​វាស់​ទៅតាម​ការតាមដាន ត្រួតពិនិត្យ នឹងដាក់​ពិន្ទុ ទៅតាម​ហ្នឹង​ដែរ​។ 
 
​ដូច្នេះ កម្ពុជា​ជា​ប្រទេស​ប្រជាធិបតេយ្យ ឬ​កុំ​មុ​ស​នី​ស្ត លែង​ក្លាយជា​ចម្ងល់​របស់​សាធារណជន​ទៀតហើយ ពីព្រោះ បើ​ផ្អែកលើ​គោលការណ៍​នេះ គេ​ប្រាកដជា​អាច​វាយតម្លៃ​បាន​ថា កម្ពុជា​ជា​ប្រទេស​មាន​ប្រជាធិបតេយ្យ​ឬ​មិនទាន់មាន​ប្រជាធិបតេយ្យ​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com