ជាតិ
ពីនេះ ពីនោះ
ចរាចរណ៍​៖ ជំងឺ​រ៉ាំរ៉ៃ នៅ​ភ្នំពេញ​
19, Dec 2015 , 3:59 pm        
រូបភាព
ដោយ: ថ្មីៗ
​លិខិត​មិត្ត​អ្នកអាន​
​ភុំ រ៉ាវី ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ទីក្រុង​ភ្នំពេញ​
 
​មាន​បញ្ហា​ច្រើន​រាប់មិនអស់​ដែល​ពលរដ្ឋ​រស់នៅក្នុង​រាជធានី​ភ្នំពេញ​កំពុង​ជួបប្រទះ ដូចជា​បញ្ហា​ចោរកម្ម ឆក់​ប្លន់ អគ្គិភ័យ ទឹក​លិច​ផ្លូវ និង​ស្ទះ​ចរ​ចរណ៍​ជាដើម​។  ខ្ញុំ​សូម​លើក​តែ​បញ្ហា​កកស្ទះ​ចរាចរណ៍​មួយ​ប៉ុណ្ណោះ​មក​និយាយ ព្រោះ​វា​បានកើត​ឡើងជា​ច្រើន​ឆ្នាំ​ណាស់​មកហើយ និង​បន្ដ​រ៉ាំរ៉ៃ​រហូតមកដល់​សព្វ​ថ្ងៃនេះ​។ មិនតែប៉ុណ្ណោះ​ស្ថានភាព​កកស្ទះ​ចរាចរណ៍​នេះ កាន់​តែមាន​សភាព​អាក្រក់​ទៅៗ ហើយ​វា​ជា​បញ្ហា​ចម្បង​ដែល​ប៉ះពាល់​ទៅដល់​ពលរដ្ឋ​ទូទៅ​គ្រប់​ម​ជ្ឈ​ដា្ន​ន​ក្នុង​ទីក្រុង​ភ្នំពេញ​និង​ជា​បញ្ហា​ដែល​ពលរដ្ឋ​តែងតែ​ត្អូញត្អែរ​ញឹក​ញ៉ាប់​។


​ដោយសារតែ​កំណើនប្រជាជន និង​កំណើន​យានជំនិះ នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ រួមផ្សំ​និង​បញ្ហា​ស្ថានភាព​ផ្លូវ​តូចចង្អៀត ការបែងចែក​ផ្លូវ និង​គំនូស​សញ្ញា​មិន​ច្បាស់លាស់ (​ផ្លូវ​សម្រាប់​ឡាន ម៉ូតូ និង​ថ្មើរជើង​) ការថត​យានជំនិះ​តាម​ដងផ្លូវ​គ្មាន​សណ្ដាប់ធ្នាប់ ការរំលោភ​យក​ចំណីផ្លូវ​ធ្វើ​អាជីវកម្ម បញ្ហា​អសីលធម៌​ក្នុងការ​បើកបរ​របស់​ពលរដ្ឋ (​ការខ្វះ​ការ​អធ្យាស្រ័យ​ក្នុងការ​បើកបរ​) ការ​អនុវត្ដ​ច្បាប់​ចរាចរណ៍​នៅមានកម្រិត និង​ការអនុញ្ញាតអោយ​រថយន្ដ​ដឹកទំនិញ​ធុន​ធំ បើកបរ​ក្នុង​រាជធានី ធ្វើអោយ​បញ្ហា​កកស្ទះ​ចរាចរណ៍​កាន់តែ​មាន​សភាព​ក្ដៅគគុក និង​អាក្រក់​ទៅៗ​ជា​រៀងរាល់ថ្ងៃ​។ 
​បញ្ហា​កកស្ទះ​ចរាចរណ៍​នេះ កំពុងតែ​ធ្វើទុក្ខបុកម្នេញ​ពលរដ្ឋ​ក្នុង​រាជធានី​យ៉ាងខ្លាំង​នាពេល​បច្ចុប្បន្ននេះ ហើយ​គេ​ក៏​ពុំទាន់​ឃើញ​មាន​ដំណោះស្រាយ​ណា​ល្អប្រសើរ​ឡើយ ទោះបី​សាលា​រាជធានី​បាន​បង្កើតអោយមាន​សេវា​រថយន្ដក្រុង​សាធារណៈ សាងសង់​ស្ពាន​អាកាស​ធំៗ និង​ធ្វើការ​ពង្រីក​ផ្លូវ​មួយចំនួន​ក៏ដោយ​។ ពលរដ្ឋ​បាន​ត្អូញត្អែរ​ពី​ទុក្ខលំបាក​របស់​ពួកគាត់ ដោយសារតែ​ពួកគាត់​បាន​ខាតបង់​ទាំង​ពេលវេលា ប្រាក់កាស​យ៉ាងច្រើន​ជាមួយនិង​បញ្ហា​កកស្ទះ​ចរាចរណ៍​នេះ ជាពិសេស​នោះ​គឺ​ការបង្ករ​អោយ​មានការ​ធុញថប់​ក្នុងការ​ធ្វើដំណើរ និង​កើត​ជំងឺ​ស្រេ​ស្ដ ដែល​ងាយ​នឹង​ប៉ះពាល់​ដល់​សុខភាព​អាយុជីវិត​ទៀតផង​។ ស្ទះ គឺ​មិន​ថា​ពេលព្រឹក ថ្ងៃត្រង់ ឬ​ពេល​ល្ងាច​ទេ​។ គឺ​គ្រប់ពេល​! អ្នកខ្លះ​ចំណាយពេល​១​ម៉ោង​ក្នុងការ​ធ្វើដំណើរ​មក​ធ្វើការ​ដែលមាន​ចំងាយ​៥ គីឡូ​ម៉ែត និង​ចំណាយពេល​១​ម៉ោង​ដើម្បី​ត្រឡប់ទៅផ្ទះ​វិញ​។ ការកកស្ទះ​ចរាចរណ៍​នេះ បង្ក​អោយ​ស្ថានភាព​រាជធានី​ភ្នំពេញ​អាប់អួរ​យ៉ាងខ្លាំង រហូត​ធ្វើអោយ​ពលរដ្ឋ​មួយចំនួនធំ​ធុញថប់​និង​ទីក្រុង​ភ្នំពេញ​ទៀតផង​។​
 
​បញ្ហា​កកស្ទះ​ជា​បញ្ហា​ចម្បង​ដែល​រដ្ឋាភិបាល​ក៏ដូចជា​សាលា​រាជធានី​គួរតែ​ដោះស្រាយ​បន្ទាន់​ជូន​ប្រជាពលរដ្ឋ​របស់ខ្លួន នឹង​ធ្វើអោយ​ទីក្រុង​ទាំងមូល​បាត់បង់​សោភ័ណភាព និង​សេដ្ឋកិច្ច​ធ្លាក់ចុះ​ផងដែរ​។ 
 
​ជា​យោបល់​របស់ខ្ញុំ អាជ្ញាធរ​សាលា​រាជធានី​គួរ​ចាប់ផ្ដើម​ពង្រឹង​នូវ​ការគ្រប់គ្រង​ដងផ្លូវ អោយមាន​ប្រសិទ្ធភាព ដោយមាន​ការរៀបចំ បែងចែក​ចំណីផ្លូវ ផ្លូវ​សម្រាប់​អ្នក​ថ្មើរជើង ផ្លូវ​សម្រាប់​កង់​ម៉ូតូ និង​សម្រាប់​ឡាន អោយដាច់​ពីគ្នា ក៏ដូចជា​ស្លាក​សញ្ញា​ចរាចរណ៍​អោយបាន​ច្បាស់លាស់​។ សម្រាប់​ការគ្រប់គ្រង​ចំណីផ្លូវ​វិញ សាលាក្រុង​គួរតែ​ចាត់វិធានការ​បន្ទាន់​ទៅលើ​អ្នក​ដែល​រំលោភ​យក​ចំណីផ្លូវ​ទៅតាម​ច្បាប់​ដែលមាន​ជា​ធរមាន និង​មាន​ចំណាត់ការ​ទៅលើ​អ្នក​ល្មើសច្បាប់​ចរាចរណ៍​ផងដែរ​។ ជាពិសេស គឺ​ចាត់វិធានការ​ទៅលើ​ហាង​ធំៗ​ដែល​អនុញ្ញាត​ឲ្យ​អតិថិជន​របស់គេ​ចត​យានយន្ដ​តាម​ដងផ្លូវ​ដែល​បង្កអោយមាន​ការកកស្ទះ​ចរាចរណ៍​។ កាលណា​មាន​ចំណីផ្លូវ ក៏ដូចជា​ផ្លូវ​សម្រាប់​អ្នក​ថ្មើរជើង ដែល​ធ្វើអោយ​ពលរដ្ឋ​ជឿជាក់ថា​មាន​សុ​វត្ថ​ភាព នោះ​មិនបាច់​បង្ខំ ពលរដ្ឋ​មួយចំនួន នឹង​ប្ដូរ​មក​ការធ្វើដំណើរ​ដោយ​ថ្មើរជើង​សម្រាប់​គោលដៅ​ជិតៗ​របស់គាត់ ហើយ​ការប្រើប្រាស់​រថយន្ដ​សាធារណៈ​នឹងមាន​កំណើន​ខ្ពស់​។ តែបើ​ស្ថានភាព​ដូច​បច្ចុប្បន្ន តើ​អ្នកណា​ហ៊ាន​ដើរ​? គ្មាន​ផ្លូវ​ច្បាស់លាស់ ហើយ​ងាយ​ប្រឈម​និង​គ្រោះថ្នាក់​បំផុត​។ 
 
​ម្យ៉ាងវិញទៀត សាលា​រាជធានី​គួរតែ​បន្ថែម​ខ្សែ​រថយន្ដក្រុង​សាធារណៈ​អោយបាន​ច្រើន​ខ្សែ ដើម្បី​បង្ករ​លក្ខណៈ​ងាយស្រួល​ដល់​ពលរដ្ឋ​ក្នុងការ​ប្រើប្រាស់​សេវាសាធារណៈ​នេះ និង​ត្រឡប់មក​ប្រើប្រាស់​សេវា​នេះ ជំនួស​ការប្រើប្រាស់​រថ​យន្ដ​ផ្ទាល់ខ្លួន​។ សព្វថ្ងៃ​ឃើញថា​ពលរដ្ឋ​បាន​ប្រើប្រាស់ សេវាសាធារណៈ​មួយ​នេះ​ច្រើន តែ​ដោយសារតែ​ពុំមាន​ខ្សែ​រថយន្ដ​នេះ​គ្រប់គ្រាន់ ដូច្នេះ ពលរដ្ឋ​មួយចំនួនធំ​នៅតែ​បន្ដ​ប្រើប្រាស់​រថយន្ដ​ផ្ទាល់ខ្លួន​។ យើង​ជឿថា ពលរដ្ឋ​នឹង​ងាក​មកប្រើប្រាស់​សេវា​រថយន្ដក្រុង​នេះ ប្រសិនបើ​វា​បង្កលក្ខណៈ​ងាយស្រួល​ដល់​ពួកគាត់​ក្នុងការ​ធ្វើដំណើរ​។ ហើយ​វា​និង​កាត់បន្ថយ​បញ្ហា​កកស្ទះ​ចរាចរណ៍​ក្នុង​ទីក្រុង​បាន​។ 
 
​ក៏​ដូចគ្នា​ដែរ សាលា​រាជធានី​គួរតែ​ទប់ស្កាត់​កុំអោយ​រថយន្ដ​ធំៗ​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​មហាវិថី​នានា​ក្នុង​រាជធានី​ភ្នំពេញ​នាពេល​ថ្ងៃ ព្រោះ​រថយន្ដ​ធំៗ​ទាំងនេះហើយ​ដែល​បង្ករ​អោយមាន​ការកកស្ទះ​ចរាចរណ៍​ធ្ងន់ធ្ងរ ជាពិសេស​នោះ​គឺ​បង្ករ​អោយមាន​គ្រោះថ្នាក់​ចរាចរណ៍​សម្លាប់​ពលរដ្ឋ​ក្នុង​ទីក្រុង​។ 
 
​សម្រាប់​ពលរដ្ឋ​ក៏​ដូចគ្នា ពួកគេ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​សីលធម៌​ក្នុងការ​បើកបរ យោគយល់​អធ្យាស្រ័យ ដោយ​គោរព​ច្បាប់ និង​គោរព​សិទ្ធិ​អ្នកដទៃ ក្នុងនាម​ជា​មនុស្សជាតិ និង​ក្នុងនាម​ជា​ខ្មែរ​ពូជសាសន៍​ថ្លៃថ្នូរ​។ ម្យ៉ាងទៀត​សម្រាប់​ពលរដ្ឋ​ដែល​រំលោភ​យក​ចំណីផ្លូវ​ដើម្បី​ធ្វើ​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ដើម្បី​ធ្វើ​អាជីវកម្ម​នានា គួរ​ណាស់​តែ​ឈប់ និង​ប្រគល់​ចំណីផ្លូវ​នោះ​ជូន​រដ្ឋ​វិញ ដើម្បី​ផលប្រយោជន៍​សាធារណៈ ជាជាង​ចាំ​ដល់​សាលាក្រុង​ចាត់វិធានការ​ក្ដៅ​រួច​ទើប​ចាំ​ស្រែកថា​”​អ​យុត្ដិធម៌​ណាស់ រំលោភសិទ្ធិ​មនុស្ស​” នោះឡើយ​។ កុំ​ដើម្បី​តែ​សេចក្ដីសុខ និង​ភាព​«​មានបាន​»​របស់ខ្លួន​ធ្វើអោយ​ខ្លួនឯង​ក្លាយជា​អ្នកបង្ក​បញ្ហា​ដល់​សង្គម ហើយ​ប៉ះពាល់​ដល់​សិទ្ធិ​ពលរដ្ឋ​ទាំងមូល​ទីក្រុង​ភ្នំពេញ​នោះឡើយ​។ ជាតិ​មួយ​រីកចម្រើន​ទៅបាន​វា​ក៏​អាស្រ័យទៅលើ​ការចូលរួម​របស់​រាស្ដ្រ​ផងដែរ​៕  

© រក្សាសិទ្ធិដោយ thmeythmey.com