ជាតិ
បទវិភាគ
​​​ន​យោ​បាយ​ជាតិ​
ឯកឧត្តម សម រង្ស៊ី ឆ្លាត ហើយ​ចេះ​រត់គេច​ចេញពី​ប្រព័ន្ធ​ច្បាប់​ដែល​គេ​មិន​ឲ្យ​តម្លៃ​
20, Dec 2015 , 10:36 am        
រូបភាព
ដោយ: ថ្មីៗ
​លិខិត​មិត្ត​អ្នកអាន 

​អ្នកនយោបាយ​នៅក្នុង​គណបក្សប្រឆាំង គឺ​តែងតែ​ឆ្លងកាត់​ជីវិត​នៅក្នុង​ពន្ធនាគារ ប៉ុន្តែ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឯកឧត្តម សម រង្ស៊ី មិនដែល​ស្គាល់​រសជាតិ​ជីវិត នៅក្នុង​ពន្ធនាគារ​ឡើយ​។ ប្រមុខ​ដឹកនាំ​បក្សប្រឆាំង​រូបនេះ ត្រូវបាន​អាជ្ញាធរ​កម្ពុជា ចោទប្រកាន់​ជាច្រើនលើក ច្រើនសារ ប៉ុន្តែ ឯកឧត្តម អាច​ចៀស​ផុតពី​សំណាញ់​ច្បាប់​ដ៏​ក្រាស់​នេះ​បាន​។ តើ​មាន​មូលហេតុ​អ្វី​បានជា ប្រធាន​គណបក្សប្រឆាំង​ជិត​ពីរ​ទស្សវត្សរ៍​រូបនេះ មិន​ចង់​ជាប់ពន្ធនាគារ​?


 
​ជាការ​ពិត អ្នកនយោបាយ​ល្បីៗ​ដែល​ស្ថិតនៅក្នុង​គណបក្សប្រឆាំង មិនសូវ​ជា​គេច​ផុតពី​គុក​ច្រ​វ៉ា​ក់​ឡើយ​។ ក្នុងនោះ​រួមមាន​៖ ឯកឧត្តម កឹម សុខា អនុប្រធាន គណបក្ស​សង្គ្រោះ​ជាតិ  តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​៧​រូប រួមមាន​៖ លោកជំទាវ មូរ សុខ​ហួរ លោក រៀល ខេ​ម​រិ​ន្ទ្រ លោក នុត រំដួល លោក ឡុង រី លោក កែវ ភារ​ម្យ លោក ហូរ វ៉ាន់ លោក ម៉ែន សុថា​វរិ​ន្ទ្រ ជាដើម គឺ​សុទ្ធសឹង​បាន​ភ្លក់​រសជាតិ ពន្ធនាគារ​នៅ​កម្ពុជា ដោយសារ សំណុំរឿង​ធ្វើបាតុកម្ម​រំដោះ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៤​។ ដោយឡែក ឯកឧត្តម សម រង្ស៊ី ដែល​មានរឿង​ក្តីក្តាំ​ជាច្រើន ជាមួយ​រដ្ឋាភិបាល​កម្ពុ​ជា ដូចជា​៖ កាលពី​ថ្ងៃទី​២៥ តុលា ឆ្នាំ​២០០៩ តុលាការខេត្ត​ស្វាយរៀង ចោទប្រកាន់ ឯកឧត្តម សម រង្ស៊ី ជុំវិញ​ការដក​តម្រុយ​បង្គោលព្រំ​ដែនកម្ពុជា វៀតណាម នៅ​ខេត្តស្វាយរៀង ដែល​ក្នុងនោះ​តុលាការខេត្ត​ស្វាយរៀង សម្រេច​កាត់ទោស ឯកឧត្តម សម រង្ស៊ី ដាក់ពន្ធនាគារ​ចំនួន​២​ឆ្នាំ ពីបទ​បំផ្លាញ​បង្គោល​ព្រំដែន​នៅ​ខេត្តស្វាយរៀង និង​ថ្មីៗ​នេះ ប្រធាន​គណបក្សប្រឆាំង​រូបនេះ ត្រូវបាន​តុលាការ​ដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីការ​ចោទប្រកាន់​ពីបទ​បរិហាកេរ្តិ៍ រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា លោក ហោ ណាំហុង កាលពី​ឆ្នាំ​២០០៨ ហើយ​តុលាការ​ផ្តន្ទាទោស ឯកឧត្តម សម រង្ស៊ី ដាក់ពន្ធនាគារ​ចំនួន​២​ឆ្នាំ និង​ករណី​ជាច្រើន​ទៀត ប៉ុន្តែ​គ្រប់​ករណី ឯកឧត្តម សម រង្ស៊ី មិនដែល​ជាប់​ពន្ធន​គារ​កម្ពុជា​ឡើយ​។​
 
​អ្នកនយោបាយ​ជើងចាស់​រូបនេះ បាន​ប្រឡូក​ក្នុង​ឆាកនយោបាយ​ចាប់តាំងពី​ឆ្នាំ​១៩៩៣​មក​។ កាលនោះ ឯកឧត្តម សម រង្ស៊ី បាន​ចូលរួម​នៅក្នុង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។ ក្រោយ​ការបោះឆ្នោត​១៩៩៣ លោក​បាន​ក្លាយជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​។ បន្ទាប់មក ដោយសារ​ការបែកបាក់​ផ្ទៃក្នុង គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ឯកឧត្តម សម រង្ស៊ី បាន​បង្កើត​គណបក្ស​ថ្មី​មួយ​ដែលមាន​ឈ្មោះថា គណបក្ស​ជាតិខ្មែរ​។ បន្ទាប់មកទៀត ឯកឧត្តម​បាន​បង្កើត​គណបក្ស​ដែល​ដាក់ឈ្មោះ​ខ្លួនឯង គឺ គណបក្ស សម រង្ស៊ី និង​ចុង​ក្រោយនេះ ឯកឧត្តម សម រង្ស៊ី គឺជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ គិត​ឆ្នាំ​២០១៦ ដែល​នៅសល់​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ ឯកឧត្តម សម រង្ស៊ី មាន​អាយុ​៦៧​ឆ្នាំ​ហើយ​។ 
 
​ការ​គេចវេះ​ពី​ពន្ធនាគារ​កម្ពុជា​របស់ ឯកឧត្តម សម រង្ស៊ី ត្រួវបាន​អ្នកវិភាគ សង្គម​ស៊ីវិល និង​មន្ត្រី​រដ្ឋាភិបាល​មួយចំនួន បាន​រិះគន់ថា ឯកឧត្តម សម រង្ស៊ី ជា​អ្នកនយោបាយ​កំសាក ឬ​អ្នកនយោបាយ​មិន​ហ៊ាន​ប្រឈមមុខ​ចំពោះ​ច្បាប់​កម្ពុជា​។ ប៉ុន្តែ សម្រាប់​ក្រសែភ្នែក​សមាជិក សមាជិកា របស់​គណបក្សប្រឆាំង​វិញ​។ ការ​គេចវេះ​របស់​ឯកឧត្តម សម រង្ស៊ី គឺ​ដើម្បី​ធ្វើ​នយោបាយ​ការបរទេស ពីព្រោះ ការរត់​ទៅ​ក្រៅប្រទេស​ជា​រឿង​ល្អ​ជាង​ជាប់ពន្ធនាគារ ដែល​មិន​បានធ្វើ​អ្វី​សោះ​។ ជាក់ស្តែង​ថ្មីៗ​នេះ ដោយសារ​ករណី​ការចេញ​ដីការ​ចាប់ខ្លួន ឯកឧត្តម សម រង្ស៊ី និង​ការវាយដំ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ពីររូប គឺ​លោក គង់ សភា និង លោក ញ៉យ ចំរើន សភា​អឺរ៉ុប​បាន​គំរាម​ផ្តាច់ជំនួយ​កម្ពុជា ប្រសិនបើ​មិន​ដោះស្រាយ​បញ្ហា​នេះ​។​
 
​សូមបញ្ជាក់ថា គិត​ត្រឹម​ចុងឆ្នាំ​២០១៥​នេះ ជីវិត​នយោបាយ របស់ ឯកឧត្តម សម រង្ស៊ី គឺមាន​រយៈពេល​ជាង​២២​ឆ្នាំ​មកហើយ​។ ដ្បិត​ឯកឧត្តម ត្រូវបាន​តុលាការ​កម្ពុជា ចោទប្រកាន់​ជាច្រើន​ករណី និង​ជា​ច្រើនដង​ក៏ដោយ តែ​ឯកឧត្តម សម រង្ស៊ី បាន​បង្កើត​ប្រវត្តិសាស្ត្រ​មួយ គឺ​មិនដែល​ជាប់ពន្ធនាគារ​ទាល់តែសោះ​។ ប្រការ​ដែល​ឯកឧត្តម​មិនដែល​ជាប់ពន្ធនាគារ​នេះ បានអនុញ្ញាត​ឲ្យ​ឯកឧត្តម​ធ្វើ​កិច្ចការ​នៅក្រៅ​ប្រទេស​បាន​ច្រើន ហើយ​ពេលខ្លះ វា​ធ្វើ​ឲ្យ​ឯកឧត្តម​រឹតតែ​មាន​ប្រជាប្រិយភាព​បន្ថែមទៀត​៕ 
​លិខិត​មិត្ត​អ្នកអាន 
 
​រី​ភា កក្កដា (​ពលរដ្ឋ​ភ្នំពេញ​)
 

© រក្សាសិទ្ធិដោយ thmeythmey.com