អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
តួ​ក​គី​នឹង​ដកទ័ព​ចេញពី​អ៊ីរ៉ាក់​តាម​សំណើ​អាមេរិក​
20, Dec 2015 , 3:35 pm        
រូបភាព
ដោយ:
 
​យប់​ថ្ងៃ​សៅរ៍​ម្សិលមិញ អាជ្ញាធរ​តួ​ក​គី​បានប្រកាសថា នឹង​បន្ត​ដក​កងទ័ព​ខ្លួន​ចេញពី​ទឹកដី​អ៊ីរ៉ាក់​។ ការប្រកាស​នេះ​ធ្វើឡើង​ក្រោយ​លោក​អូ​បា​ម៉ា​បាន​ទូរ​សព្ទ​ទៅ​ប្រធានាធិបតី​អ៊ែរ​ដូ​ហ្កា​ន សុំអោយ​ចាត់វិធានការ​កាត់បន្ថយ​ភាព​តានតឹង​ជាមួយ​អ៊ីរ៉ាក់​ជា​ប្រទេសជិតខាង​។​

 
​ការប្រកាស​នេះ ធ្វើឡើង​ម៉ឺងម៉ាត់​និង​ភ្លាមៗ​តែម្តង ព្រោះ​ម្សិលមិញ​នេះ លោក​អូ​បា​ម៉ា​បាន​ទូរ​សព្ទ​ទៅ​លោក​អ៊ែរ​ដូ​ហ្កា​ន គូសបញ្ជាក់​ពី​ការគោរព​បូរណភាព​ទឹកដី​អ៊ីរ៉ាក់​។ គួររំលឹកថា កាលពីដើម​ខែធ្នូ តួ​ក​គី​បាន​ពង្រាយ​ទាហាន​ពី​១៥០​នាក់​ទៅ​៣០០​នាក់ និង​រថពាសដែក​ជាង​២០​គ្រឿង នៅ​បន្ទាយ​Bachiqa​ភាគ​ខាងជើង​អ៊ីរ៉ាក់​។ តួ​ក​គី​ប្រាប់ថា ធ្វើ​នេះ​ក្នុងទិសដៅ​ការពារ​ក្រុមប្រឹក្សា​យោធា​ខ្លួន​ដែល​បណ្តុះបណ្តាល​សកម្មជន​ប្រយុទ្ធ​អ៊ីរ៉ាក់ ក្នុងការ​កំចាត់​ក្រុម​ដែ​ស្ហ​។ 
 
​ប៉ុន្តែ រដ្ឋាភិបាល​អ៊ីរ៉ាក់​ចាត់ទុក​ទង្វើ​តួ​ក​គី​ថា ជាការ​ឈ្លានពាន​ខុសច្បាប់​។ អ៊ីរ៉ាក់​បាន​ផ្ញើ​លិខិតតវ៉ា​មួយច្បាប់​ទៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។ បន្ទាប់ពី​នោះមក សកម្មជន​និកាយ​ស៊ី​អ៊ី​ត​បាន​បាតុកម្ម​អោយ​តួ​ក​គី​បញ្ចប់​សកម្មភាព​យោធា​ខ្លួន ដោយ​គំរាម​ប្រើ​អាវុធ​ប្រឆាំង​កងទ័ព​តួ​ក​គី​។ ដំបូង​ឡើយ ប្រធានាធិបតី​អ៊ែរ​ដូ​ហ្កា​ន​ប្រកាស​មិន​ដកទ័ព​ទេ​។ តែ​ក្រោយមកទៀត ក៏​សម្រេច​ដក​រថក្រោះ​មួយចំនួន​ពី​អ៊ីរ៉ាក់​ទៅ​។​
 
​អ្វីដែល​គួរ​ចាប់អារម្មណ៍ គឺថា ពេលនេះ តួ​ក​គី​ហាក់​ស្តាប់​យោបល់​អាមេរិក​ខ្លាំង​តែម្តង ប្រហែល​ដោយសារតែ​ពេលនេះ តួ​ក​គី​កំពុងមាន​ជម្លោះ​ការទូត​ធ្ងន់ធ្ងរ​ជាមួយ​រុស្ស៊ី​។ ដូច្នេះ ចង់​មិន​ចង់ តួ​ក​គី​ត្រូវតែ​រក្សា​ចំណង​មិត្ត​ជាមួយ​ប្រទេស​មហាអំណាច​អាមេរិក ដើម្បី​អាច​ការពារ​ខ្លួន​ពី​រុស្ស៊ី​៕
 

Tag:
 តួ​ក​គី
  ​អ៊ីរ៉ាក់
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com