ពីនេះ ពីនោះ
​យុវជន​រៀន ចង់​ធ្វើ​ការងារ​យកប្រាក់​ខែ ច្រើនជាង​ចង់​រៀន​ដើម្បី​ក្លាយជា​អ្នករកស៊ី​!
21, Dec 2015 , 8:45 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ វិស័យ​អប់រំ​នៅ​កម្ពុជា​បាន​ព្យាយាម​បណ្ដុះ​ធនធានមនុស្ស​ថ្មី​ក្នុងទិសដៅ​ធ្វើយ៉ាងណា​ដើម្បី​យក​ធនធានមនុស្ស​ទាំង​នេះ មកជួយ​កែប្រែ​មុខមាត់​ប្រទេស​តាមរយៈ​ចំណេះដឹង​របស់​ពួកគេ​។ នៅក្នុង​កម្មវិធីសិក្សា​ក៏ត្រូវ​បាន​បែង​ចែង​ជា​ជំនាញ ជា​ផ្នែក ជា​ឯកទេស ដើម្បី​ឲ្យ​សិស្ស​និស្សិត​ជ្រើស​យកទៅ​សិក្សា​ទៅតាម​ទេពកោសល្យ ចំណង់​ចំណូលចិត្ត និង​គោលដៅ​ជីវិត​។



​ជាការ​ពិត​ក្នុង​មួយឆ្នាំៗ និស្សិត​បញ្ញវន្ត​រាប់ម៉ឺន​នាក់ បានបញ្ចប់​ការសិក្សា​ថ្នាក់​មហាវិទ្យាល័យ នៅតាម​មុខជំនាញ​នានា ដែល​ពួកគេ​បាន​សិក្សា​។ ក្នុងចំណោម​និស្សិត​បញ្ញវន្ត​ទាំងអស់នោះ មាន​អ្នកខ្លះ​អាច​ស្វែងរក​ការងារ​ធ្វើ​នៅ​ស្ថាប័នឯកជន អ្នកខ្លះ​ប្រលង​ជាប់​ជាម​ន្ត្រី​តាម​ក្រសួង ស្ថាប័នរដ្ឋ​ជាដើម​។ ចំណែក​យុវជន និស្សិត​បញ្ញវន្ត​មួយចំនួន​ផ្សេងទៀត គ្មាន​ការងារ​ធ្វើ​សមរម្យ ទៅតាម​ជំនាញ​ដែល​ខ្លួន​បាន​សិក្សា​ទេ​។

​មូលហេតុ​គឺ​ដោយសារ​សិស្ស​និស្សិត​ភាគច្រើន​ពេល​កំពុង​សិក្សា មានបំណង​ប្រាថ្នា​ចង់​ធ្វើ​តែ​បុគ្គលិក​រដ្ឋ ពេល​ប្រឡង​មិន​ជាប់អស់ជម្រើស​។ ចំណែក​សិស្ស​និស្សិត​មួយចំនួនធំ​ទៀត ព្រោះតែ​សមត្ថភាព ឱកាស​ការងារ ទំនាក់ទំនង​ក្នុងសង្គម​ការងារ ការ​ទទួលបាន​ព័ត៌មាន​មិន​គ្រប់គ្រាន់  និង​ការប្រកួតប្រជែង​ទីផ្សារការងារ​ខ្ពស់ ធ្វើ​ឲ្យ​សិស្ស​និស្សិត​ទាំងនោះ​ប្រឈម​ខ្ពស់​ជាមួយ​អត្រា​អ្នក​អត់​ការងារ​ធ្វើ និង​ធ្វើ​ការងារ​ដែល​មិន​សម​តាម​កម្រិត​នៃ​ការសិក្សា​។​

​កត្ដា​នេះ​បានធ្វើ​ឲ្យ យុវជន បញ្ញវន្ត សិស្ស​និស្សិត​មួយចំនួនធំ តែងតែ​លើកឡើង​ពី​ភាពលំបាក់​នៅក្នុង​ការស្វែងរក​ការងារ​ធ្វើ​។ ពេលខ្លះ​បន្ទោស ខ្លួនឯង ឪពុកម្ដាយ អ្នក​នៅ​ជុំវិញខ្លួន ថា​ជំ​រុញ ឬ​បង្ខំ​ខ្លួន ឲ្យ​រៀន​មុខវិជ្ជា​ដែល​មិនសូវមាន​ទីផ្សារការងា​រ ទើប​ធ្វើ​ឲ្យ​ខ្លួន​ពិបាក​ស្វែងរក​ការងារ​ធ្វើ ទាំង​ពេល​កំពុង​សិក្សា និង​ក្រោយ​បញ្ចប់​ការសិក្សា​។ ចំណែក​ពេលខ្លះ​ពួកគេ បន្ទោស​រដ្ឋាភិបាល​ថា មិន​យកចិត្តទុកដាក់ មិន​ព្រម​បង្កើត​ការងារ​ឲ្យ​យុវជន និង​សិស្ស​និស្សិត​បញ្ញវន្ត​ជាដើម​។ ព្រមទាំង​បន្ទោស​រដ្ឋ ថា​គ្មាន​ទំនួល​ខុសត្រូវ​ក្នុងនាម​ជា​រដ្ឋ​។ ថែម​ពី​នោះ​ទៀត​គេ​បន្ទោស​រដ្ឋ​ថា​មិន​បំពេញភារកិច្ច​ដើម្បី​សម្រួល​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ជាពិសេស​យុវជន​ដែល​អត់​ការងារ​ធ្វើ​។​

​ការមើលឃើញ ការរិះគន់ ការស្ដីបន្ទោស​របស់​យុវជន និង​សិស្ស​និស្សិត​បញ្ញវន្ត វា​មិនមែនជា​ការខុសឆ្គង​នោះទេ​ទៅលើ​ចំណាត់ការ​របស់​រដ្ឋ​។ ប៉ុន្តែ​មិនមែន​មានន័យថា ត្រឹមត្រូវ​ទាំងស្រុង​នោះដែរ​។ យុវជន​ត្រូវតែ​ដឹងថា នៅក្នុង​ទីផ្សារការងារ​គឺជា​ទីលាន​ប្រកួតប្រជែង​សមត្ថភាព ចំណេះ ជំនាញ និង​ការ​ប្រ​មាញ់​​ឱកាស​ដើម្បី​ទទួលបាន​ការងារ​ធ្វើ​។ ប្រសិនបើ​ខ្លួន​មិនមាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ទទួលបាន​ការងារ​នោះ​គឺជា​បញ្ហា​ចម្បង​មួយ​។ មួយវិញទៀត​ប្រសិនបើ​ខ្លួន​មិនចេះ​ស្វែងរក​ឱកាស​ការងារ ពង្រីក​ដែន​ទំនាក់ទំនង អភិវឌ្ឍន៍​ខ្លួន និង​បង្កើន​បទពិសោធន៍​ការងារ វា​ជា​រឿង​ដែល​ពិបាក​បន្ទាប់​ដើម្បី​ទទួលបាន​ការងារ​ធ្វើ​។

​ម្យ៉ាងវិញទៀត យុវជន និង​សិស្ស​និស្សិត បញ្ញវន្ត ក៏ត្រូវ​ដឹងផង​ដែរ​ថា តួនាទី​នៅតាម​ស្ថាប័នរដ្ឋ មាន​ចំនួន​កំណត់​ក្នុងការ​ជ្រើសរើស​មន្ត្រី​ប្រចាំឆ្នាំ​។ បើទោះបី​នៅ​កម្ពុជា មាន​ក្រសួង​ច្រើន ដែល​កំពុងដំណើរការ​ទៅតាម​តួនាទី និង​ដែន​សមត្ថកិច្ច​របស់​ស្ថាប័ន​ទាំងនោះ ចាប់តាំងពី​ថ្នាក់​រាជធានី រហូតដល់​ថ្នាក់​ខេត្ត​/​ក្រុង ស្រុក​/​ខ័​ណ្ឌ ឃុំ​/​សង្កាត់​ក្ដី តែ​ក្នុង​មួយឆ្នាំៗ មន្ត្រី​ចូលនិវត្តន៍​ក៏​មិន​ច្រើន ហើយ​តម្រូវការ​មន្ត្រី​ថ្មី​ក៏​មិន​ច្រើន​នោះដែរ​។

​ចំណែក​នៅតាម​ស្ថាប័នឯកជន ក៏​មិនសូវ​ជាមាន​លក្ខ​ណះ​ខុសប្លែក​ពី​ស្ថាប័នរដ្ឋ​ប៉ុន្មាន​ដែរ នៅក្នុង​ការ​ជ្រើស​រើ​សបុ​គ្គ​លិ​ក​ថ្មី ដើម្បី​យកទៅ​បម្រើ​ការងារ​នៅក្នុង​ស្ថាប័ន​របស់​ពួកគេ​។ នៅតាម​ស្ថាប័ន​នីមួយៗ ចំនួន​បុគ្គលិក​មានកំណត់ ដើម្បី​ទៅកាន់​តាម​មុខនាទី និង​ដំណែង​ដែល​ស្ថាប័ន​ត្រូវការ​។

​ហេតុនេះ​សិស្ស​និស្សិត​ខ្មែរ​គួរ​ណាស់​ចាប់ផ្ដើម​ពិចារណ​ឡើងវិញ​ចំពោះ​ចំណុច​នេះ​ថា ការរៀន​ដើម្បី​ទៅ​បើក​អាជីវកម្ម​ខ្នាតតូច​ណាមួយ​ដោយ​ខ្លួនឯង វា​មាន​ភាពល្អប្រសើរ​ជាង​ការរៀន​ដោយ​គ្រាន់តែ​ទៅ​ស្វែងរក​ការងារ​ឬ​យ៉ាងណា​? ពេលខ្លះ​គេ​ស​ង្គេ​ត​ឃើញថា សិស្ស​និស្សិត​ភាគច្រើន​មិនសូវ​ឲ្យ​តម្លៃ​ចំពោះ​អាជីវកម្ម​ខ្នាតតូច ឬ​លក្ខណៈ​គ្រួសារ​នោះទេ​៕


© រក្សាសិទ្ធិដោយ thmeythmey.com