អន្តរជាតិ
ចិន​ប្រាប់​អាមេរិក​ឲ្យ​គោរព​ប្រយោជន៍​ខ្លួន​ទាំង​នៅ​តៃវ៉ាន់​និង​សមុទ្រ​ចិន​ខាងត្បូង​
21, Dec 2015 , 12:33 pm        
រូបភាព
ដោយ:
​រដ្ឋមន្ត្រីការបរទេស​ចិន​លោក វ៉ាង យី (Wang Yi) បាន​ប្រាប់​ទៅ​សម​ភាគី​អាមេរិក​លោក ច​ន ឃឺ​រី (John Kerry) ឲ្យ​ឈប់​ផ្គើន​ខ្លួន​ទៀត ហើយ​មិនត្រូវ​លូកលាន់​ផលប្រយោជន៍​របស់​ចិន​ឡើយ​។ ជាពិសេស​នោះ អាមេរិក​ត្រូវ​ឈប់​លក់​អាវុធ​ទៅ​ឲ្យ​កោះ​តៃវ៉ាន់​និង​មិន​ត្រូវធ្វើ​សកម្មភាព​យោធា​នៅក្បែរ​កោះ​ដែល​គ្រប់គ្រង​ដោយ​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​នោះទេ​។

 


​លោក វ៉ាង យី បាន​ទូរសព្ទ​ទៅកាន់​សម​ភាគី​អាមេរិក​លោក ច​ន ឃឺ​រី ដើម្បី​ពិភាក្សា​ពី​ទំនាក់ទំនង​របស់​ប្រទេស​ទាំងពីរ ដែល​មួយរយៈ​ពេលនេះ​ហាក់​មាន​ភាព​តានតឹង​ខ្លាំង​។ បើតាម​សេចក្ដីថ្លែងការណ៍​របស់​ក្រសួងការបរទេស​ចិន ក្នុងពេល​និយាយ​តាម​ទូរសព្ទ​នោះ លោក វ៉ាង យី បាន​ប្រាប់​ទៅ​លោក ឃឺ​រី ថា ពិភពលោក​កំពុងតែ​ក្លាយជា​កន្លែង​ប្រឈមមុខ​មួយ​។ ហើយ​នៅពេលដែល​អាមេរិក​ចង់​សហការ​ឲ្យ​បាន​ស្អិតល្មួត​ជាមួយ​ចិន អាមេរិក​គួរតែ​គោរព​ផលប្រយោជន៍​ចម្បង​របស់​ចិន​។

​ជាមួយគ្នា​នោះដែរ លោក វ៉ាង យី ក៏បាន​ឆ្លៀត​ពេលនោះ បញ្ជាក់​ទៅកាន់​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ពី​ជំហរ​របស់​ចិន​ចំពោះ​បញ្ហា​កោះ​តៃវ៉ាន់​និង​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​។ លោក ប្រាប់​ឲ្យ​ភាគី​អាមេរិក​លក់​អាវុធ​ទៅ​ឲ្យ​កោះ​តៃវ៉ាន់ និង​ឈប់​បង្ហាញ​សាច់ដុំ​យោធា នៅ​ដែនសមុទ្រ​ចិន​ខាងត្បូង​ដែលជា​តំបន់​ត្រួតត្រា​របស់​ចិន​នោះ​។

​កន្លងមកនេះ ចិន ខឹងសម្បារ​នឹង​សកម្មភាព​ផ្គើន​របស់​អាមេរិក​យ៉ាងខ្លាំង​។ ជាក់ស្ដែង​នោះ កាលពី​ព្រឹក​ថ្ងៃ​១០​ធ្នូ យន្តហោះ​ទម្លាក់​គ្រាប់បែក​អាមេរិក​២​គ្រឿង បាន​ហោះ​ឆ្លងកាត់​សមុទ្រ​ចិន​ខាងត្បូង​។ ក្នុងនោះ​មាន​B-52​មួយគ្រឿង បាន​ហោះ​ជិត​កោះ​សិប្បនិម្មិត​ចិន​មួយ ដែល​សង់​នៅលើ​កោះ​ជម្លោះ​ស្ព្រា​ត់​លី (Spratly)​។ យន្តហោះ​នេះ​ហោះ​កម្ពស់​មិន​ដល់​៣ ៧០៤​ម៉ែត្រ ពី​កោះ​ទេ​។ ដូច្នេះ គឺ​ហោះ​ស្ទើរតែ​ចុះទៅ​ដល់​កោះ​ទៅហើយ​។ អាមេរិក​ចាត់ទុក​ការសាងសង់​កោះ​សិប្បនិម្មិត​របស់​ចិន ជាការ​គំរាមកំហែង ចរាចរណ៍​ផ្លូវទឹក ក្នុង​ដែនទឹក​យុទ្ធសាស្ត្រ​ទីនោះ​។​

​ហើយ​នៅពេល​ថ្មីៗ​នេះ​ទៀត ចិន​កាន់តែ​ក្ដៅស្លឹកត្រចៀក​ថែមទៀត នៅ​ថ្ងៃទី​១៦ ខែធ្នូ រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានអនុញ្ញាត​ឲ្យ​មាន​ការលក់​អាវុធ​ទៅ​ឲ្យ​កោះ​តៃវ៉ាន់ ដែល​ពី​ដើម​រៀងមក​ចិន​ចាត់ទុក​តំបន់​នេះ​ជា​ដែន​ដី​របស់ខ្លួន​។ ការលក់​អាវុធ​ដែលមាន​តម្លៃ​ប្រហែល​១.៨​ពាន់​លាន​ដុល្លារ​អាមេរិក បានធ្វើ​ឲ្យ​ទីក្រុង​ប៉េកាំង​អន់ចិត្ត​និង​ខឹងសម្បារ​ខ្លាំង​ផងដែរ​។ ចិន​ក៏​ថែមទាំង​គំរាម​ដាក់ទណ្ឌកម្ម​ប្រឆាំង​រាល់​ក្រុមហ៊ុន​ណា​ដែល​ជាប់​ពាក់ព័ន្ធ​គម្រោង​លក់​សព្វាវុធ​នេះ​ផងដែរ​៕


Tag:
 ចិន​
  អាមេរិក​
 ​ សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com