អន្តរជាតិ
រដ្ឋ​អាស៊ាន​ខ្លះ​កំពុង​សប្បាយ​ខ្លាំង ពេល​អាមេរិក ផ្គើន​ចិន​តាម​កម្លាំងយោធា​ម្តង​ហើយ​ម្តងទៀត
21, Dec 2015 , 8:59 pm        
រូបភាព
ដោយ:
​ជម្លោះ​អធិបតេយ្យ​សមុទ្រ​ចិន​ខាងត្បូង រវាង​ចិន និង​រដ្ឋ​អាស៊ាន កំពុង​ប្រទាញប្រទង់​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​របស់ខ្លួន លូកដៃ​ចូល​កាន់តែ​ជ្រៅ​ដើម្បី​ប្រឆាំងនឹង​ចិន​ដែល​កំពុងតែ​ពង្រីក​អំណាច​របស់ ខ្លួន​ក្នុង​តំបន់​ដែល​គ្មាន​រដ្ឋ​ណាមួយ​ហ៊ាន​ប្រជែង​។ បញ្ហា​នេះ បាន​ជំរុញ​ឲ្យ អាមេរិក បាន​យក​ហេតុផល​ច្បាប់​អន្តរជាតិ ដើម្បី​បំ​លែង​កិច្ច​អន្តរាគមន៍​របស់ខ្លួន និង​ថែមទាំង​ផ្គើន​ចិន​ម្តង​ហើយ​ម្តងទៀត​តាមរយៈ​ការបញ្ជូន​នាវាចម្បាំង និង​យន្តហោះ​ទម្លាក់​គ្រាប់​មក​ក្បែរ​តំបន់​ជម្លោះ​ដែល​ចិន​កំពុង​កាន់កាប់​។



សូមស្តាប់ការបកស្រាយរបស់លោក ទេព អ៊ីវិសាល



​រយៈពេល​ចុងក្រោយ​នេះ រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ិន​តោន បានបង្ហាញ​ពី​គោលនយោបាយ​ការបរទេស និង​សកម្មភាព​ផ្នែក​យោធា​យ៉ាងសកម្ម និង​លេចធ្លោ​មកកាន់​តំបន់​អាស៊ី និង​អាស៊ីអាគ្នេយ៍​ដើម្បី​ប្រឆាំងនឹង ឥទ្ធិពល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។ ក្រុង​ប៉េកាំង​វិញ មិនទាន់មាន​ចំណាត់ការ​ទ្រង់ទ្រាយ​ធំ​ណាមួយ​ដើម្បី ឆ្លើយតប​នឹង​សកម្មភាព​ទាំងនេះ​វិញ​ទេ តែ​បាន​ត្រឹម​ព្រមាន​តាម​ពាក្យសម្តី​។​

១. សកម្មភាព​ចិន​នៅ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ជាការ​គំរាមកំហែង​ក្នុង​តំបន់​?
​គឺ​រយៈពេល​៤​ទសវត្ស​រ៍ហើយ ដែល​ជម្លោះ​អធិបតេយ្យ​សមុទ្រ​ចិន​ខាងត្បូង មិនទាន់​រកឃើញ​ដំណោះ ស្រាយ​ណាមួយ​ដើម្បី​បែងចែក​ខណ្ឌសីមា​សម្រាប់​រដ្ឋ​ពាក់ព័ន្ធ​នីមួយៗ​។ នោះ​ក៍​ព្រោះតែ រដ្ឋ​នីមួយៗ   សុទ្ធសឹង​តែមាន​អំណះអំណាង​ផ្សេងៗ​គ្នា​។ ជាពិសេស​នោះ​ម្ខាង​ទាមទារ​ឲ្យ​មានការ​ដោះស្រាយ​ជា​លក្ខណៈ​ពហុភាគី​(​រដ្ឋ​អាស៊ាន​) និង​ម្ខាង​ចង់​មាន​ការចរចា​ទ្វេភាគី​(​ចិន​)​។ ម្ខាង​ទាមទារ​ដោយ​កត្តា​ប្រវត្តិសាស្ត្រ​(​ចិន​) និង​ម្ខាង​ទៀត​ទាមទារ​ដោយ​ផ្អែកលើ​ច្បាប់​អន្តរជាតិ​(​រដ្ឋ​អាស៊ាន​)​។

​ចិន បានទាមទារ​ស្ទើរតែ​តំបន់​ទាំងស្រុង​នៃ​តំបន់​ជម្លោះ ដែល​ធ្វើ​ឲ្យ​ការទាមទារ​នោះ ប្រែក្លាយ​ជាការ បំពាន​នឹង​ដែន​អធិបតេយ្យ​របស់​រដ្ឋ​អាស៊ាន ដែល​បានទាមទារ​តាមច្បាប់​អន្តរជាតិ ពោលគឺ​អនុ​ញ្ញា​ស្តី​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២​។ ចិន មិន​ត្រឹមតែ​ទាមទារ​ប៉ុណ្ណោះ​នោះទេ តែ ចិន​ថែមទាំង​បញ្ចេញ​តាម​រូបភាព​នៃ​ចូលទៅ​កាន់កាប់​តំបន់​ជម្លោះ​ជា​លក្ខណៈ​ឯកតោភាគី​ទៀតផង​។ កន្លងមក​រដ្ឋាភិបាល​ក្រុង​ប៉េកាំង អះអាងថា​សកម្មភាពរ​បស់​ខ្លួន គឺ​ដើម្បី​ផលប្រយោជន៍​ស៊ីវិល និង​ឆ្លើយតប​នឹង​តម្រូវការ​ប្រជាជន​ចិន តែប៉ុណ្ណោះ​។ តែ​រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ិន​តោន បានបង្ហាញ​ទិន្នន័យ​ដែល​ចាប់យក​ដោយ​ប្រព័ន្ធ​ផ្កាយរណប​ថា ចិន​បាន​គ្រប់គ្រង​តំបន់​ជម្លោះ​ប្រមាណ ៨១០ ហិកតា និង​ថែមទាំង​សាងសង់​កោះ​សិប្បនិម្មិត​ដែល​ត្រូវបាន​គេ​ជឿជាក់ថា នឹង​ក្លាយជា​មូលដ្ឋាន​យោធា​របស់​ចិន​ទៀតផង​។ មានន័យថា អ្វីដែល​ចិន បាន​អះអាង​កន្លងមក ផ្ទុយទៅនឹង​អ្វីដែល​ខ្លួន​កំពុង​ធ្វើ​សកម្មភាព​។​

​តាមពិតទៅ សមុទ្រ​ចិន​ខាងត្បូង មិន​ត្រឹមតែ​ជា​ភូមិសាស្ត្រ​មួយ​ដែល​ពោរពេញ​ទៅដោយ​ធនធានធម្មជាតិ​នោះទេ តែ​វា​ច្រក​ពាណិជ្ជកម្ម​ពិភពលោក​ដ៏​សកម្ម​ទៀតផង​។ បើ​ចិន អាច​គ្រប់គ្រង​តំបន់​ទាំងនោះ វា​មិន​ត្រឹមតែ​ជាការ​គំរាមកំហែង​លើ​សន្តិសុខ​ប៉ុណ្ណោះ​ទេ តែ​សកម្មភាព​ពាណិជ្ជកម្ម ក៏ត្រូវ​ប្រឈម​ផងដែរ​។

២. ដល់​ដំណាក់កាល​ចុងក្រោយ អាមេរិក​ត្រូវ​ប្រើ​យុទ្ធសាស្ត្រ​យោធា​គំរាម​ចិន​?
​ក្នុង​ក្របខណ្ឌ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ភាគី​ពាក់ព័ន្ធ​មានតែ​រដ្ឋ​អាស៊ាន​ដូចជា ព្រុយ​ណេ ម៉ាឡេស៊ី វៀតណាម និង​ហ្វីលីពីន ជាមួយ​ចិន​។ តែ​កន្លងមក​គ្មាន​រដ្ឋ​អាស៊ាន​ណាមួយ ហ៊ាន​ចេញមុខ​ប្រឆាំង និង បញ្ឈប់​ចិន ទោះបី​អាស៊ាន តែងតែ​លើក​ប្រធានបទ​ជម្លោះ​សមុទ្រ​ចិន​ជា​របៀបវារៈ​ក្នុង​កិច្ចប្រជុំ​កំពូល ជា​រឿង​រាល់​ឆ្នាំ​ក៏ដោយ​។

​ជុំវិញ​បញ្ហា​នេះ ដំបូង​ឡើយ អាមេរិក ដែល​មិនមែនជា​រដ្ឋ​ពាក់ព័ន្ធ​ជម្លោះ តែងតែ​រិះគន់ និង​ទទូច​ឲ្យ​ចិន ចូល​តុ​ចរចា​ជាមួយនឹង​អាស៊ាន និង​គោរព​តាមច្បាប់​អន្តរជាតិ ដ្បិត​ចិន ក៏​ជា​ភាគី​នៃ​អនុសញ្ញា​ស្តី​ច្បាប់​សមុទ្រ​ផងដែរ​។ តែ​ចិន ហាក់​ដូ​ជា​មិន​អើពើ​នោះទេ​។ យ៉ាងណាក៏ដោយ រយៈពេល​ចុងក្រោយ​នេះ អាមេរិក បាន​បញ្ចេញ​ចង្កោម​រប​ស់​ខ្លួន​កាន់តែខ្លាំង​សំដៅ​មក​ចិន​។ ក្នុងនោះ អាមេរិក ជាមួយនឹង​សម្ព័ន្ធ របស់ខ្លួន បើក​ប្រតិបត្តិការ​យោធា​មកកាន់​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ក្រោម​អំណាចច្បាប់​អន្តរជាតិ ។​

​កាលពី​ចុងខែ​តុលា និង​ដើមខែ វិច្ឆិកា កន្លងទៅ អាមេរិក បាន​បញ្ជូន​នាវា​ល្បាត និង​យន្តហោះ​ទម្លាក់ គ្រាប់​មកកាន់​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដោយ​ជោគជ័យ​។ ហើយ​ទោះបី​ជាមាន​ព្រមាន​ពី​ចិន ក៏ដោយ​អាមេរិក បាន​បញ្ជូន​យន្តហោះ​ប្រភេទ​B-52 ពីរ​គ្រឿង​កាលពី​សប្តាហ៍​មុន​ទៀតផង​។ សកម្មភាព​នេះ មិនមែនជា​អ្វី​គួរ​ភ្ញាក់ផ្អើល​នោះទេ ព្រោះ​អាមេរិក​ធ្លាប់បាន​ប្រកាស​រួចហើយ ថា​ខ្លូន​នឹង​ប្រតិបត្តិការ នៅ​តំបន់​ជម្លោះ​រៀងរាល់​ត្រីមាស​ម្តង​។​

​អ្វី​គួរកត់សម្គាល់​នោះ អូស្ត្រាលី ជា​សម្ព័ន្ធមិត្ត​អាមេរិក ក៏បាន​ព្រ​លូក​ខ្លួន​ក្នុង​បញ្ហា​នេះដែរ​។ នោះ​គឺ អូស្ត្រាលី បាន​បញ្ជូន​យន្តហោះ​ស៊ើបការណ៍​របស់​ខ្លូន​មកកាន់​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ ទាំង​អាមេរិក ទាំង អូស្ត្រាលី សុទ្ធសឹងតែ​អះអាង​សកម្មភាព​ខ្លួន​ធ្វើឡើង​ក្រោមរូបភាព​អន្តរជាតិ និង​លើក កម្ពស់​សេរីភាព​នៃ​ការហោះហើរ និង​នាវាចរណ៍​។​

​ដោយឡែក រដ្ឋ​អាស៊ាន​វិញ ហាក់ដូចជា​រក្សា​ភាពស្ងប់ស្ងាត់​នៅ​នៅឡើយ​នោះទេ​។ តែ​គេ​ឃើញថា កាលពី​ប្រតិបត្តិការ​អាមេរិក​លើក​ដំបូង​ក្នុងការ​បញ្ជូន​នាវា ហ្វីលីពីន ជា​ភាគី​នៃ​ជម្លោះ បាន​សម្តែង​ការស្វាគមន៍​យ៉ាងខ្លាំង​ចំពោះ​វត្តមាន​នោះ​។ លោក​ប្រធានាធិបតី​ហ្វីលីពីន ប៊ែ​នី​ណូ អា​ហ្គី​ណូ ថែមទាំង ចាត់ទុក​សកម្មភាព​នោះ​ថា ជា​តុល្យភាព​នៃ​អំណាច​ក្នុង​តំបន់​ទៀតផង​៕


© រក្សាសិទ្ធិដោយ thmeythmey.com