ពីនេះ ពីនោះ
រឿង​ទាំង ៧ ដែល​អ្នក​គួរ​ធ្វើ ពេល​ដល់​អាយុ ៣០ ឆ្នាំ​
23, Dec 2015 , 11:56 am        
រូបភាព
ដោយ: ថ្មីៗ
 
​កាន់តែ​ចាស់ អ្នកនឹង​កាន់តែ​លំបាក ក្នុងការ​ផ្លាស់ប្តូរ​ទម្លាប់ រស់នៅ​ប្រចាំថ្ងៃ​របស់​អ្នក​។ ប៉ុន្តែ ពេល​ឈាន​ជើង​ចូល​អាយុ ៣០ ឆ្នាំ អ្នក​នៅតែ​មានឱកាស​ច្រើន ក្នុងការ​ទទួលបាន​នូវ​សុខ​ភាពល្អ តាមរយៈ​ការផ្លាស់ប្តូរ និង​ទទួលយក​នូវ​របៀបរ​ស់​នៅ​ល្អៗ​មួយចំនួន ដែល​គេ​បាន​ណែនាំ​។​

​ចូរ​អាន​នូវ​គំនិតល្អៗ ទាំង ៧ ខាងក្រោម​នេះ ហើយ​ព្យាយាម​ហាត់ពត់ និង​ចាប់​ផ្តើមធ្វើ​វា ចាប់ពីពេលនេះ​តទៅ ៖
 
១. ញញឹម និង​សើច​ដាក់​ខ្លួនឯង​
​ចូរ​សើច​ដាក់​ខ្លួនឯង​! ចូរ​ញញឹម​រីករាយ នឹង​ឆាកជីវិត​របស់​ខ្លួនឯង​! សើច​ដាក់​ចំណុច​ល្អ និង​ចំណុច​អាក្រក់​របស់​ខ្លួនឯង​! ហើយ​ខំ​កែប្រែ​ឲ្យ​បាន​កាន់តែ​ប្រសើរ​។​
 
២. ពេញចិត្ត​ចំពោះ​ក្រុមគ្រួសារ និង​មិត្តភក្តិ​
​ពេល​អ្នក​ស្ថិតក្នុង​ចន្លោះ​អាយុ ២០ ឆ្នាំទៅ អ្នក​ប្រហែលជា​កំពុង​រវល់ ជាមួយនឹង​ការរៀនសូត្រ ឬ​កិច្ចការងារ​ហើយ ដូច្នេះ គ្រួសារ និង​មិត្តភក្តិ ប្រហែលជា​នៅ​ឆ្ងាយ​ពី​អ្នក​បន្តិច​។ ប៉ុន្តែ ពេល​ឈាន​ជើង​ចូល​អាយុ ៣០ ឆ្នាំ វា​ដល់​ពេលដែល​អ្នក គួរ​បង្កើន​ភាពស្និទ្ធស្នាល​ជាមួយ​គ្រួសារ មិត្តភក្តិ ឬ​បង្កើតជា​គ្រួសារ​ផ្ទាល់ខ្លួន​មួយ​ហើយ (​រៀបការ​)​។​
 
៣. សរសេរ​កំណត់ហេតុ​ជីវិត​
"​កំណត់ហេតុ​ជីវិត ជាការ​រៀបរាប់​អំពី ដំណើរការ ឬ​រឿងរ៉ាវ​នានា ដែល​បាន​កើតឡើង​ពេញ​មួយថ្ងៃ ដាក់​នៅក្នុង​សៀវភៅ ឬ​កុំព្យូទ័រ​ជា​រៀងរាល់ថ្ងៃ ដើម្បី​កំសាន្ត​អារម្មណ៍ បន្ថយ​ស្ត្រេ​ស និង​ទុកជា​អនុស្សាវរីយ៍ នៅពេល​អ្នក​ចាស់​ទៅ​។​
 
៤. ចាប់ផ្តើម​គ្រប់គ្រង​ទម្ងន់​
​ពិតណាស់ អាយុ​ប៉ុន​នេះ អ្នក​ត្រូវតែមាន​ការប្រុងប្រយ័ត្ន ថែរក្សា​ទម្ងន់​រាងកាយ ឲ្យ​មាន​សុខភាព​ល្អ ពីព្រោះ​បើ​អ្នក​ធ្វេសប្រហែស អ្នក​ច្បាស់​ជា​ធាត់ ឬ​ស្គម​ពេក​ហើយ​។ ម្យ៉ាងវិញទៀត វា​ពិបាក​នឹង​បន្ថយ ឬ​បន្ថែម​គីឡូ​ណាស់ នៅពេល​អ្នក​ចាស់​បន្តិច​ទៀត​។​
 
៥. ចាប់ផ្តើម​សន្សំ​លុយ​
​ដាច់ខាត អ្នក​ត្រូវតែ “​ចំណាយ ឲ្យ​តិចជាង ចំណូល​” ទើប​អ្នក​អាច​សន្សំ​លុយ​បាន​ខ្លះ សម្រាប់​ថ្ងៃ​អនាគត​។ កុំ​ជុះ​តាម​ដំរី កុំ​សម្ភារៈ​និយម កុំ​សប្បាយ ឬ​ដើរលេង​ខ្លាំងពេក ប៉ុន្តែ ត្រូវ​រក្សា​លុយ​ទុក​ខ្លះ សម្រាប់​មើលថែ​ជំងឺ​ខ្លួនឯង ឬ​មានការ​បន្ទាន់​ណាមួយ​។​
 
៦. បង្កើត​គោលដៅ​ធំ​មួយ​
​ត្រូវមាន​គម្រោង និង​ធ្វើ​វា​ឲ្យ​បាន នៅ​អាយុ​ប៉ុន​នេះ ដូចជា រៀបការ​សាង​គ្រួសារ​ថ្មី​មួយ ទិញ​ឡាន ទិញ​ផ្ទះ ...​។​
 
៧. រៀន​ពី​កំហុស​ខ្លួនឯង​
​អ្នក​ប្រហែលជា​ធ្លាប់ សាង​នូវ​កំហុស​ជាច្រើន ចាប់តាំងពី​តូច​មក ជាពិសេស នៅ​អាយុ​ខ្ទង់ ២០ ដូច្នេះ វា​ល្មម​ដល់ពេល​ដែល​អ្នក ត្រូវ​សិក្សា​ស្វែងយល់ និង​កែប្រែ​កំហុស​ទាំងអស់នោះ ហើយ​ព្យាយាម​ធ្វើខ្លួន​ឲ្យ​បានល្អ​ហើយ​៕
 
 ​ត្រួតពិនិត្យ​ដោយ www.health.com.kh​

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com