ជាតិ
លោក ញ៉យ ចំរើន និង​លោក គង់ សភា ត្រូវ​កោះអញ្ជើញ​ឲ្យ​ចូល​តុលាការ​នៅ​ថ្ងៃទី​២៨​ធ្នូ​
24, Dec 2015 , 10:19 pm        
រូបភាព
​តុលាការ​រាជធានី​ភ្នំពេញ​បាន​កោះអញ្ជើញ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ពីររូប ឲ្យ​ចូល​បំភ្លឺ​ព័ត៌មាន​បន្ថែម​ជុំវិញ​ការប្រើ​អំពើហិង្សា​ពី​សំណាក់​ជនដៃដល់​ជាច្រើន​នាក់​មកលើ​ខ្លួន នៅ​ថ្ងៃទី​២៨ ធ្នូ​ខាងមុខនេះ​។ បើតាម​លោក គង់ សភា លោក​និង​លោក ញ៉យ ចំរើន នឹង​មិនបាន​ចូលទៅ​ផ្ដល់ព័ត៌មាន​បន្ថែម នៅ​ថ្ងៃទី​២៨​ធ្នូ​ទេ ដោយសារ​លោក​ជាប់រវល់​បំពេញភារកិច្ច​នៅ​ប្រទេស​អាមេរិក​។ ប៉ុន្តែ តំណាងរាស្ត្រ​ទាំងពីរ​នឹង​ឲ្យ​មេធាវី​ចូលទៅ​ផ្ដល់ព័ត៌មាន​ជំនួស​។​



​លោក ញ៉យ ចំរើន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹងថា តុលាការក្រុង​ភ្នំពេញ​បាន​កោះអញ្ជើញ​រូបលោក និង​លោក គង់ សភា រួមទាំង​អ្នកបើក​ឡាន ឲ្យ​ចូល​បំភ្លឺ​ព័ត៌មាន​បន្ថែម​ជុំវិញ ការប្រើ​ហិង្សា​វាយ​លើ​អ្នក​ទាំងពីរ ពី​សំណាក់​ជនដៃដល់​កន្លង​មក​។ ទោះជា​យ៉ាងនេះ​ក្ដី​លោក ញ៉យ ចំរើន ថ្លែងថា លោក​មិនសូវមាន​សង្ឃឹមថា​ខ្លួន​នឹង​ទទួលបាន​ភាពយុត្តិធម៌​ឡើយ​។ សម្រាប់​អ្នកតំណាងរាស្ត្រ​រូបនេះ ដំណើរការ​នីតិវិធី​នៃ​ការស្វែងរក និង​ចាប់ខ្លួន​ជនដៃដល់ ដែល​វាយដំ​លើ​លោក​និង​លោក គង់ សភា គឺមាន​ការអូសបន្លាយ យឺតយ៉ាវ​ជាង​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​ដែលមាន​បញ្ហា​ក្តីក្តាំ​ដូចគ្នា​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ តំណាងរាស្ត្រ​រងគ្រោះ​រូបនេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​មើលទៅ​ឃើញថា​ដំណើរការ​ចាប់ខ្លួន​ជនដៃដល់​មានការ​យឺតយ៉ាវ​។​ហើយ​ខ្ញុំ​ចង់​ឃើញថា​ការដោះស្រាយ​បញ្ហា​រក​យុត្តិធម៌​ជូន​តំណាងរាស្ត្រ​គណបក្សប្រឆាំង​បាន​ត្រឹមត្រូវ​ដូច​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​ដែរ​»​។​

​ជាមួយគ្នានេះ​តំណាងរាស្ត្រ​រងគ្រោះ​មួយរូប​ទៀត​លោក គង់ សភា អះអាងថា លោក​គ្មាន​សង្ឃឹមលើ​ប្រព័ន្ធយុត្តិធម៌​ឡើយ ព្រោះ​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុ​ជាមាន​ស្ដង់ដារ​ពីរ​។ លោក គង់ សភា ថ្លែងថា​៖« គឺ​មួយ​សម្រាប់​ក្រុមមន្ត្រី​និង​អ្នកនយោបាយ​ខាង​រដ្ឋាភិបាល និង​មួយ​សម្រាប់​អ្នកនយោបាយ​គណបក្សប្រឆាំង និង​ប្រជាពលរដ្ឋ​ទន់ខ្សោយ​»​។

​សូម​រម្លឹកថា លោក គង់ សភា និង​លោក ញ៉យ ចំរើន ត្រូវបាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​មួយក្រុម​វាយដំ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ នៅក្បែរ​វិមាន​រដ្ឋសភា កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥ ។ ក្រោយ​ជនដៃដល់​បីនាក់ ចូល​បង្ហាញខ្លួន​ចំពោះមុខ​សមត្ថកិច្ច កាលពី​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ ហើយ​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​បញ្ជូន​ពួកគេ ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន ក្នុង​ពន្ធនាគារ​ព្រៃ​ស ក្រោយ​ការចោទប្រកាន់​ពីបទ​បង្ក​ហិង្សា​ដោយ​ចេតនា និង​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​មាន​ស្ថាន​ទម្ងន់ទោស​។​

​តែ​ការឃុំ​ជនដៃដល់​៣​នាក់​នេះ មិនអាច​ធ្វើ​ឲ្យ​លោក គង់ សភា និង​លោក ញ៉យ ចំរើន ស្ងប់ចិត្ត​ឡើយ ។​ទាំង​លោក គង់ សភា ទាំង​លោក ញ៉យ ចំរើន នៅតែ​ទទូច​ឲ្យ​អាជ្ញាធរ និង​ប្រព័ន្ធយុត្តិធម៌ ស្វែងរក​ជន​ដៃ​បន្ថែមទៀត ដើម្បី​រក​យុត្តិធម៌​ជូន​ខ្លួន និង​កុំ​ឲ្យ​ជនដៃដល់​ដែល​មិនទាន់​ចាប់ខ្លួនបាន​ទាំងនោះ​ហ៊ាន​ប្រព្រឹត្តិ​ហិង្សា​តំណាងរាស្ត្រ​ដទៃទៀត​៕



Tag:
 ញ៉យ ចំរើន
  គង់ សភា
© រក្សាសិទ្ធិដោយ thmeythmey.com