ពីនេះ ពីនោះ
ក្រពះ​កំពុង​ឃ្លាន កុំ​និយាយ​ពី​រឿង​សីលធម៌​!
26, Dec 2015 , 1:23 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ទស្សនវិទូ​ដ៏​ល្បី​របស់​ជនជាតិ​ជ្វី​ប សញ្ជាតិ​អាឡឺម៉ង់ លោក កាល់ ម៉ាក្ស( Karl Marx) ជា​ស្ថាបនិក​ទ្រឹស្តី​កុំម្មុយនីស្ត បាន​បង្កើត​ទ្រឹស្តី​សេដ្ឋកិច្ច​ដ៏​ល្បី​មួយ​ឃ្លា​ថា សេដ្ឋកិច្ច គឺជា​កត្តា​កំណត់​លើ​សីលធម៌​របស់​ប្រជាជន​។ លើសពីនេះ អាជីព ឬ​មុខរបរ របស់​មនុស្ស​សព្វថ្ងៃ បាន​បន្ថយ​ទំនាក់ទំនង​របស់​មនុស្ស​មក​ត្រឹមតែ​លុយកាក់​តែប៉ុណ្ណោះ​។



​ក្នុង​សៀវភៅ​ដែលមាន​ចំណងជើង​ថា «​ប្រវត្តិ​ទស្សនវិជ្ជា​នយោបាយ​» លោក កាល់ ម៉ាក្ស​(Karl Marx) ជា​ទស្សនវិទូ​មួយរូប បានសរសេរថា សេដ្ឋកិច្ច នឹង​ទៅ​កំណត់​លើ​សីលធម៌​របស់​ប្រជាជន​។​

​ការរស់នៅ​ប្រចាំថ្ងៃ​របស់​មនុស្ស គឺ​សេដ្ឋកិច្ច​ដើរតួនាទី​សំខាន់ ព្រោះ​សេដ្ឋកិច្ច បាន​ផ្សារភ្ជាប់​ជាមួយ​មនុស្ស​តាំងពី​មនុស្ស​កើតមក​ម្ល៉េះ​។ ការខិតខំ​ធ្វើការ​ងារ ការបង្កើត​ជំនួញ​គ្រប់​ប្រភេទ គឺមាន​គោលដៅ​ដើម្បី​ទទួលបាន​លុយ មាសប្រាក់ និង​ទ្រព្យសម្បត្តិ​។ របស់​ទាំងនេះហើយ ដែល​បាន​ជះឥទ្ធិពល លើ​សីលធម៌​របស់​មនុស្ស​។

​ដោយ​តែ​លុយ មនុស្ស​ហ៊ាន​កាប់សម្លាប់ ឆក់​ប្លន់ លួច ប្រកួតប្រជែង មួលបង្កាច់ ច្រណែន និង​ឈ្នានីស ចំពោះ​មនុស្ស​ដូចគ្នា​។ លើសពីនេះ មនុស្ស​ដើម្បី​បាន​រស់ ពួកគេ​បានធ្វើ​ការងារ​គ្រប់បែបយ៉ាង ទោះបី​ការងារ​នោះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត​អ្នកដទៃ​ឬ ការងារ​នោះ មាន​គោលដៅ​បំផ្លាញ​សង្គម​ក៏ដោយ​។ ក្នុងនោះ​រួមមាន​៖ ការជួញដូរ​គ្រឿងញៀន ជួញដូរ​អាវុធ ជួញដូរ​មនុស្ស និង​ការលក់ដូរ​បន្លែ សាច់ ត្រី ដែលមាន​សារជាតិ​គីមី​ជាដើម​។

​មនុស្ស​មួយ​ភាគ​ធំ បានធ្វើ​ឲ្យ​លុយ មាសប្រាក់ និង​ទ្រព្យសម្បត្តិ គ្រប់គ្រង​ពួកគេ មិនមែន​ពួកគេ ជា​អ្នកគ្រប់គ្រង​លើ​វត្ថុ​ទាំង​នោះទេ​។ លើសពីនេះ របស់​ទាំងនេះ បាន​បញ្ជា​ឲ្យ​មនុស្ស​ជាច្រើន​ធ្វើ​សកម្មភាព​ដូចជា​មនុស្ស​យន្ត​អ៊ីចឹង​។ មនុស្ស​ធ្វើ​ការងារ​រាល់ថ្ងៃ គឺ​ដើម្បី​តែ​របស់​ទាំងនោះ​។ មិនមែន​ទាំងអស់​នោះទេ មនុស្ស​មួយចំនួន មិនបាន​ធ្វើ​ការងារ​តែមួយ​ចំអែត​ក្រពះ​ប៉ុណ្ណោះ​ទេ​។ តែ​ពួកគេ​ធ្វើ​ការងារ គឺ​ដើម្បី​ឧ​ត្ត​ម​ប្រយោជន៍​អ្នកដទៃ ជាជាង​ប្រយោជន៍​របស់ខ្លួន​។​

​មិន​ត្រឹមតែ​ក្នុង​ក្របខ័ណ្ឌ​ជីវភាព ប្រជាជន​សាមញ្ញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ឥទ្ធិពល​សេដ្ឋកិច្ច ក៏បាន​ធ្វើ​ឲ្យ​ប្រទេស​នឹង​ប្រទេស​ឈ្លោះ​គ្នា ធ្វើសង្គ្រាម និង​បំផ្លាញ​គ្នា​ទៅវិញទៅមក ដោយ​បុព្វហេតុ​សេដ្ឋកិច្ច​ដែរ​។​

​ជាក់ស្តែង សង្គ្រាម​ដណ្តើម​ផលប្រយោជន៍ នៅ​សមុទ្រ​ចិន​ខាងត្បូង នៅ​ប្រជុំ​កោះ​ស្បាត​លី និង​ប៉ា​រា​សែ​ល រវាង​ចិន តៃវ៉ាន់ និង​ប្រទេស​ជា​សមាជិក​អាស៊ាន​មួយចំនួន គឺជា​តឹង​តាង​ស្រាប់​។ ជម្លោះ​នេះ កើតឡើង​ពី​ការដណ្តើម​ផលប្រយោជន៍​សេដ្ឋកិច្ច ពីព្រោះ​ប្រជុំ​កោះ​នេះ មាន​រ៉ែ​ប្រេង និង​ធនធាន​សមុទ្រ​ជាច្រើន​ទៀត​។​

​ក្រពះ​មាន​ឥទ្ធិពល​លើ​ខួរក្បាល​មនុស្ស ពីព្រោះ ក្រពះ គ្មាន​ចំណីអាហារ ប្រាកដ​ណាស់ ខួរក្បាល​មនុស្ស នឹងមិន​ដំណើរការ ពីព្រោះ គ្មានអ្វី​ទៅ​ចិញ្ចឹម និង​បំប៉ន​ខួរក្បាល​។ បុព្វ​ហេតុនេះ ទើប​ធ្វើ​ឲ្យ​មនុស្ស ត្រូវធ្វើ​អ្វី​គ្រប់បែបយ៉ាង ដើម្បី​ស្វែងរក​អាហារ មក​បំពេញ​ក្រពះ ដែល​បញ្ហា​នេះ បានធ្វើ​ឲ្យ មាន​ចរន្ត​នៃ​ការដណ្តើម​ផលប្រយោជន៍​គ្នា បង្ក​ជា​ជម្លោះ និង​ធ្វើ​ឲ្យ​មាន​សង្គ្រាម​បង្ហូរឈាម​។​

​ដូច្នេះ សេដ្ឋកិច្ច បាន​ដើរតួនាទី​យ៉ាងសំខាន់ សម្រាប់​កំណត់​លើ​សកម្មភាព​របស់​មនុស្ស​។ ប្រសិនបើ ប្រទេសមួយ​ដែល​ប្រជាជន​កំពុងតែ​គ្មានអ្វី​ហូប ការបណ្តុះ​សីលធម៌​របស់​ប្រជាជន ប្រាកដជា​បរាជ័យ ពីព្រោះ​ចរន្ត​នៃ​ភាពក្រីក្រ បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង លើ​សីលធម៌​របស់​ពួកគេ​។ ភាពអត់ឃ្លាន បាន​បង្ខំ​ពួកគេ ឲ្យ​ធ្វើអំពើ​គ្រប់បែបយ៉ាង ទោះបីជា ត្រូវ​លះបង់​ជីវិត​ខ្លួនឯង បំផ្លាញ​អ្នកដទៃ ឬ​សម្លាប់​អ្នកដទៃ​ក៏ដោយ គឺ​ពួកគេ​នឹងធ្វើ ដើម្បី​បម្រើ​ក្រពះ​ដែល​កំពុង​ស្រែក​ឃ្លាន​។ ហើយ​នៅ​ទីបំផុត សង្គម​មួយ​ដែលមាន​មនុស្ស​អត់ឃ្លាន​កាន់តែច្រើន សង្គម​នោះ នឹង​ក្លាយជា​សង្គម​អនាធិបតេយ្យ គ្មាន​ច្បាប់ទម្លាប់ មនុស្ស​ចាប់ផ្តើម ឆក់ លួច ប្លន់ និង​បង្កើត​សកម្មភាព​អមនុស្សធម៌​ជាច្រើន​ទៀត​៕




Tag:
 ទស្សនៈ
© រក្សាសិទ្ធិដោយ thmeythmey.com