ពីនេះ ពីនោះ
ជា​មេដឹកនាំ​ត្រូវធ្វើ​ឲ្យ​គេ​ស្រឡាញ់​ផង និង​ញញើត​ផង​!
26, Dec 2015 , 4:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោក ម៉ា​គី​យ៉ា​វ៉ែល​(Machiavelli) គឺជា​ទស្សនវិទូ​នយោបាយ ប្រវត្តិវិទូ និង​ជា​អ្នក​ទ្រឹស្ដី​សង្គ្រាម​ដ៏​ល្បីល្បាញ​របស់​ប្រទេស អ៊ីតាលី មួយរូប​នៅ​កំឡុង​ឆ្នាំ​១៤៦៩​ដល់​១៥២៧​។ ទស្សនវិទូ​រូបនេះ​បានលើកឡើង​ពី​លក្ខណៈ​របស់​អ្នកដឹកនាំ គឺ​ត្រូវ ធ្វើយ៉ាងណា​ឲ្យ​គេ​ស្រឡាញ់ ចូលចិត្ត គោរព ហើយក៏​ត្រូវធ្វើ​ឲ្យ​មនុស្ស​នៅក្រោម​បង្គាប់ ទាំងអស់​ញញើត កោតខ្លាច​ផងដែរ​។



​នៅក្នុង​នយោបាយ នៅក្នុង​ជីវិត​ជា​អ្នកគ្រប់គ្រង ដឹកនាំ សេចក្ដីស្រឡាញ់​របស់​ប្រជារាស្ត្រ មនុស្ស​នៅក្រោម​បង្គាប់​ចំពោះ​អ្នកដឹកនាំ គឺជា​អាវុធ​ដ៏​សំខាន់ ទ័ព​ដ៏​ខ្លាំងក្លា បន្ទាយ​ដ៏​រឹងមាំ​បំផុត​ដើម្បី​រក្សា​អំណាច និង​ដំណែង​របស់​មេដឹកនាំ​។ ព្រោះ​ភាពរឹងមាំ​របស់​អ្នកគ្រប់គ្រង និង​មេដឹកនាំ មិនមែន​អាច​រក្សា​បានយូរ ឬ​រឹងមាំ​បានយូ​ដោយ​ពឹងផ្អែក​តែ​ទៅលើ​ខ្លួនឯង​នោះទេ ហើយ​គ្មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ និង​មនុស្ស​ក្រោមបង្គាប់​ឡើយ​។​

​ក្នុងនាម​ជា​មេដឹកនាំ​ត្រូវតែ​ប្រកាន់​ភ្ជាប់​ភាពប្រាកដនិយម ចំពោះ​អ្វីដែល​ខ្លួន​កំពុង​ធ្វើ​ដើម្បី​បង្ហាញ​ពី​ភាពរឹងមាំ​និង​ជំនឿ​ជាក់​។ មេដឹកនាំ​ត្រូវ​ចេះ​លើកកម្ពស់​ខ្លួនឯង គឺ​លើកកម្ពស់​ខ្លួនឯង​តាមរយៈ​ការធ្វើសកម្មភាព និង​បញ្ចេញស្នាដៃ​ឲ្យ​បាន​ច្រើន ចេះ​ប៉ាន់ប្រមាណ​។  មេដឹកនាំ​ត្រូវ​ចេះ​រក្សា​មិត្តភាព​ជាមួយ​ប្រជាពលរដ្ឋ​ត្រូវ​ចេះ​ប្រើ​មធ្យោបាយ​សរុប ត្រូវមាន​ភាព​ប៉ិនប្រសប់​។

​ចំណែក​នៅក្នុង​កាលៈទេសៈ​មួយចំនួន​មេដឹកនាំ​ក៏ត្រូវ​ចេះ​ប្រើល្បិច​ដើម្បី​សម្រេច​គោលដៅ​។ មេដឹកនាំ​ត្រូវ​បង្ហាញ​អានុភាព​របស់ខ្លួន ដែល​ក្នុង​កាលៈទេសៈ​ខ្លះ​មេដឹកនាំ​ត្រូវ​មើល​ខ្លួនឯង​ឲ្យ​ឃើញ​ខ្ពស់​ជាងគេ ឬ​ឋិត​នៅ​ពីលើ​គេ​។ មិនតែប៉ុណ្ណោះ​មេដឹកនាំ​ត្រូវ​ចេះ​ធ្វើ​ឲ្យ​គេ​ខ្លាច និង​គោរព​ជាជាង​ឲ្យ​គេ​ស្រឡាញ់​ផងដែរ ព្រោះ​នៅក្នុង​រូបភាព​នៃ​ការបង្គាប់បញ្ជា ប្រសិនបើ​អំណាច​មេដឹកនាំ​មិនអាច​គ្របដណ្ដប់​ទៅលើ​ស្មារតី​របស់​មនុស្ស​ក្រោមបង្គាប់​បានទេ នោះ​ប្រសិទ្ធភាព និង​ឥទ្ធិពល​សម្ដី​របស់​មេដឹកនាំ​ក៏​មិនអាច​ទទួលបាន​លទ្ធិ​ផល​ល្អ​បានដែរ​។​

​ហេតុនេះ​ក្នុងនាម​ជា​មេដឹកនាំ​រដ្ឋ​ចាំបាច់​ណាស់​ត្រូវ ចេះ​ធ្វើ​ឲ្យ​ប្រជារាស្ត្រ​ស្រឡាញ់​។ ទន្ទឹមនឹងនោះ អ្នកដឹកនាំ​រដ្ឋ​ក៏ត្រូវ តែ​ជា​បុគ្គល​មួយរូប​ដ៏​ខ្លាំងពូកែ​អាច​ធានាបាន​ឯកភាព​អំណាច និង​ឯកភាព​រដ្ឋ​។ ព្រោះ​នៅក្នុង​សង្គម នៅ​សភាព​ជាម​នុស្ស គឺមាន​មនុស្ស​ស្លូត មនុស្ស​កាច មនុស្ស​ល្អ មនុស្ស​អាក្រក់ ហេតុនេះ​ភាពបត់បែន​របស់​មេដឹកនាំ​គឺជា​ទិសដៅ​ដែល​ម៉ា​គី​យ៉ា​វ៉ែល​ចង់បាន​៕



© រក្សាសិទ្ធិដោយ thmeythmey.com