ជាតិ
ឯកឧត្តម កឹម សុខា បង្ហោះ​ផ្សាយ​សៀវភៅ​និយាយ​ពី​ការចាប់ខ្លួន​លោក​កាលពី​១០​ឆ្នាំមុន​
26, Dec 2015 , 4:59 pm        
រូបភាព
រូបភាពពី​ ទំព័រ​ហ្វេស​ប៊ុក ឯកឧត្តម កឹម សុខា
រូបភាពពី​ ទំព័រ​ហ្វេស​ប៊ុក ឯកឧត្តម កឹម សុខា
​ភ្នំពេញ​៖ ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​បង្ហោះ​ផ្សាយ​សៀវភៅ​និយាយ​ពី​ការចាប់ខ្លួន​លោក​កាលពី​១០​ឆ្នាំមុន​។ ការរៀបចំ​បង្ហោះ​ផ្សាយ​សៀវភៅ​នេះ គឺ ដើម្បី​ជាការ​រម្លឹក​ខួប​១០​ឆ្នាំ​(៣១​ធ្នូ​២០០៥-៣១​ធ្នូ​២០១៥) នៃ​ការចាប់ខ្លួន​ឯកឧត្តម កឹម សុខា​។ សៀវភៅ​នេះ​មាន​ចំណងជើង​ថា​៖«​កឹម សុខា និង​ប្រជា​បូជនីយកិច្ច​ដើម្បី​សេរីភាព​»​។



​សៀវភៅ «​កឹម សុខា និង​ប្រជា​បូជនីយកិច្ច​ដើម្បី​សេរីភាព​» ត្រូវបាន​រៀបចំ​ចងក្រង​ឡើង​ដោយ​សហការី​ជិតស្និទ្ធ​របស់​ឯកឧត្តម កឹម សុខា ដើម្បី​កត់ត្រា​សកម្មភាព​ការងារ​បូជនីយកិច្ច​របស់​ឯក​ឧ​ត្ត​ម កឹម សុខា ក្នុង​ដំណើរការ​ស្វែងរក​លទ្ធិ​ប្រជាធិបតេយ្យ​សេរី ជូន​ប្រជាពលរដ្ឋ​ខ្មែរ ជូន​ជាតិ​មាតុភូមិ​កម្ពុជា​។ សៀវភៅ​នេះ​បានរៀបចំ​បោះពុម្ពផ្សាយ​នៅ​ខែមីនា ឆ្នាំ​២០០៦​កន្លងមក​។​ការរៀប​ផ្សព្វផ្សាយ​សៀវភៅ​នេះ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក នៅពេលនេះ គឺជា​ការ​រម្លឹក​ខួប​១០​ឆ្នាំ​(៣១​ធ្នូ​២០០៥-៣១​ធ្នូ​២០១៥) នៃ​ការចាប់ខ្លួន​ឯកឧត្តម កឹម សុខា​។​

​គណនី​ហ្វេ​ស​ប៊ុ​ក​ឯកឧត្តម កឹម សុខា បាន​បញ្ជាក់ថា ឯកឧត្តម គឺជា​អ្នក​ពុះពារ​តស៊ូ​ដើម្បី សេរីភាព យុត្ដិធម៌ និង​ការរីកចម្រើន​របស់​ស​ង្គ​ម​ដោយ​សន្ដិវិធី ដោយ​គ្មាន​ការតក់ស្លុត​។
​សូម​រម្លឹកថា ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០០៥ វេលា​ម៉ោង​១៣ និង​៣០​នាទី ឯកឧត្តម កឹម សុខា ត្រូវបាន​អាជ្ញាធរ​រាជរដ្ឋាភិបាល​ចាប់​យកទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស ដោយ​ចោទ​ពីបទ​បរិហារកេរ្ដិ៍ និង​ជេរប្រមាថ​ប្រមុខ​រាជរដ្ឋាភិបាល​។ ឯកឧត្តម កឹម សុខា ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​ព្រៃ​ស នៅ​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០០៦ ។​



Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com