ពីនេះ ពីនោះ
ហេតុផល​ជំរុញ​នាំទៅដល់​សេចក្ដីប្រកាស​ឆ្ពោះទៅរក​សីលធម៌​សកល​
26, Dec 2015 , 8:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ពិភពលោក​កំពុង​រង​ការឈឺចាប់​យ៉ាងធ្ងន់ធ្ងរ​។ ការឈឺចាប់​នោះ កំពុង​រាលដាល​យ៉ាងខ្លាំង​និង​ឆាប់រហ័ស ដែល​បង្ខំ​ឲ្យ​យើង​ធ្លាក់​ទៅក្នុង​សភាព​ឈឺចាប់​យ៉ាង​ធ្ងន់​ដោយ​ចៀស​មិន​រួច​។ សន្តិភាព​ជួយ​ឲ្យ​យើង​គេច​ផុតពី​សង្គ្រាម បញ្ជៀ​ស​ចក្រវាល​ពី​ការបំផ្លាញ ធ្វើ​ឲ្យ​អ្នកជិតខាង​ឲ្យ​គេច​ផុតពី​ការរស់នៅ​ដោយ​ការភ័យខ្លាច និង ធ្វើ​ឲ្យ​មនុស្ស​គេចផុត​ពី​ការសម្លាប់​អំពើហិង្សា ភេរវកម្ម និង គេច​ផុតពី​ការស្លាប់​ដោយ​ឥទ្ធិពល​សង្គ្រាម​។ ឥទ្ធិពល​សង្គ្រាម គឺជា​អ្វីមួយ​ដែល​គួរ​ស្អប់ខ្ពើម​ជាទីបំផុត​។ យើង​ផ្ដន្ទាទោស​ចំពោះ​ការរំលោភ​លើ​ប្រព័ន្ធ​អេកូ​នៃ​ភពផែនដី​។ យើង​ថ្កោលទោស​ចំពោះ​ភាពក្រីក្រ​ដែល​បញ្ឈប់​សក្ដានុពល​នៃ​ជីវិត ភាពអត់ឃ្លាន​ដែល​ធ្វើ​ឲ្យ​រាងកាយ​ចុះខ្សោយ គម្លាត​សេដ្ឋកិច្ច​ដែល​គំរាមកំហែង​គ្រួសារ​ជាច្រើន​ដោយ​ស្ថានភាព​នៃ​ការខូចខាត​ឬ​បាត់បង់​ទ្រព្យ​។ យើង​បន្ទោស​ភាពច្របូកច្របល់​ខាង​សង្គម​នៃ​ប្រជា​តិ​នានា ដូចជា ការមិន​យកចិត្តទុកដាក់​ចំពោះ​យុត្តិធម៌ ដែល​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ខិត​ទៅរក​ព្រំដែន​នៃ​សេរីភាព​កាន់តែ​តូច ភាពអនាធិបតេយ្យ ដែល​ញាំញី​សហគមន៍​របស់​យើង និង មរណភាព​មិន​សម​ហេតុផល​របស់​កុមារ ដែល​ផ្ដើមចេញពី​អំពើហិង្សា​។ ជាពិសេស យើង​ផ្ដន្ទាទោស​ការ​ឈ្លា​ពាន​និង​ការ​ស្អប់ខ្ពើម​ក្នុងនាម​សាសនា​។



​សីលធម៌​ផ្ដល់​លទ្ធភាព​ឲ្យ​មាន​សណ្ដាប់ធ្នាប់​ដោយឡែក និង សណ្ដាប់ធ្នាប់​សាកល​ល្អប្រសើរ និង ដឹកនាំ​បុគ្គល​ម្នាក់ៗ​ឲ្យ​គេច​ចេញពី​អារម្មណ៍​មិន​សប្បាយរីករាយ​និង​អស់សង្ឃឹម និង ដឹក​សង្គម​នានា​ឲ្យ​គេច​ផុតពី​ភាពវឹកវរ​។ យើងទាំងអស់គ្នា​ជា​បុរស​និង​ស្ត្រី​ដែល​បាន​ប្រកាន់យក​សិក្ខាបទ​(​ច្បាប់​ឬ​វិន័យ​)​និង​អនុវត្ត​សាសនា​ពិភពលោក បាន​អះអាងថា​៖ ក​-​យើង​អះអាងថា ផ្នែក​ទូទៅ​នៃ​តម្លៃ​សំខាន់បំផុត គេ​រកឃើញ​ក្នុងការ​ង្រៀ​ន​សា​សា​នា​ដែល​បង្កើតបានជា​មូលដ្ឋាន​នៃ​សីលធម៌​សាកល​។​

​ក​-​យើង​អះអាងថា សច្ចភាព​នេះ មនុស្ស​បាន​ស្គាល់​រួចមកហើយ ប៉ុន្តែ វា​មិនទាន់​ត្រូវបាន​គេ​ធ្វើ​ឲ្យ​មានជីវិត​នៅក្នុង​ចិត្ត​និង​ការប្រព្រឹត្តិ​នៅឡើយ​។​

ខ-​យើង​អះអាងថា មាន​និយាម​មួយ​ដែល​មិនអាច​បដិសេធ​បាន​និង​គ្មាន​លក្ខខណ្ឌ ចំពោះ​គ្រប់ផ្នែក​ទាំង​អស់នៃ​ជីវិត​គ្រួសារ សហគមន៍ ពូជ​អម្បូរ ប្រជាជាតិ និង សាសនា​។ យើង​បន្តទៀតថា មាន​រួចមកហើយ​នូវ​គោលការណ៍​ណែនាំ​បុរាណ​ចំពោះ​ឥរិយាបថ​របស់​មនុស្ស ដែល​គេ​បាន​រកឃើញ​នៅក្នុង​ការបង្រៀន​សាសនា​ពិភពលោក ហើយ​វា​ជា​លក្ខខណ្ឌ​សម្រាប់ធ្វើ​ឲ្យ​មាន​និរន្តរភាព​នៃ​សណ្ដាប់ធ្នាប់​សាកលលោក​។​

-   ​យើង​ប្រកាសថា​៖
ក​-​យើង​ពឹងពាក់​គ្នា​ទៅវិញទៅមក​។ ម្នាក់ៗ​ក្នុងចំណោម​ពួកយើង​ពឹ​កពាក់​លើ​សុខុមាលភាព​នៃ​មនុស្ស​ទាំងមូល ដូច្នេះហើយ យើង​ត្រូវតែ​គោរព​សហគមន៍ ដូចជា គោរព​ភាវ​:​មានជីវិត រួមមាន មនុស្ស សត្វ និង រុក្ខជាតិ និង គោរព​ការអភិរក្ស​ភពផែនដី ដែល​សំដៅ​ទៅលើ​ខ្យល់ ទឹក និង ដី​។​

​ខ​-​យើង​ទទួលខុសត្រូវ​រៀងៗ​ខ្លួន​ចំពោះ​រាល់​អ្វីដែល​យើង​ធ្វើ​។ យើង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​វិបាក​នៃ​ការសម្រេចចិត្ត អំពើ និង បរាជ័យ​របស់​យើង​។

​គ​-​យើង​ត្រូវតែ​ប្រព្រឹត្ត​ចំពោះ​អ្នកដទៃ ដូចដែល​យើង​ប្រាថ្នា​ឲ្យ​អ្នកដទៃ​ប្រព្រឹត្ត​ចំពោះ​យើង​។​

ឃ​-​យើង​ប្ដេជ្ញាចិត្ត​គោរព​ជីវិត​និង​សេចក្ដីថ្លៃថ្នូរ​, បុ​គ្ក​ល​ភាព​និង​ភាព​ដោយឡែក ដូច្នេះ មនុស្ស​ម្នាក់ៗ ត្រូវតែ​បាន​គេ​ប្រព្រឹត្ត​ក្នុងនាម​ជា​មនុស្ស​ដោយ​គ្មាន​ការលើកលែង​។ យើង​ត្រូវតែមាន​សេចក្ដី​អត់ធ្មត់​និង​ការទទួលស្គាល់​។ យើង​ត្រូវតែ​ផ្ដល់​ការ​អភ័យទោស​ចំពោះ​រឿងរ៉ាវ​ក្នុង​អតីតកាល ប៉ុន្តែ យើង​មិនត្រូវ​អនុញ្ញាត​ឲ្យ​គេ​ដាក់​ទាសភាព​មកលើ​ខ្លួន​របស់​យើង តាមរយ​:​អនុសាវរីយ៍​នៃ​ការ​ស្អប់ខ្ពើម​នោះទេ​។ ការបើក​ចិត្ត​របស់​យើង​ឲ្យ​ទូលាយ​ចំពោះ​អ្នកដទៃ គឺ​យើង​ត្រូវតែ​ពន្លិច​ឬ​កប់​ចោល​នូវ​ភាពខុសគ្នា​ដ៏​តូចចង្អៀត​របស់​យើង​ចំពោះ​បុព្វហេតុ​នៃ​សហគមន៍​ពិភពលោក ដោយ​អនុវត្ត​នូវ​វប្បធម៌​សាមគ្គីភាព និង​ទំនាក់ទំនង​គ្នា​។​

ង​-​យើង​គិតពី​មនុស្សជាតិ​ដែលជា​គ្រួសារ​របស់​យើង​។ យើង​ត្រូវខិតខំ​យ៉ាងខ្លាំង​ដើម្បី​ធ្វើជា​មនុស្ស​ល្អ​និង​សប្បុរសជន​។ យើង​មិនត្រូវ​រស់នៅ​សម្រាប់តែ​ខ្លួនឯង​នោះទេ ប៉ុន្តែ យើង​ក៏ត្រូវ​បម្រើ​អ្នកដទៃ (​រស់នៅ​សម្រាប់​អ្នកដទៃ​)​ផងដែរ ដូចជា ការជួយ​ដល់​កុមារ ចាស់ជរា អ្នកក្រីក្រ អ្នករងគ្រោះ ជនពិកា ជនភៀសខ្លួន និង ជន​ឯកោ​។ គ្មាន​មនុ​ស្សណា​ម្នាក់​គួរ​ត្រូវបាន​គេ​គិត​ឬ​ប្រព្រឹត្ត​មកលើ​ក្នុងនាម​ជា​ពលរដ្ឋ​បន្ទាប់បន្សំ​(​គ្មាន​តម្លៃ​)​ឬ​កេង​ប្រ​វញ្ច ទោះ​តាម​វិធី​ណាក៏ដោយ​។ ត្រូវតែមាន​ភាពជា​ដៃគូ​ស្មើភាព​គ្នា​រវាង​បុរស​និង​ស្ត្រី​។ យើង​មិនត្រូវ​ប្រព្រឹត្ត​ការ​រួមភេទ​ណាមួយ​ដោយ​អសីលធម៌​នោះទេ​។ យើង​ដាក់​ទៅក្រោយ​ខ្នង​របស់​យើង​នូវ​រាល់​ទម្រង់​នៃ​ការ​គ្រប​សង្កត់ ការជិះជាន់ ឬ ការ​បំភាន់​។​

 ច​-​យើង​ប្រព្រឹត្ត​មកលើ​ខ្លួន​យើង​នូវ​វប្បធម៌​អហិង្សា ការគោរព យុត្តិធម៌ និង សន្តិភាព​។ យើង​មិនត្រូវ​ជិះជាន់ បង្ក​របួសស្នាម ធ្វើ​ទារុណកម្ម​ឬ​ធ្វើឃាត​មនុស្ស​ដទៃ​ឡើយ​។ ការបោះបង់ចោល​អំពើហិង្សា គឺជា​មធ្យោបាយ​មួយ​នៃ​ការដោះស្រាយ​ភាពខុសគ្នា​។ យើង​ត្រូវតែ​ខិតខំ​ស្វែងរក​សណ្ដាប់ធ្នាប់​សេដ្ឋកិច្ច​និង​សង្គម​មួយ​ត្រឹមត្រូវ ដែល​ក្នុងនោះ ម្នាក់ៗ មានឱកាស​ស្មើគ្នា​ដើម្បី​ឈានទៅរក​សក្ដានុពល​ពេញលេញ​ជា​មនុស្សជាតិ​។ យើង​ត្រូវតែ​និយាយ​និង​ធ្វើអំពើ​ដោយស្មោះ​ត្រង់ និង យក​សេចក្ដី​មេត្តា​ទៅ​ដោះស្រាយ​បញ្ហា​ដោយ​ត្រឹមត្រូវ​ជាមួយ​មនុស្ស​ទាំង​អស់ ព្រមទាំង​ចៀសវាង​បុរេនិច្ឆ័យ​និង​សេចក្ដី​ស្អប់ខ្ពើម​។ យើង​មិនត្រូវ​លួច​ទ្រព្យ​អ្នកដទៃ​ទេ​។ យើង​ត្រូវតែ​ចេញ​ឲ្យ​ផុតពី​កម្លាំង​ដ៏​ខ្លាំង​នៃ​ការ​លោភលន់​អំណាច កិត្យានុភាព លុយ និង ការប្រើប្រាស់​របស់​ទាំង​នេះ ដើម្បី​ឈានទៅ​កសាង​ពិភពលោក​មួយ​ពោរពេញ​ដោយ​សន្តិភាព និង យុត្តិធម៌​។

​ភពផែនដី​នេះ មិនអាច​ផ្លាស់ប្ដូរ​ទៅរក​ភាពល្អប្រសើរ​បានឡើយ លុះត្រាតែ​មនសិការ​រប​ស់​បុគ្គល​ម្នាក់ៗ​បាន​ផ្លាស់ប្ដូរ​ជាមុន​។ យើង​សន្យា​បង្កើន​ការយល់ដឹង​របស់​យើង​តាមរយ​:​ការគ្រប់គ្រង​សតិ​របស់​យើង ការធ្វើ​សមាធិ​(​ការ​ជញ្ជឹងគិត​) ការ​បួងសួង ឬ ការគិត​បែប​វិជ្ជមាន​។ ប្រសិនបើ​គ្មាន​ការ​ប្រថុយ និង ឆន្ទ​:​ធ្វើ​ពលិកម្ម​ទេ ក៏​មិនអាច​មានការ​ផ្លាស់ប្ដូរ​ជា​មូលដ្ឋាន​នៅក្នុង​ស្ថានភាព​របស់​យើង​ដែរ​។ ដូច្នេះ យើង​ប្ដេជ្ញាចិត្ត​បូជា​ខ្លួន​យើង​ចំពោះ​សីលធម៌​សាកល​នេះ ចំពោះ​ការយោគយល់​គ្នា​ទៅវិញទៅមក ចំពោះ​ការលើកកម្ពស់​សន្តិភាព​ដ៏​មាន​ប្រយោជន៍​សម្រាប់​មនុស្សជាតិ និង ចំពោះ​របៀប​រស់នៅ​ជា​មិត្តភាព​បែប​ធម្មជាតិ​។ យើង​អញ្ជើញ​ប្រជាជន​ទាំងអស់​នៅលើ​ពិភពលោក ទាំង​សាសនិក​និង​មិនមែន​សាសនិក​ឲ្យ​ធ្វើ​ដូច្នេះ​ដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com