អន្តរជាតិ
មេក្រុម​រដ្ឋ​ឥស្លាម​លេចមុខ​ជាថ្មី អំពាវនាវ​អោយ​បះបោរ​ប្រឆាំង​អា​រ៉ា​ប៊ី​សា​អូឌីត​
27, Dec 2015 , 4:39 pm        
រូបភាព
ដោយ:
​ក្រោយ​ស្ងាត់​ដំណឹង​៧​ខែ​មក មេក្រុម​ជី​ហាត​រដ្ឋ​ឥស្លាម Abou Bakr Al-Baghdadi អា​ប៊ូ បា​កា អាល់​បា​ក់ដាត​ឌី បាន​លេចមុខ​ជាថ្មី ដោយបាន​ផ្តល់ដំណឹង​តាមរយៈ​ខ្សែអាត់​សម្លេង​ចុះផ្សាយ នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ​។ នេះ​បើ​យោងតាម​វេ​ប​សាយ​អាមេរិក​SITE ទទួល បន្ទុក​ត្រួតពិនិត្យ​បណ្តាញ​ក្រុម​ជី​ហាត​។



​ក្នុង​ខ្សែអាត់​សម្លេង​២៤​នាទី អាល់ បា​ក់ដាត​ឌី បាន​អំពាវនាវ​អោយ​ប្រជាជន​អា​រ៉ា​ប៊ី សា​អូឌីត ងើប​បះបោរ​ប្រឆាំងនឹង​រដ្ឋាភិបាល​ក្រុង​រី​យ៉ា​ត​។ កាលពី​ថ្ងៃ​១៥​ធ្នូ រដ្ឋាភិបាល​អា​រ៉ា​ប៊ី​សា​អូឌីត​បានប្រកាស​យុទ្ធនាការ​ប្រឆាំង​ភេរវកម្ម របស់​ប្រទេស​សម្ព័ន្ធមិត្ត​។  អាល់​បា​ក់ដាត​ឌី​បាន​រិះគន់​សម្ព័ន្ធមិត្ត​ទាំង​៣៤​ប្រទេស​ដែល​កំពុង​ប្រយុទ្ធ​នឹង​ក្រុម​ដែ​ស្ហ​នៅ​ស៊ី​រី ថា​ជា​ក្រុម​សម្ព័ន្ធមិត្ត​ឥស្លាម​ក្លែងក្លាយ​។​

​អាល់​បា​ក់ដាត​ឌី​លើកឡើងថា បើសិនជា​ក្រុម​សម្ព័ន្ធមិត្ត​ទាំងនេះ​ពិតជា​ឥស្លាម​មែន ពួកគេ​ប្រហែលជា​ផ្តល់​ជោគជ័យ និង​ជំនួយ​ដល់​ប្រជាជន​នៅ​ស៊ី​រី​ហើយ​។ ទន្ទឹមនេះដែរ មេក្រុម​ជី​ហាត​ក៏បាន​គំរាម​វាយប្រហារ​អ៊ីស្រាអែល​ផងដែរ​។ អាល់​បា​ក់ដាត​ឌី​ប្រាប់ថា ក្រុម​រដ្ឋ​ឥស្លាម​មិនបាន​ភ្លេច​ប៉ា​ឡេ​ស្ទី​ន​មួយពេល​ណា​ទេ​។ ការប្រកាស​នេះ​ធ្វើឡើង​ខណៈ​សកម្មជន​ប្រយុទ្ធ​របស់​ក្រុម​ជី​ហាត​រដ្ឋ​ឥស្លាម​កំពុង​រង​ការវាយប្រហារ​ធ្ងន់​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់​៕ 


Tag:
 ក្រុម​រដ្ឋ​ឥស្លាម
© រក្សាសិទ្ធិដោយ thmeythmey.com