កីឡាជាតិ
ជាតិ
ផល សោ​ភ័​ណ្ឌ មានសំណាង​ជាង ឡុង សុ​ភី សម្រាប់ Thai Fight
30, Dec 2015 , 4:44 pm        
រូបភាព
ដោយ:
​កីឡាករ​ជើង​ខ្លាំង​របស់​កម្ពុជា​មកពី​ក្លិប​តា​ឡី​ដំរី​មាន​ឫទ្ធ ផល សោ​ភ័​ណ្ឌ ប្រហែលជា​មានសំណាង​ជាង​កីឡាករ ឡុង សុ​ភី ដោយ​រូបគេ​នឹង​ចេញទៅ​ប្រកួត​ឆ្លង​ឆ្នាំ​នៅ​ថៃ ក្នុង​ព្រឹត្តិការណ៍ THAI FIGHT COUNTDOWN CENTRAL WORLD 2015 នា​ថ្ងៃទី​៣១ ខែធ្នូ ដោយ​មិនមាន​ការព្រៀង​ទុកជាមុន ខណៈ ឡុង សុ​ភី ត្រៀម​ទុក​មុន​ជាស្រេច​។

 


​កីឡាករ ផល សោ​ភ័​ណ្ឌ ម្ចាស់​ជើងឯក​រង​ប្រដាល់សកល​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៥ អាចនិយាយបាន​ថា​មាន​វាសនា​ល្អ​ជាង​កីឡាករ ឡុង សុ​ភី សម្រាប់​ការបង្ហាញ​វត្តមាន​ក្នុង​កម្មវិធី Thai Fight​។ កីឡាករ​រូបនេះ​នឹងធ្វើ​ដំណើរ​ឆ្លងដែន​ដើម្បី​ចូលរួម​ប្រកួត​ឆ្លង​ឆ្នាំ​នៅ​ថៃ​ក្នុង​ព្រឹត្តិការណ៍ THAI FIGHT COUNTDOWN CENTRAL WORLD 2015 នា​ថ្ងៃទី​៣១ ខែធ្នូ ដោយ​មិនបាន​ព្រៀងទុក​ជាមុន​។ ផ្ទុយ​ពី​កីឡាករ ឡុង សុ​ភី ដែល​បានសម្រេច​ផ្អាក​ទទួល​ពាក្យ​ប្រកួត​ក្នុងស្រុក​តាំងពី​ថ្ងៃទី​១២ ខែធ្នូ ដើម្បី​ត្រៀមខ្លួន​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី Thai Fight តែ​បែរជា​មិនបាន​ទៅ​ចូលរួម​ប្រកួត​ទៅវិញ​។​

​វត្តមាន​កីឡាករ ផល សោ​ភ័​ណ្ឌ ក្នុង​កម្មវិធី Thai Fight បែប​បន្ទាន់​នេះ គឺ​ដើម្បី​ជំនួស​កីឡាករ មី​យ៉ាន់​ម៉ា ២ រូប​ដែល​បាន​ដកខ្លួន​ចេញពី​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​របស់​ថៃ​មួយ​នេះ​។ ហើយ​គេ​មិនទាន់​បានដឹង​ច្បាស់​ថា កីឡាករ​កម្ពុជា​រូបនេះ នឹង​ជួប​ប្រកួត​ជាមួយ​កីឡាករ​រូប​ណា​នៅឡើយ​ទេ​។ ប៉ុន្តែ​គេ​រំពឹងថា អាច​នឹង​ជួប​ជាមួយ​កីឡាករ សែន ឆៃ (Saen Chai) ដែលជា​ដៃគូ​គ្រោងទុក​របស់​កីឡាករ ឡុង សុ​ភី​៕

​គួរបញ្ជាក់​ផងដែរ​ថា នេះ​ជា​លើកទីមួយ​ហើយ​សម្រាប់​ការបង្ហាញ​វត្តមាន​របស់​កីឡាករ ផល សោ​ភ័​ណ្ឌ ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំឆ្នាំ​របស់​ថៃ​មួយ​នេះ​។ នៅក្នុង​ថ្ងៃ​ប្រកួត​នោះដែរ​មិនមែន​មានតែ​កីឡាករ ផល សោ​ភ័​ណ្ឌ ម្នាក់​នោះទេ កីឡាករ កែវ រំ​ចង់ ក៏មាន​វត្ត​មាននៅ​កម្មវិធី​នោះ​ផងដែរ ដោយ​រូបគេ​នឹងធ្វើ​ការប្រកួត​សងសឹក​ជាមួយ​កីឡាករ​ថៃ Iquezang ជា​លក្ខណៈ​គូ​ឯក​ទៀតផង​៕


Tag:
 កីឡាប្រដាល់
© រក្សាសិទ្ធិដោយ thmeythmey.com