អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មី​យ៉ាន់​ម៉ា រកឃើញ​ឧស្ម័ន​ធម្មជាតិ​ច្រើនសន្ធឹក​នៅ​ភាគ​និរតី​ក្នុង​ឆ្នាំ​ថ្មី​
04, Jan 2016 , 4:08 pm        
រូបភាព
 ​របាយការណ៍​ថ្មី​របស់​រដ្ឋាភិបាល​ក្រុង​ណៃ​ពិដោ​ដែល​ចេញ​នៅ​ថ្ងៃ​ចន្ទ​ទី​៤​មករា​នេះ បាន​បង្ហាញថា ក្រុមហ៊ុន​ក្នុងស្រុក​បាន​ប្រទះឃើញ​ឧស្ម័ន​ធម្មជាតិ​ច្រើនសន្ធឹក​នៅ​តំបន់​សមុទ្រ​មួយកន្លែង​ទៀត​ដែល​ស្ថិតនៅ​ភាគ​និរតី​នៃ​ប្រទេស​។ មី​យ៉ាន់​ម៉ា​រំពឹងថា​នឹង​ទទួលបាន​ប្រយោជន៍​ច្រើនសន្ធឹក​សន្ធាប់​ដោយ​ការនាំចេញ​ធនធាន​មហាសាល​នេះ​សម្រាប់​អភិវឌ្ឍ​ប្រទេស​និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ពេលខាងមុខ​។​


​ក្នុង​ឆ្នាំ​ថ្មី​នេះ​ក្រុមហ៊ុន​ថាមពល​ក្នុងស្រុក​មី​យ៉ាន់​ម៉ា MPRL E&P Pte Ltd បាន​រុក​រកឃើញ​ទីតាំង​ថ្មី​មួយកន្លែង​ទៀត​ដែលមាន​ឧស្ម័ន​ធម្មជាតិ​ច្រើនសន្ធឹក​សន្ធាប់​អាច​មី​យ៉ាន់​អាច​បូម​សម្រាប់ធ្វើ​អាជីវ​កម្មបាន​។ បើតាម​របាយការណ៍​ថ្មី​ដែល​ចេញផ្សាយ​ថ្ងៃ​ចន្ទ​ទី​៤​មករា​នេះ តំបន់​ដែលមាន​ឧស្ម័ន​ធម្មជាតិ​នេះ​ស្ថិតនៅ​ចម្ងាយ​៤៨​គីឡូម៉ែត្រ​ពី​ឆ្នេរ Ngwesaung ដែល​ស្ថិតក្នុង​តំបន់ Ayeyawaddy នា​ភាគ​នីរ​តី​ប្រទេស​មី​យ៉ាន់​ម៉ា ។​
 
​ក្រុមហ៊ុន​ក្នុងស្រុក​ដែល​រកឃើញ​ឧស្ម័ន​ធម្មជាតិ​នេះ ជា​ក្រុមហ៊ុន​រដ្ឋ​តែមួយគត់​ដែល​បាន​ប្រឡូក​ក្នុង​សកម្មភាព​រុករក​ប្រេង​និង​ឧស្ម័ន​។ យោងតាម​របាយការណ៍​ដដែល ឧស្ម័ន​នៅ​ស្ថិតនៅក្រោម​ផ្ទៃ​ទឹក​ប្រហែលជា​២​គីឡូម៉ែត្រ​ប៉ុណ្ណោះ ប៉ុន្តែ​របាយការណ៍​មិនបាន​បញ្ជាក់​ច្បាស់​ពី​ទំហំ​ឧស្ម័ន​ទាំង​នោះទេ​។ ហើយ​ក្រុមហ៊ុន​បាន​ប្រទះឃើញ​ឧស្ម័ន​នេះ ក្រោយ​ចាប់ផ្តើម​ដំណើរការ​គម្រោង​របស់​ខ្លួន​កាលពី​ខែវិច្ឆិកា​ឆ្នាំ ២០១៥ ។ 
 
​ការរុករក​ឃើញ​ឧស្ម័ន​ច្រើនសន្ធឹក​សន្ធាប់ បញ្ជាក់ថា មី​យ៉ាន់​ម៉ា​អាចនឹងទទួល​បាន​ផលប្រយោជន៍ ច្រើន​ថែមទៀត​ពីស​ក្កា​នុព​ល​នៃ​ធនធានធម្មជាតិ​របស់​ខ្លួន ជាពិសេស​វិស័យ​ថាមពល​តែម្តង​។​គ្រាន់តែ​ចន្លោះ​ឆ្នាំ​២០១៤ ដល់​ឆ្នាំ ២០១៥ មី​យ៉ាន់​ម៉ា​អាច​រកចំណូលបាន​ច្រើនជាង​៤.៦​ពាន់​លាន​ដុល្លារ ពី​ការនាំចេញ​ឧស្ម័ន​និង​ប្រេង​ឆៅ​។ នៅ​មី​យ៉ាន់​ម៉ា តំបន់​ដែល​អាច​បូ​ប​ប្រេង​បាន​មាននៅ Yadana, Shwe, Yetagun និង Zawtika ហើយ​ប្រេង​ដែល​ផលិត​បាន​នោះ​ភាគច្រើន​នាំចេញ​ទៅកាន់​ប្រទេសជិតខាង​មាន​ថៃ​និង​ចិន​ជាដើម​។ 
 
​បច្ចុប្បន្ន​ក្រុមហ៊ុន​បរទេស​ជាច្រើន​កំពុង​រុករក​ប្រេង​និង​ឧស្ម័ន​ធម្មជាតិ​នៅក្នុង​ដែនសមុទ្រ​មី​យ៉ាន់​ម៉ា ក្រោយ​ទទួលបាន​សិទ្ធិ​រុករក​ពី​រដ្ឋាភិបាល​។ រដ្ឋាភិបាល​បានផ្តល់​ភ្លើង​បៃតង​ដល់​ក្រុមហ៊ុន​បរទេស​មាន​ទាំង​ក្រុមហ៊ុន Chevron អាមេរិក Ophir Energy​របស់ អង់គ្លេស Woodside Petroleum Ltd របស់​អូស្ត្រាលី និង Shell របស់​បារាំង ក្នុងការ​រុករក​ឧស្ម័ន​និង​ប្រេង​នៅក្នុង​តំបន់​សំខាន់​ចំនួន​១៦ នៅ​លើក​គោក និង​២០​ប្លុក​ផ្សេងទៀត​នៅក្នុង​សមុទ្រ​។ ហើយ​គម្រោង​រុករក​ប្រេង​នេះ​ចាប់ផ្តើម​នៅ​ចុងឆ្នាំ​២០១៥ និង​ដើមឆ្នាំ ២០១៦​នេះ​តែម្តង​។ ក្រុមហ៊ុន​មួយចំនួន​ចាប់ផ្តើម​ដំណើរការ​បូម​យក​ធនធាន​ទាំងនោះ​ហើយ ឯ​ក្រុមហ៊ុន​មួយចំនួនទៀត​កំពុងតែ​ត្រៀមលក្ខណៈ​ដើម្បី​ចាប់ផ្តើម​ការ​បូម​យក​ធនធាន​មិន​ឲ្យ​យឺតយូរ​ជាង​ឆ្នាំ ២០១៦​ទេ​។ 
 
​សូមបញ្ជាក់ថា មី​យ៉ាន់​ម៉ា​ជា​រដ្ឋ​ដែល​សម្បូរហូរហៀរ​ដោយ​ធនធានធម្មជាតិ​ជាពិសេស​ឧស្ម័ន​ធម្មជាតិ​និង​ប្រេង​ហើយ​ធនធាន​ទាំងនោះ​ភាគច្រើន​ស្ថិតនៅក្នុង​ដែនសមុទ្រ​។ ចាប់តាំងពី​ចុង​ទសវត្សរ៍ ១៩៨០ ដែល​មី​យ៉ាន់​ម៉ា​បើកទ្វារ​ទទួល​ការវិនិយោគ រហូតដល់​ចុងខែ​កញ្ញា​ឆ្នាំ ២០១៥ ទុនវិនិយោគ​បរទេស​លើ​វិស័យ​ប្រេង​និង​ឧស្ម័ន​កើន​ដល់​១៩.៦៤១​ពាន់​លាន​ដុល្លារ​អាមេរិក​ឯណោះ​៕ 
 

Tag:
 មី​យ៉ាន់​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com