អន្តរជាតិ
អា​បេស​ន្យា​មិន​ប្រើ​យុទ្ធសាស្ត្រ​រំលាយ​សភា​ហើយ​បោះឆ្នោត​មុន​អាណត្តិ​
04, Jan 2016 , 8:19 pm        
រូបភាព
​នៅ​ថ្ងៃ​ចន្ទ​ទី​៤ ខែធ្នូ​នេះ នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ បាន​ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​ថា លោក​រំពឹងថា​ការបោះឆ្នោត​សភា​ជាន់ខ្ពស់​នៅពេល​ខាងមុខ បក្ស​របស់លោក និង​សម្ព័ន្ធមិត្ត​គណបក្ស Komeito នឹង​ទទួលបាន​អាសនៈ​ភាគច្រើន​។ លោក​សន្យាថា លោក​មិន​ប្រើ​យុទ្ធសាស្ត្រ​ចាស់​រំលាយ​សភា​ហើយ​ប្រកាស​បោះឆ្នោត​មុន​អាណត្តិ​ឡើយ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua​។



សូមស្ដាប់ព័ត៌មានលម្អិត៖



​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំឆ្នាំ នៅ​ថ្ងៃ​ចន្ទ​នេះ លោក ស៊ីន​ហ្សូ អា​បេ បានបង្ហាញ​ក្តីសង្ឃឹម​ខ្ពស់​ថា​គណបក្ស​របស់លោក​ប្រជាធិបតេយ្យ​សេរី​នឹង​ទទួលបាន​អាសនៈ​ច្រើន ក្នុងការ​បោះឆ្នោត​ព្រឹទ្ធសភា​នៅ​រដូវក្តៅ​ពេលខាងមុខ​នេះ​។ ប៉ុន្តែ​អ្វីដែល​សំខាន់ លោក​បាន​សង្កត់ធ្ងន់ថា លោក​មិនមាន​យុទ្ធសាស្ត្រ​រំលាយ​សភា​ចោល​ហើយ​ប្រកាស​រៀបចំ​ការបោះឆ្នោត​មុន​អាណត្តិ​ដូច​មុន​ឡើយ​។​

​សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា​ខាងមុខ លោក អា​បេ បន្ត​អំពាវនាវ​ឲ្យ​សមាជិក​បក្ស​លោក និង​សមាជិក​បក្ស Komeito ដែលជា​ដៃគូ​របស់ខ្លួន​ឲ្យ​ប្រឹងប្រែង​ដណ្តើម​ឲ្យ​បាន​អាសនៈ​ភាគច្រើន​ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​រដ្ឋាភិបាលចម្រុះ​បច្ចុប្បន្ន​។ លោក អា​បេ សន្យាថា លោក​នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​យកជ័យ​ជម្នះ​ក្នុងការ​បោះឆ្នោត​សភា​ខាងមុខនេះ​ផង​។

​បើសិន​បក្ស​របស់លោក​មិនអាច​ដណ្តើមបាន​អាសនៈ​ភាគច្រើន​ទេ រដ្ឋាភិបាល​លោក អាច​ប្រឈមមុខ​ឧបសគ្គ​ក្នុងការ​អនុវត្ត​គោលនយោបាយ​អាទិភាព​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន​។ បញ្ហា​សន្តិសុខ​តំបន់ សេដ្ឋកិច្ច សង្គម​និង​នយោបាយ នៅតែ​ជា​រឿង​សំខាន់​ដែល​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​ព្យាយាម​ដោះស្រាយ​ក្នុង​រយៈពេល​កន្លងមក​។

​ប្រជាប្រិយភាព​របស់លោក អា​បេ ក្នុង​ឆ្នាំ ២០១៥ បាន​ធ្លាក់ចុះ​ខ្លាំង​បន្តិច​ដែរ ក្រោយ​ពេលដែល​លោក​ជំរុញ​ឲ្យ​មានការ​អនុម័ត​ច្បាប់​សន្តិសុខ​ថ្មី​ដែល​អនុញ្ញាត​ឲ្យ​ទ័ព​ជប៉ុន​ចេញទៅ​ច្បាំង​និង​ការពារ​សម្ព័ន្ធមិត្ត​នៅក្រៅ​ប្រទេស​។  ហើយ​ការកែទម្រង់​រដ្ឋធម្មនុញ្ញ​ដើម្បី​ពង្រឹង​អំណាច​យោធា​របស់​ជប៉ុន​ឲ្យ​កាន់​ខ្លាំងក្លា​នេះ​នៅតែ​ស្ថិតក្នុង​គោលនយោបាយ​របស់លោក អា​បេ ដដែល​។  

​តែ​ក្រោម​ការដឹកនាំ​របស់លោក អា​បេ ជប៉ុន​សម្រេចបាន​លទ្ធ​ផល ជាច្រើន​រួមទាំង​ការស្តារ​ទំនាក់ទំនង​ជាមួយ​ប្រទេសជិតខាង​ដូចជា​កូរ៉េ​ត្បូង​និង​ចិន ហើយ​និង​អាច​កាត់បន្ថយ​កម្តៅ​និង​ភាព​តានតឹង​ដែល​បង្កឡើង​ដោយ​ជម្លោះព្រំដែន​ជាមួយ​រុស្ស៊ី​ជាដើម​។ ក្នុង​សន្និសីទ​ខាងលើ លោក អា​បេ បាន​ឆ្លៀត​លើកឡើង​ពី ការវិវត្ត​ប្រកបដោយ​ភាព​វិជ្ជមាន​នៃ​ទំនាក់ទំនង​រវាង​ជប៉ុន​និង​ប្រទេសជិតខាង​ផងដែរ​។ ដូចដែល​ឃើញស្រាប់​ការរៀបចំ​កិច្ចប្រជុំ​ត្រីភាគី​មាន​ចិន ជប៉ុន និង​កូរ៉េ​លើក​ទី​៦​នៅក្នុង​ប្រទេស​កូរ៉េ​ក្នុង​ខែវិច្ឆិកា​កន្លងមក ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​ក្នុង​តំបន់​តាមរយៈ​ការពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងបី​។ លោក អា​បេ រំពឹងថា កិច្ចប្រជុំ​កម្រិត​រដ្ឋមន្ត្រីការបរទេស​ប្រទេស​ទាំងបី​អាច​នឹងត្រូវ​រៀបចំឡើង​នៅពេល​ខាងមុខនេះ មុនពេល​កិច្ចប្រជុំ​កំពូល​ត្រីភាគី​ត្រូវ​រៀបចំឡើង​ក្នុងប្រទេស​ជប៉ុន​។

​ចំណែក​បញ្ហា​ព្រំដែន​រុស្ស៊ី​ឯណោះ​វិញ លោក អា​បេ ក៏​លើកឡើង​ពី​គោលនយោបាយ​របស់លោក ក្នុងការ​ជំរុញ​ឲ្យ​មានការ​បង្កើត​ព្រមព្រៀង​សន្តិភាព​រួមគ្នា​នៅពេល​ណាមួយ​ខាងមុខ​។ ជប៉ុន​និង​រុស្ស៊ី​បរាជ័យ​ក្នុងការ​បង្កើត​កិច្ចព្រមព្រៀង​សន្តិភាព​ចាប់តាំងពី​ចប់​សង្គ្រាមលោកលើកទី​២​មកម្ល៉េះ ហើយ​ជម្លោះព្រំដែន​រវាង​រដ្ឋ​ទាំងពីរ​នៅតែ​ជា​ចំណុច​ស្នូល​ក្នុង​ការកសាង​សន្តិភាព​ក្នុង​តំបន់​ផងដែរ​។ យ៉ាងណាមិញ ក្នុង​សុន្ទរកថា លោក​អា​បេ បាន​ឆ្លៀត​កោតសរសើរ​នយោបាយ​ប្រឆាំង​ភេរវកម្ម​របស់​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន ផងដែរ​។ 

​ជុំវិញ​បញ្ហា​សេដ្ឋកិច្ច​ជប៉ុន លោក អា​បេ សន្យាថា រដ្ឋបាល​លោក​នឹង​បន្ត​អនុវត្ត​«​គោលនយោបាយ​សេដ្ឋកិច្ច​អា​បេ​» ដែលមាន​ស្រាប់​ដោយ​ផ្តោតលើ​ការកែទម្រង់​នយោបាយ​សារពើពន្ធ និង​ជំរុញ​អត្រាកំណើត​ប្រជាជន​ឲ្យ​ដល់ ១.៨​ភាគរយ ដើម្បី​ដោះស្រាយ​វិបត្តិ​ថយចុះ​កម្លាំង​ពលកម្ម​។ ហើយ​លោក​រំពឹងថា ជប៉ុន​អាច​សម្រេចបាន​ផលិតផល​ក្នុងស្រុក​សរុប​ក្នុង​ទំហំ ៦០០ លាន​លាន​យ៉េន ដែល​ស្មើ ៥​លាន​លាន​ដុល្លារ​អាមេរិក​ត្រឹម​ឆ្នាំ ២០២០ ខាងមុខនេះ​៕



Tag:
 ​ជប៉ុន​
© រក្សាសិទ្ធិដោយ thmeythmey.com