អន្តរជាតិ
២៥​ឆ្នាំនេះ​ចិន​គឺជា​ដៃគូ​ដ៏​សំខាន់បំផុត​របស់​អាស៊ាន ទោះបី​ជម្លោះដែនសមុទ្រ​នៅតែ​ជា​បញ្ហា​
04, Jan 2016 , 9:59 pm        
រូបភាព
ដោយ:
​គឺ​រយៈពេល​២៥​ឆ្នាំ​ហើយ ដែល​ចិន​បាន​ក្លាយជា​ដៃគូ​សន្ទនា​របស់​អាស៊ាន​។ ជា​មហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទី​២​របស់​ពិភពលោក ចិន បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ពហុភាគី និង​ទ្វេ ភាគី​ជាមួយនឹង​អាស៊ាន​។ បើ​មិន​រាប់បញ្ចូល​បញ្ហា​ជម្លោះ​អធិបតេយ្យ​សមុទ្រ​ចិន​ខាងត្បូង​នោះទេ ចិន គឺជា​ដៃគូ​ដែល​អាស៊ាន​មិនអាច​ខ្វះ​បាន​ក្នុង​ដំណើ​រវិ​វត្ត​របស់ ជាពិសេស​លើ​ទំនាក់ទំនង​សេដ្ឋកិច្ច និង ពាណិជ្ជកម្ម​របស់​អាស៊ាន​។



សូមស្តាប់ព័ត៌មានលម្អិត៖



​ចូល​មកដល់​ឆ្នាំ​២០១៦​នេះ គឺជា​ខួប​លើក​ទី​២៥​ហើយ​របស់​ចិន ក្នុងការ​ក្លាយជា​ដៃគូ​សន្ទនា​របស់​អាស៊ាន​។ ចិន បាន​ចាប់ដំណើរការ​នៃ​ការសុំ​ជា​ដៃគូ​សន្ទនា​របស់​អាស៊ាន​នៅ​ឆ្នាំ​១៩៩១ និង​បាន​ក្លាយជា​ដៃគូ​សន្ទនា​ពេញសិទ្ធិ​នៅ​ឆ្នាំ​១៩៩៦​។ រយៈពេល​ជាង​២​ទសវត្សរ៍​នេះ ចិន ពិតជា​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​អាស៊ាន និង​ប្រទេស​កំពុងអភិវឌ្ឍន៍​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។​

​តាមពិតទៅ ដៃគូ​សន្ទនា​របស់​អាស៊ាន សរុប​មាន​១០​ភាគី រួមមាន អូស្ត្រាលី កាណាដា ចិន សហភាព​អឺរ៉ុប ឥណ្ឌា ជប៉ុន ណូ​វែ​ល​ហ្សេ​ឡង់ កូរ៉េខាងត្បូង រុស្ស៊ី និង​សហរដ្ឋអាមេរិក​។ តែ​ក្នុងចំណោម​ដៃគូ ទាំង​១០​នេះ ចិន គឺជា​គូ​ដៃ​ពាណិជ្ជកម្ម​ដ៏​បំផុត​របស់​អាស៊ាន​។​

​យោងតាម China Briefing និង ASEAN China Centre ចិន បាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់ អាស៊ាន​ចាប់តាំងពី​ឆ្នាំ​២០០៩ ហើយ អាស៊ាន ក៏បាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​លំដាប់​ទី​៣​របស់​ចិន ផងដែរ​។ ក្នុង​ឆ្នាំ​២០១៤ ទំហំ​ពាណិជ្ជកម្ម​រវាង​ចិន និង​អាស៊ាន បានសម្រេច​រហូត​ទៅដល់ ៤៨០.៤ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​ក្នុងនោះ ទំហំ​ពាណិជ្ជកម្ម​នៃ​ការនាំចេញ​របស់​ចិន​មកកាន់ អាស៊ាន​មាន​ទំហំ​ប្រមាណ ២៧២.១ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ខណៈ​ទំហំ​ពាណិជ្ជកម្ម​នៃ​ការនាំ ចេញ​របស់​អាស៊ាន​ទៅ​ចិន​វិញ សម្រេចបាន​ប្រមាណ​២០៨.៣ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។

​ជាមួយគ្នានេះ​ផងដែរ តាមរយៈ​កិច្ចសហការ​ជាមួយ​ចិន អាស៊ាន និង​រដ្ឋ​អាស៊ាន ទទួលបាន​ផល​ប្រ យោជន៍​ជាច្រើន ពី​គម្រោង និង​គំនិត​ផ្តួចផ្តើម​ដែល​បង្កើតឡើង​ដោយ​ចិន​ក្នុង​ដំណើរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​អាស៊ាន​។ គំនិត​ផ្តួចផ្តើម​ទាំងនោះ មានដូចជា គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​មួយ និង​វិថី​មួយ (OBOR = One Belt One Road)  ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (AIIB) និង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ក្នុង​តំបន់​គ្រប់​ជ្រុងជ្រោយ  (RCEP) ដែលជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​ដែល​ចិន និង​អាស៊ាន ដែល​គ្រោង​នឹង​បញ្ចប់​ការចរចា​នៅ​ឆ្នាំ​២០១៦​នេះ​។

​បើទោះបីជា​ចិន គឺជា​ដៃគូ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​អាស៊ាន​ក៏ដោយ ភាគី​ទាំងពីរ នៅតែ មាន​បញ្ហា​ស្រពេចស្រពិល​ជាមួយនឹង​គ្នា​មួយចំនួន ដែល​បញ្ហា​នេះ ធ្វើ​ឲ្យ​អាស៊ាន​-​ចិន មិនអាច​បង្កើត ទំនុកចិត្ត​ឲ្យ​គ្នា​បាន​ពេញលេញ​។ ហើយ​បញ្ហា​នោះ​គឺ ជម្លោះ​ដែន​អធិបតេយ្យ​សមុទ្រ​ចិន​ខាងត្បូង​។ ចិន បានទាមទារ​ស្ទើរតែ​តំបន់​ទាំងស្រុង​នៃ​តំបន់​ជម្លោះ​ដោយ​ផ្អែក​តាម​កត្តា​ប្រវត្តិសាស្ត្រ ខណៈ​រដ្ឋ​ពាក់ព័ន្ធ​អាស៊ាន​ដូចជា ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម បានទាមទារ​ដោយ​យោងតាម​កត្តា​ច្បាប់​(​អនុ​ញ្ញា​ស្តីពី​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២)​។

​កន្លងមក​ដោយសារតែ​ជម្លោះ​ដ៏​ចម្រូងចម្រាស​នេះ បានធ្វើ​ឲ្យ​កិច្ចប្រជុំ​អាស៊ាន និង​ចិន បាន​ក្លាយជា​សមរភូមិ​មួយ​ក្នុង​ការដំឡើង​សរសៃ​ក​ដាក់គ្នា​។ ជាពិសេស​នោះ​ហ្វីលីពីន​និង​វៀតណាម​តែងតែ​ប្រឈមមុខគ្នា​ខ្លាំង​ជាមួយនឹង​ចិន​ជាច្រើនលើក​ច្រើនសារ​មក​ហើយ​។ យ៉ាងណាក៏ដោយ បើ​អាស៊ាន មិន​បែងចែក​ពី​បញ្ហា​ជម្លោះ​ជាមួយនឹង​កិច្ចការ​ពាណិជ្ជកម្ម​ជាមួយនឹង​ចិន​នោះទេ នោះ​វា​ធ្វើ​ឲ្យ​កិច្ចការ នឹងត្រូវ​អន់ថយ និង​បាត់បង់​ផលប្រយោជន៍​ទៀតផង​៕


© រក្សាសិទ្ធិដោយ thmeythmey.com