អន្តរជាតិ
ជម្លោះ​និកាយ​ស៊ូ​នី​និង​ស៊ី​អ៊ី​ត​នៅតែ​ជា​បញ្ហា​ចោទ​នៅ​មជ្ឈិមបូព៌ា​
05, Jan 2016 , 4:48 pm        
រូបភាព
​ការប្រហារជីវិត​មេដឹកនាំ​និកាយ​ស៊ី​អ៊ី​ត Sheikh Nimr al-Nimr ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត បានធ្វើ​ឲ្យ​វិបត្តិ​ប្រេះឆា​ក្នុង​ពិភព​ឥស្លាម កាន់តែ​ធំ​ទៅៗ ។ ហើយ​មេដឹកនាំ​ប្រទេស​ប្រកាន់​និកាយ​ស៊ី​អ៊ី​ត​ជាច្រើន បានប្រកាស​ថ្កោលទោស​សកម្មភាព​នេះ ថែមទាំង​ប្រកាស​សងសឹក​ទៀតផង ។ តើ​អ្វី​ជា​មូល​ហេតុដែល​នាំ​ឲ្យ​ឥស្លាម​សាសនា​បែក​ជា​ពីរ ? តើ​និកាយ​ណាមួយ​មាន​អ្នកដើរ​តាមច្រើន​ជាងគេ ?



​សាសនា​ឥស្លាម បាន​បែក​ជា​ពីរ​និកាយ ក្រោយ​ការស្លាប់​របស់​ព្យា​ការី ម៉ូ​ហា​ម៉ាត់​នៅ​ឆ្នាំ​៦៣២  ។ ការ​បែកខ្ញែក​នេះ​បង្កើតជា​ជម្លោះ ដោយសារ​គេ​ត្រូវ​ជ្រើសរើស​អ្នក​ស្នង​តំណែង​ព្យា​ការី​ម៉ូ​ហា​ម៉ាត់ ហើយ​ព្យា​ការី​ម៉ូ​ហា​ម៉ាត់​មិនបាន​តែងតាំង​អ្នក​ស្នង​តំណែង​នោះទេ ។​

 អ្នក​ស្នង​តំណែង​គួរតែ​ជ្រើសរើស​ដោយ​មតិ​ឯកច្ឆន្ទ​ក្នុងចំណោម​មនុស្ស​ជំនិត​របស់​ព្យា​ការី ម៉ូ​ហា​ម៉ាត់ តែមាន​មនុស្ស​ខ្លះ​ចង់​ឲ្យ​កូនចៅ​របស់​ព្យា​ការី​ម៉ូ​ហា​ម៉ាត់ ស្នង​តំណែង​ជំនួស ។ ការខ្វែងគំនិត​លើ​អ្នក​ស្នង​តំណែង​ព្យា​ការី​ម៉ូ​ហា​ម៉ាត់ បានធ្វើ​ឲ្យ​សាសនា​នេះ​បែង​ចែកជា​ពីរ​និកាយ​រហូតមក ។

​មកដល់​សព្វថ្ងៃនេះ ពោលគឺ​ក្រោយ​ការបែកបាក់​គ្នា​ជាង​១​ពាន់​ឆ្នាំ​ទៅហើយ អ្នក​ប្រកាន់​និកាយ​ទាំងពីរ​នៅតែ​មើលមុខ​គ្នា​មិនត្រូវ​ដដែល ។ ហើយ​ការមិន​ត្រូវរ៉ូវ​គ្នា​នេះ កើតឡើង​ចាប់​តាំង​ចំណោម​ប្រជាជន​ធម្មតា​រហូតដល់​ថ្នាក់ដឹកនាំ​ប្រទេស​ទៅទៀត ។ តែបើ​យើង​និយាយ​ពី​ចំនួន​អ្នកប្រតិបត្តិ​វិញ និកាយ​ស៊ូ​នី​មាន​អ្នកដើរ​តាម​ដល់​ទៅ​ជាង​១.៥​ពាន់​លាន​នាក់ ហើយ​ពួកគេ​ភាគច្រើន​រស់នៅ​ប្រទេស​ស៊ី​រី អេ​ហ្ស៊ី​ប អា​រ៉ា​ប៊ី សា​អូឌីត ហ្សកដានី ជាដើម ។​

​ចំណែក​និកាយ​ស៊ី​អ៊ី​ត​វិញ អ្នកគាំទ្រ​មាន​ចំនួន​តែ​ប្រមាណ​២០០​លាន​នាក់​តែប៉ុណ្ណោះ ។ ប្រទេស​ដែលមាន​ប្រជាជន​កាន់​និកាយ​ស៊ី​អ៊ី​ត​មាន​អ៊ីរ៉ង់ អ៊ីរ៉ាក់ និង​បា​រ៉ែ​ន ។ តែ​នៅតាម​ប្រទេស​មួយចំនួនទៀត ក៏មាន​សហគមន៍​អ្នក​កាន់​និកាយ​ស៊ី​អ៊ី​ត​ភាគច្រើន​រស់នៅ​ផងដែរ​ដូចជា អា​ហ្វ​ហ្កា​នី​ស្ថាន អា​រ៉ា​ប៊ី​សា​អី​ឌី​ត តួ​ក​គី និង​ប្រទេស​នៅ​តំបន់​អារ៉ាប់​ផង ។​

​ប៉ុន្តែ​រឿង​ដែល​បង្ក​ឲ្យ​មាន​ជម្លោះ​គឺ​ការប្រកួតប្រជែង​រវាង​និកាយ​ទាំងពីរ​លើ​ឆាកនយោបាយ​តែម្ដង ។ ជាក់ស្ដែង​នោះ គឺ​កា​ប្រជែង​ពង្រីក​ឥទ្ធិពល​ក្នុង​តំបន់​រវាង​អ៊ីរ៉ង់​ដែល​ប្រកាន់​និកាយ​ស៊ី​អ៊ី​ត​និង​អា​រ៉ា​ប៊ី​សា​អូឌីត​ដែល​និយម​និកាយ​ស៊ូ​នី ។ គេ​អាច​មើលឃើញ​ការ​ប្រជែង​ឥទ្ធិពល​រវាង​មហាអំណាច​តំបន់​ទាំងពីរ​នេះ​ក្នុង​ជម្លោះ​ដែល​កំពុងពុះ​កញ្ជ្រោល​នៅ​តំបន់ ។

​នៅលើ​ករណី​ជម្លោះ​នៅ​យេ​ម៉ែន ក្រុម​ឧទ្ទាម​ស៊ី​អ៊ី​ត Houthis ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​បាន​ផ្ដួល​រលំ​រដ្ឋាភិបាល​ប្រកាន់​និកាយ​ស៊ូ​នី ដែល​ក្រោយមក​អា​រ៉ា​ប៊ី​សា​អូឌីត​ក៏បាន​បង្កើត​ទ័ព​សម្ព័ន្ធ​អារ៉ាប់​ចូល​ជួយ​ស្ដារ​ស្ថានការណ៍​ឡើងវិញ ។ រឿង​ស្រដៀង​គ្នា​ក៏​កំពុងតែ​កើតឡើង​នៅឯ​ទឹកដី​ស៊ី​រី​ដែរ ដោយ​រដ្ឋាភិបាល​ស៊ី​អ៊ី​ត​របស់លោក អាសាដ បន្ត​ក្រាញ​អំណាច​គ្រប់គ្រង​លើ​ប្រជាជន​ដែល​ភាគច្រើន​ជា​ជន​ស៊ូ​នី ។

​ជាពិសេស​នោះ ការប្រហារជីវិត​ថ្នាក់ដឹកនាំ​ស៊ី​អ៊ី​ត​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត នឹង​កាន់តែ​ធ្វើ​ឲ្យ​ជម្លោះ បែង​បែក​រវាង​និកាយ​ទាំងពីរ​នេះ​កាន់តែ​ធំ​ទៀតហើយ ។ នេះ​ក៏ដោយ​សារ​ប្រទេស ក៏ដូចជា​ប្រជាជន​ប្រកាន់​និកាយ​ស៊ី​អ៊ី​ត​បាន​តវ៉ា​ប្រឆាំងនឹង​អាជ្ញាធរ​អា​រ៉ា​ប៊ី​សា​អូឌីត រហូតដល់​មានការ​វាយប្រហារ​លើ​ស្ថានទូត​អា​រ៉ា​ប៊ី​សា​អូឌីត​ប្រចាំ​ទីក្រុង​តេ​ហេ​រ៉ង់​ទៀតផង ។

​ជាការ​ឆ្លើយតប​នោះ ប្រទេស​កាន់​និកាយ​ស៊ូ​នីមួយ​ចំនួន​ដូចជា​អា​រ៉ា​ប៊ី​សា​អូឌីត បា​រ៉ែ​ន​និង​ស៊ូដង់​បានប្រកាស​ផ្ដាច់ទំនាក់ទំនង​ការទូត​ជាមួយ​អ៊ីរ៉ង់ ខណៈ​ប្រទេស​អារ៉ាប់​រួម​បាន​ទម្លាក់​ទំនាក់ទំនង​ការទូត​នេះ ។ សញ្ញា​ទាំងនេះ​សបញ្ជាក់​ថា ចាប់តាំងពី​ព្យា​ការី​ម៉ូ​ហា​ម៉ាត់​ស្លាប់​នៅ​ឆ្នាំ​៦៣២ មក និកាយ​ស៊ូ​នី​និង​និកាយ​ស៊ី​អ៊ី​ត​នៅតែ​ឈ្លោះ​គ្នា និង​បែងចែក​គ្នា​ដដែល ៕       


Tag:
 ស៊ូ​នី​
  ស៊ី​អ៊ី​ត
© រក្សាសិទ្ធិដោយ thmeythmey.com