អន្តរជាតិ
ប៉ូឡូញ​ពង្រឹងកម្លាំង​ទ័ព និង​ស្នើ​ណា​តូ​ឲ្យ​ដាក់​មូលដ្ឋាន​យោធា​ទប់ទល់​រុស្ស៊ី​
05, Jan 2016 , 8:59 pm        
រូបភាព
​រដ្ឋាភិបាល​ប៉ូឡូញ​បានប្រកាសថា ខ្លួន​នឹង​បង្កើត​អង្គភាព​យោធា​ថ្មី​ចំនួន​បី​ដែល​នឹង​ទទួលបន្ទុក ការពារ​ព្រំដែន​នៅ​ភាគ​ខាងកើត​ដែល​នៅ​មិន​ឆ្ងាយ​ពី​រុស្ស៊ី​ដើម្បី​ការពារ​ខ្លួន​។  ការ​ឈានទៅ​ពង្រឹង​កម្លាំងយោធា​តាម​ព្រំដែន​ជាប់​រុស្ស៊ី កើតឡើង​ក្រោយពេល​ប៉ូឡូញ​ស្នើ​ឲ្យ​បក្សសម្ព័ន្ធ​យោធា​ណា​តូ​សាង​មូលដ្ឋានទ័ព​អចិន្ត្រៃយ៍​នៅ​អឺរ៉ុប​កណ្តាល​និង​អឺរ៉ុប​ខាងកើត​នៅ​កិច្ចប្រជុំ​ខាងមុខ​។



​ក្នុង​ឆ្នាំ​ថ្មី​នេះ រដ្ឋាភិបាល​ប៉ូឡូញ​បានសម្រេច​ពង្រឹងកម្លាំង​យោធា​របស់ខ្លួន​ដោយ​បង្កើត​អង្គភាព​ទ័ព​ថ្មី​ដែល​នឹង​ទទួលបន្ទុក​ការពារ​ព្រំដែន​នៅ​ភាគ​ខាងកើត ។ ប៉ូឡូញ បារម្ភ​ពី​បញ្ហា​សន្តិសុខ​របស់ខ្លួន  ក្រោយ​រុស្ស៊ី​ឈ្លានពាន​អ៊ុយ​ក្រែ​ន​និង​ក្រសោប​យក​ទឹកដី Crimea ពី​អ៊ុយ​ក្រែ​ន​ក្នុង​ឆ្នាំ ២០១៤ និង​ការបន្ត​អូសបន្លាយ​ជម្លោះ​នៅ​ព្រំដែន​អ៊ុយ​ក្រែ​ន​-​រុស្ស៊ី​រហូតដល់​បច្ចុប្បន្ន​នេះ​។

​យោងតាម​សារព័ត៌មាន​រុស្ស៊ី  Sputnik រដ្ឋាភិបាល​ប៉ូឡូញ​ក៏​ត្រៀម​បង្កើន​ចំនួន​កងទ័ព​របស់ខ្លួន​ពី ៨​ម៉ឺន​នាក់ ឲ្យ​ដល់​១៥​ម៉ឺន​នាក់​ក្នុងឆ្នាំនេះ​ផង​។ ការបង្កើន​ចំនួន​ទ័ព​នេះ​ស្ថិតក្រោម​គោល នយោបាយ​ថ្មី​របស់​រដ្ឋាភិបាល​ប៉ូឡូញ ដើម្បី​ត្រៀមលក្ខណ​ទប់ទល់​ការគំរាមកំហែង​ផ្នែក​សន្តិសុខ ជាពិសេស​ពី​រុស្ស៊ី​តែម្តង​។​ជុំវិញ​ការ​សាង​កម្លាំង​ទ័ព​ភាគ​ខាងកើត​នេះដែរ រដ្ឋមន្ត្រី​ការពារជាតិ​ប៉ូឡូញ​លោក Antoni Macierewicz បាន​លើកឡើងថា វា​ដល់​ពេលដែល​កងទ័ព​ប៉ូឡូញ​ត្រូវ​ងាក​មក​ផ្តោត​ការយកចិត្តទុកដាក់​លើ​ព្រំដែន​ភាគ​ខាងកើត​វិញ​ម្តង មិនមែន​នៅ​ភាគ​លិច​ដូច​ឆ្នាំ ១៩៨៩​ឡើយ​។​

​ក្រៅពី​កសាង​កម្លាំង​ទ័ព​ផ្ទាល់ខ្លួន រដ្ឋាភិបាល​ប៉ូឡូញ​ក៏បាន​ស្នើសុំ​ឲ្យ​បណ្តា​សមាជិក​បក្សសម្ព័ន្ធ​យោធា​ណា​តូ យកចិត្តទុកដាក់​លើ​ប្រទេស​សមាជិក​ដែលមាន​ព្រំដែន​ជាប់​រុស្ស៊ី​ផង​។ ក្នុង​ឆ្នាំ ២០១៥ ណា​តូ​បានសម្រេច​ពង្រាយ​សព្វាវុធ​និង​កងទ័ព​ទ្រង់ទ្រាយ​តូច​ប៉ុណ្ណោះ​ទៅ​ឈរជើង​នៅ​អឺរ៉ុប​ខាងកើត ហើយ​សកម្មភាព​សមយុទ្ធ​យោធា​ក៏​ទើប​លេចចេញ​ឡើង​ញឹកញាប់​ក្រោយ​រុស្ស៊ី​ឈ្លានពាន​អ៊ុយ​ក្រែ​ន​នេះដែរ​។

​រដ្ឋមន្ត្រី​ប៉ូឡូញ​បានស្នើ​ឲ្យ​ណា​តូ​ប្រើប្រាស់​វេទិកា​កិច្ចប្រជុំ​ខាងមុខ​នៅ​ទីក្រុង​វ៉ា​សូវី ដើម្បី​ជជែក​គ្នា​ពី​បញ្ហា​សន្តិសុខ​របស់​សមាជិក​ណា​តូ​នៅ​អឺរ៉ុប​ខាងកើត​។ កន្លងមក​ប៉ូឡូញ​បាន​ក្លាយជា​សមាជិក​ណា​តូ​ឆ្នាំ ១៩៩៧ ប៉ុន្តែ​ថ្មី​នេះ​ប៉ូឡូញ​ដូចជា​អន់ចិត្ត​ដែរ​ចំពោះ​បក្សសម្ព័ន្ធ​ណា​តូ​។ នេះ​ក៏​ព្រោះថា តាំងពី​យូរ​មកហើយ​ណា​តូ​ប្រឹង​តែ​បង្កើន​វត្តមាន​ទ័ព​និង​ពង្រឹង​ការការពារ​សន្តិសុខ​នៅ​អឺរ៉ុប​ខាងលិច​តែប៉ុណ្ណោះ​។ គ្មាន​មូលដ្ឋានទ័ព​ណា​តូ​អចិន្ត្រៃយ៍​នៅ​តំបន់​អឺរ៉ុប​ខាងកើត​ឡើង ហើយ​បើ​គ្មាន​ការឈ្លានពាន​របស់​រុស្ស៊ី ក៏​ណា​តូ​មិន​ខ្នះខ្នែង​បញ្ជូន​ទ័ព​និង​សព្វាវុធ​ទៅ​អឺរ៉ុប​ខាងកើត​ដែរ​។​

​យ៉ាងណាមិញ​ការពង្រឹង​អំណាច​យោធា​និង​កសាង​កម្លាំង​ទ័ព​របស់​ណា​តូ​ក្បែរ​ព្រំដែន​រុស្ស៊ី​នឹង​ក្លាយជា​បញ្ហា​ប្រឈម​មួយ​ផ្សេងទៀត ព្រោះ​រុស្ស៊ី​មិនអាច​នៅ​ស្ងៀម​ឡើយ​។​កន្លងមក​រុស្ស៊ី​គំរាម​តបត គម្រោង​ពង្រាយ​អាវុធ​ធុន​ធ្ងន់​របស់​សមាជិក​បក្សសម្ព័ន្ធ​យោធា​ណា​តូ​ទៅ​អឺរ៉ុប​ខាងកើត​។ ហើយ​បើ​មាន​គម្រោង​បែបនេះ​មែន​ការប្រឈមមុខគ្នា​ស្រួចស្រាវ​ផ្នែក​យោធា​អាច​នឹង​កើតឡើង​ផងដែរ​៕  


Tag:
 ប៉ូឡូញ​
 ​ ណា​តូ​
  ​រុស្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com