អន្តរជាតិ
ក្រុង​ព្យុងយ៉ាង​ចំណាយជិត​៣០​ភាគរយ​នៃ​ថវិកាជាតិ​លើ​វិស័យ​យោធា​
05, Jan 2016 , 5:14 pm        
រូបភាព
​កូរ៉េខាងជើង​ប្រហែលជា​រដ្ឋ​តែមួយ​ប៉ុណ្ណោះ​ដែល​ចំណាយ​ថវិកាជាតិ​ច្រើន​រហូតដល់ ១​ភាគ​៤ ដើម្បី​ពង្រឹង​អំណាច​យោធា​របស់ខ្លួន​និង​មាន​កងទ័ព​សម្រាប់​ប្រយុទ្ធ​ជាង​១​លាន​នាក់​។ ប្រជាជន​កូរ៉េខាងជើង​ត្រូវ​រស់នៅ​ដោយ​រងបន្ទុក​ធ្ងន់ធ្ងរ​នេះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​តាំងពី​សង្គ្រាម​កូរ៉េ​ចប់​ផ្លូវការ​ចាប់​តាំង​ឆ្នាំ ១៩៥៣ ។



សូមស្ដាប់ព័ត៌លម្អិតដោយលោក មុំ ពិទូរ្យ​៖



​របាយការណ៍​វាយតម្លៃ​លើ​ការចំណាយ​លើ​យោធា​ពិភពលោក​ឆ្នាំ​២០១៥ ដែល​ចងក្រង​ឡើង​ដោយ​ក្រសួងការបរទេស​អាមេរិក បាន​បង្ហាញថា កូរ៉េខាងជើង​ក្លាយជា​រដ្ឋ​តែមួយ​លើ​លោក​ដែល​ចំណាយ​លើ​វិស័យ​យោធា ច្រើន រហូតដល់ ១ ភាគ ៤ នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់ខ្លួន​ឯណោះ​។

​តាំងពី​សង្គ្រាម​កូរ៉េ​ផុតរលត់​ទៅ កូរ៉េខាងជើង​បន្ត​បង្កើន​ការចំណាយ​លុយ​ច្រើនសន្ធឹក​ដើម្បី​ផលិត​អាវុធ និង​ពង្រឹងសមត្ថភាព​យោធា​រៀងរាល់ឆ្នាំ​។ កូរ៉េខាងជើង និង​កូរ៉េខាងត្បូង​នៅតែ​ស្ថិតក្នុង​ស្ថានភាព​មាន​សង្គ្រាម​នៅឡើយ ព្រោះ​ជារឿយៗ​ប្រទេស​ទាំងពីរ​ប៉ះទង្គិច​គ្នា​តាម​ព្រំដែន​និង​ប្រឈមមុខគ្នា​ដោយ​យោធា​នៅឡើយ​។ ប៉ុន្តែ​ការបន្ត​បង្កើន​សមត្ថភាព​យោធា​របស់​ក្រុង​ព្យុងយ៉ាង​ក្រោម​របប​ដឹកនាំ​ត្រកូល​គីម ដើម្បី​ទប់ទល់​កូរ៉េខាងត្បូង បាន​ក្លាយជា​បន្ទុក​ធ្ងន់ធ្ងរ​បំផុត​សម្រាប់​ប្រជាជន​កូរ៉េខាងជើង​គ្រប់គ្នា​។​

​វា​ជា​បន្ទុក​ធ្ងន់​សម្រាប់​ប្រជាជន​កូរ៉េខាងជើង   ក៏​ដោយសារតែ​ផលិតផល​ក្នុងស្រុក​សរុប​របស់រ​ដ្ឋ​ដ៏​ឯកោ​នេះ​មាន​ទំហំ​ត្រឹម ១៧​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​បើ​គិត​ត្រឹម​ឆ្នាំ ២០១២ ។ ហើយ​តាំងពី​យូរ​មកហើយ សេដ្ឋកិច្ច​កូរ៉េខាងជើង​មិនសូវ​លូតលាស់​សោះ ព្រោះតែ​សេដ្ឋកិច្ច​បិទ​ជិត​និង​រង​ទណ្ឌកម្ម​របស់​សហគម​ន៍​អន្តរជាតិ​។  ប៉ុន្តែ​រដ្ឋ​មួយ​នេះ​មិនបាន​បោះបង់​មហិច្ឆតា​កសាង​អំណាច​យោធា​របស់ខ្លួន​ឡើយ ទោះជា​ប្រឈម​បញ្ហា​សេដ្ឋកិច្ច​បែបនេះ​ក្តី​។ ថវិកា​យោធា​ត្រូវគេ​បង្កើន​រាល់​ឆ្នាំ​ដើម្បី​ផលិត​អាវុធ ខណៈដែល​ប្រជាជន​ជួប​ការលំបាក រកមុខ ខ្វះក្រោយ និង​ប្រឈម​គ្រោះ​ទុរភិក្ស​អត់ឃ្លាន​ជាដើម​ផង​។​

​ទាក់ទិន​ការចំណាយ​លើ​កងទ័ព​និង​សព្វាវុធ បើតាម​របាយការណ៍​ក្រសួងការបរទេស​អាមេរិក​ខាងលើ កូរ៉េខាងជើង​ចំណាយ​ថវិកា ២៣.៨ ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់ខ្លួន​លើ​កងទ័ពជើងគោក ជើង​ទឹក និង​ជើង​អាកាស ​បើ​ប្រៀបធៀប​ជាមួយ​បណ្តា​ប្រទេស​ដែលមាន​អំណាច​យោធា​ខ្លាំងក្លា​ផ្សេងទៀត មានតែ​កូរ៉េខាងជើង​ប៉ុណ្ណោះ​ដែល​ចំណាយ​ថវិកា​ច្រើន​លើសគេ​។ ដូច​ដែរ​ឃើញស្រាប់ កូរ៉េខាងត្បូង​ចំណាយ​ត្រឹម ២.៥ ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់ខ្លួន​ប៉ុណ្ណោះ​។ ចំណែក​សហរដ្ឋអាមេរិក​ដែលជា​មហាអំណាច​យោធា​តែមួយគត់​លើ​លោក​នោះ​ចំណាយ​ថវិកា ៤.៣ ភាគរយ ហើយ​មហា​យក្ស​ចិន​បង្កើន​ចំណាយ​ដល់​ត្រឹម​ប្រហែល​២.១​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប និង​រុស្ស៊ី​ចំណាយ​ថវិកា​ត្រឹម ៣.៧​ភាគរយ​។​

​បើ​ផ្តោតលើ​ចំនួន​កងទ័ព​វិញ កូរ៉េខាងជើង​មាន​កង​ទ័ព​សម្រាប់​ប្រយុទ្ធ​រហូតដល់​ជាង ១​លាន ១​សែន​នាក់​ឯណោះ ខណៈដែល​អាមេរិក​មាន​កងទ័ព​១៤​សែន​នាក់ ហើយ​រុស្ស៊ី​មាន​កងទ័ព​ប្រហែល​១​លាន​នាក់​តែប៉ុណ្ណោះ​៕


Tag:
 កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com