ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឯកឧត្តម សម រង្ស៊ី កំពុង​គិត​ខុស​?
06, Jan 2016 , 9:39 pm        
រូបភាព
​អ្នកវិភាគ​នយោបាយ ចាត់ទុក​ការរំពឹងទុក​របស់ ឯកឧត្តម សម រង្ស៊ី ដែលថា  គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​ទទួលបាន​ការគាំទ្រ​ច្រើន​ដដែល ប្រសិនបើ​ខ្លួន​ត្រឡប់មក​កម្ពុជា​ជិត​បោះឆ្នោត​សកល​នីតិកាល​ទី ៦ ក្តី​នោះ ជាការ​គិត​ខុស​។ អ្នកវិភាគ​យល់ថា យុទ្ធសាស្ត្រ​ដែល​ប្រធាន​បក្សប្រឆាំង​រូបនេះ​កំពុង​រំពឹងទុក​នោះ គឺជា​ការ​យុទ្ធសាស្ត្រ​ដើរ​លើ​គន្លង​ចាស់ ហើយក៏​ជា​យុទ្ធសាស្ត្រ​បរាជ័យ​។



​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​គេចខ្លួន​នៅក្រៅ​ប្រទេស ហើយ​ធ្លាប់​អះអាង​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា បើ​ខ្លួន​បាន​ត្រឡប់មក​កម្ពុជា​វិញ​មុន​ការបោះឆ្នោត​តែ ៤ ឬ ៥ សប្តាហ៍​ក៏​ជាការ​ប្រសើរ​ដែរ សម្រាប់​ខ្លួន​និង​គណបក្ស​សង្គ្រោះ​ជាតិ​។ ឯកឧត្តម សម រង្ស៊ី មានប្រសាសន៍​ដូច្នេះ​ដោយ​សំអាង​លើ​ការបោះឆ្នោត​កាលពី​ឆ្នាំ ២០១៣ កន្លងទៅ ដែល​ខ្លួន​មាន​វត្ត​មានតែ ៩ ថ្ងៃមុន​ការបោះឆ្នោត តែ​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​ទទួលបាន​សំឡេងគាំទ្រ​ច្រើន​។ តែ​ការរំពឹងទុក​របស់​ឯក​ឧ​ត្ត​ម សម រង្ស៊ី ត្រូវ​លោក អ៊ូ វីរៈ អ្នកវិភាគ​នយោបាយ មើលឃើញថា ជាការ​រំពឹងទុក​ខុស និង​អាច​បរាជ័យ​។ លោក អ៊ូ វីរៈ សម្លឹង​ឃើញថា ការប្រកាស​ចូល​ស្រុក​ជិត​ពេល​បោះឆ្នោត​នេះ គឺ​ឯកឧត្តម សម រង្ស៊ី កំពុងមាន​ក្ដី​រំពឹងគិតថា​ខ្លួន​នឹង​ទទួលបាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ច្រើន​ដូច​កាលពី​ឆ្នាំ​២០១៣​ម្ដងទៀត តែ​ក្ដី​រំពឹង​នេះ​គឺ​នឹង​អាច​ឲ្យ​ប្រធាន​គណបក្សប្រឆាំង​រូបនេះ​ខកចិត្ត ហើយក៏​នៅតែ​ក្លាយជា​បក្សប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា​ទៀត​ដែរ មិនអាច​ក្លាយជា​បក្ស​ដឹកនាំ​រដ្ឋាភិបាល​ឡើយ។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកវិភាគ​នយោបាយ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​យុទ្ធសាស្ត្រ​មួយ​នេះ គឺ​គាត់​ចង់​ឲ្យ​មានការ​ចចារ​មុន​បោះឆ្នោត ធ្វើ​យ៉ាងម៉េច​ឲ្យ​គាត់​ចុះមក​មាន​អ្នក​ហែហម​តាមផ្លូវ​ទទួល​ពី​ព្រលានយន្តហោះ ដើម្បី​ក្លាយជា​នយោបាយ​ឃោសនា​មួយ  ដូច​ឆ្នាំ ២០១៣ ដែរ​។ ប៉ុន្ដែ​ខ្ញុំ​មើលទៅ​ដូចជា​ការរំពឹងទុក​ខុស ហើយ​ជាការ​រៀបចំ​យុទ្ធសាស្ត្រ​ដដែល ហើយ​អាច​បរាជ័យ ដោយសារតែ​មនុស្ស​អាច​មិន​ឆ្លើយតប​ដូច​ការគិត​រប​ស់គា​ត់ទេ​»​។​

​ជាមួយគ្នា​លោក សូ ចន្ថា ក៏​មើលឃើញ​ដូច​លោក អ៊ូ វីរៈ ដែរ​។ អ្នកវិភាគ​រូបនេះ យល់ថា យុទ្ធសាស្ត្រ​របស់​ឯកឧត្តម សម រង្ស៊ី គឺ​មិនទាន់​អាច​យកទៅ​ប្រកួតប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​នៅឡើយ​ទេ ហើយ​យុទ្ធ​សា​ស្ត្រ​នេះ​មិនមែនជា​មធ្យោបាយ​ល្អ សម្រាប់​ឯកឧត្តម សម រង្ស៊ី ឡើយ ពោលគឺ​រឹតតែ​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ចាញ់ឆ្នោត​នៅ​អាណត្តិ​ក្រោយ​ទៀត​។ លោក សូ ចន្ថា បន្ថែមថា គណបក្សកាន់អំណាច​នៅមាន​លទ្ធភាព​ច្រើនជាង​គណបក្សប្រឆាំង​ក្នុងការ​ទាក់ទាញ​ចិត្ត​អ្នកគាំទ្រ តាមរយៈ​ការ​កំណែទម្រង់​ស៊ីជម្រៅ​បន្ថែមទៀត​។​«​ខ្ញុំ​មិនទាន់​ឃើញ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​យុទ្ធសាស្ត្រ​ថ្មី​ឡើយ​។​បើ​គណបក្ស​នេះ​មានការ​ផ្លាស់ប្ដូរ​យុទ្ធសាស្ត្រ​ថ្មី នោះ​ទើប​អាច​ប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​បាន​។ ហើយ​គណបក្ស​ប្រជាជន​នៅតែមាន​អទិភាព​ក្នុងការ​ឈ្នះឆ្នោត​ទៀត បើសិនជា​គណបក្ស​មួយ​នេះ​កែទម្រង់​ស៊ីជម្រៅ​ជាង​នេះ​បន្ថែមទៀត​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក សូ ចន្ថា​។​

​អ្នកវិភាគ​ទាំងពីរ​រូបនេះ មើលឃើញថា អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​មួយចំនួន ក៏​កំពុង​បាក់​ទឹកចិត្ត នឹង​មេដឹកនាំ​បក្ស​នេះ ហើយ​គណបក្ស​ក៏​អាចមាន​បញ្ហា​បែកបាក់​ផ្ទៃក្នុង​ដែរ បើ​មិនមាន​យុទ្ធសាស្ត្រ​ថ្មី​ទប់ស្កាត់​ស្ថានការណ៍​នេះ​។ លោក អ៊ូ វីរៈ លើកឡើងថា ទោះជា​ឯកឧត្តម សម រង្ស៊ី កំពុង​គេចខ្លួន​នៅក្រៅ​ប្រទេស​ក៏ដោយ តែ​ប្រធានស្ដីទី​គណបក្ស ឯកឧត្តម កឹម សុខា គួរតែរៀបចំ​យុទ្ធសាស្ត្រ​ថ្មី​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ទប់ស្កាត់​អ្នកគាំទ្រ​កុំ​ឲ្យ​បែកចិត្ត​ចេញពី​បក្ស​ខ្លួន នឹង​ទាក់ទាញ​ចិត្ត​អ្នកគាំទ្រ​ថ្មី​បន្ថែមទៀត​។ តែ​មិនមែនជា​យុទ្ធសាស្ត្រ​ចេះតែ​ដើរ​រិះគន់​គេ​នោះឡើយ​។​

​កន្លងមក​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃ​អ៊ាង ធ្លាប់បាន​បញ្ជាក់ថា ឯកឧត្តម សម រង្ស៊ី នឹង​វិលត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ ហើយ​គណបក្ស​លោក នឹង​ខិតខំ​ធ្វើ​កិច្ចការ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ឲ្យ​មាន​ដំណោះស្រាយ​ដោយ​សន្តិវិធី​។  លោក អ៊ាង ឆៃអ៊ាង លើកឡើងថា បើទោះជាប្រធានគណបក្សខ្លួន កំពុង​នៅក្រៅ​ប្រទេស​ក៏ដោយ ក៏​មិនមែនជា​មូល​ហេតុដែល​ធ្វើ​ឲ្យ​គណបក្ស​ បាត់បង់​ការគាំទ្រ​នោះទេ​។ លោក​ថា អ្នកគាំទ្រ​គណបក្ស​លោក​នឹងមិន​អន់ចិត្ត ឬ​គិតថា ឯកឧត្តមសម រង្ស៊ី កំសាក​ឡើយ ព្រោះ​ពួកគេ​គិតថា ឯកឧត្តម សម រង្ស៊ី គឺជា​អ្នកនយោបាយ​ដែល​អាចជួយ​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ និង​ដំណើរការ​អភិវឌ្ឍ​ប្រទេស​៕


Tag:
 សម រង្ស៊ី​
  អ៊ូ វីរៈ​
  សូ ចន្ថា
© រក្សាសិទ្ធិដោយ thmeythmey.com